មន្រ្តីក្លិប Man Utd ស្នើដល់ម្ចាស់ក្លិបតែងតាំងលោក Carrick ជាអ្នកចាត់ការទូទៅអចិន្រ្តៃយ៍
14-05-2026 10:29
(មេនឆេស្ទើ)៖ លោក Omar Berrada ប្រធាននាយកប្រតិបត្តិ Manchester United បានកំពុងបញ្ចុះបញ្ចូលម្ចាស់ក្លិបបិសាចក្រហម លោក Sir Jim Ratcliffe ក្នុងការតែងតាំងលោក Michael Carrick ជាគ្រូបង្វឹកពេញសិទ្ធិរបស់ពួកគេចាប់ពីរដូវកាលក្រោយតទៅ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា គ្រូបង្វឹក Carrick វ័យ ៤៤ឆ្នាំ ដែលធ្លាប់លេងឱ្យ Man Utd បានចំនួន ៤៦៣ប្រកួតសរុបផងនោះ កាលនៅជាកីឡាករ បានស្ថិតក្នុងការចាប់អារម្មណ៍ជាខ្លាំង ដើម្បិតែងតាំងជាគ្រូអចិន្រ្តៃយ៍តែម្តង បន្ទាប់ពីវិលទៅកាន់ពានអឺរ៉ុប UCL រដូវកាលក្រោយឡើងវិញ ក្នុងនាមគ្រូបង្វឹកបណ្តោះអាសន្នផងទេដល់ចប់រដូវកាលនេះ។
អតីតក្រុមខ្លាំងប្រចាំទីក្រុង Manchester របស់អង់គ្លេសមួយនេះ បានព្យាយាមពន្យារពេល ក្នុងការសម្រេចចិត្តតែងតាំងអ្នកចាត់ការថ្មីពេញសិទ្ធិរបស់ពួកគេនៅកីឡដ្ឋាន Old Trafford រហូតដល់ចប់រដូវកាលនេះ ក្រោយពេលដកលោក Ruben Amorim ចេញពីតំណែងកាលពីខែមករា ឆ្នាំ២០២៦។
លោក Carrick ដែលបានវិលមកដឹកនាំ Man Utd ជាលើកទី២ ក្នុងនាមគ្រូបង្វឹកបណ្តោះអាសន្នផងនោះ បានជួយបិសាចក្រហមលេងឈ្នះ ១០លើក ក្នុងចំណោម ១៥ប្រកួត ដោយចាញ់តែ ២លើកប៉ុណ្ណោះ តាំងពីឈរលេខរៀងទី៧ មកកាន់តំណែងលេខ៣ ដែលជាតំបន់កៅអី UCL 2026-27 ផងដែរ ក្រោយអាក់ខាន ២រដូវកាលរួចមក។
ឆ្លងតាម ៧ប្រកួតមិនចាញ់ដែលបានបញ្ចប់ក្នុងខែមីនា ដោយក្នុងនោះ Man Utd បានលេងឈ្នះ Aston Villa, Chelsea និង Liverpool ដែលជាជ័យជម្នះធានាបានកៅអី UCL ក្នុងការបង្ហាញខ្លួនក្នុងពានធំនៅអឺរ៉ុបឡើងវិញ នៃវគ្គ League Phase ក្នុងចំណោម ៣៦ក្រុមសរុប៕



