វត្តមានដ៏កម្រនៃកំពូលមហាសេដ្ឋីលំដាប់ពិភពលោកលើទឹកដីនៃប្រទេសចិន នាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់វិស័យបច្ចេកវិទ្យា

14-05-2026 11:46

(បរទេស)៖ កំពូលអ្នកជំនួញដែលមានឥទ្ធិពលបំផុតនៅក្នុងគណៈប្រតិភូរបស់លោក Trump រួមមានលោក Jensen Huang (ស្ថាបនិកក្រុមហ៊ុន Nvidia) និងលោក Elon Musk (ស្ថាបនិកក្រុមហ៊ុន Tesla) បានបង្ហាញវត្តមាននៅលើជណ្ដើរនៃសាលវិមានប្រជាជនចិន ក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ។

ស្ថាបនិកក្រុមហ៊ុន Nvidia លោក Jensen Huang គឺជាសមាជិកដែលត្រូវបានបន្ថែមឈ្មោះនៅនាទីចុងក្រោយ ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដ្បិតរូបលោកមិនមានឈ្មោះនៅក្នុងបញ្ជីដើមរបស់សេតវិមានសម្រាប់ដំណើរទស្សនកិច្ចនេះឡើយ។ វត្តមានរបស់លោក Huang កំពុងតែផ្ដល់ក្ដីសង្ឃឹមថា អាចនឹងមានចលនារុញច្រានសារជាថ្មី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ Nvidia ដែលបានជាប់គាំងជាយូរមកហើយ ក្នុងការលក់បន្ទះឈីប AI ប្រភេទ H200 ទៅកាន់ទីផ្សារប្រទេសចិន។ បញ្ហានេះគឺជាចំណុចស្នូលនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ខណៈដែលប្រទេសទាំងពីរប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងទីផ្សារ AI ពិភពលោក។ នាពេលកន្លងមក រដ្ឋាភិបាលវ៉ាស៊ីនតោន បានរឹតបន្តឹងការនាំចេញបន្ទះឈីបដ៏ទំនើបបំផុតរបស់ Nvidia ក្រោមហេតុផលសន្តិសុខជាតិ ដែលធ្វើឱ្យក្រុមហ៊ុនចិនមានកម្រិតក្នុងការទទួលបានបច្ចេកវិទ្យាទាំងនេះ។

ទោះបីជារដ្ឋបាលលោក Trump បានបន្ធូរបន្ថយការរឹតបន្តឹងខ្លះកាលពីចុងឆ្នាំមុន និងបានអនុញ្ញាតឱ្យមានការលក់បន្ទះឈីប H200 ក៏ដោយ ក៏រហូតមកដល់ពេលនេះ Nvidia មិនទាន់សម្រេចបានការលក់សូម្បីតែមួយគ្រាប់នៅក្នុងប្រទេសចិន។ ទីផ្សារប្រទេសចិនធ្លាប់បានរួមចំណែកដល់ទៅ ១៣ភាគរយ នៃចំណូលសរុបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។ លោក Huang គឺជាអ្នកដែលតែងតែបញ្ចេញមតិយ៉ាងសកម្មក្នុងការរក្សាការទទួលបានទីផ្សារប្រទេសចិន ទោះបីជាទីក្រុងប៉េកាំងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងឧស្សាហកម្មពាក់កណ្ដាលចម្លង (Semiconductor) ដោយខ្លួនឯងក៏ដោយ។

ក្រោយបញ្ចប់កិច្ចប្រជុំនៅថ្ងៃនេះ លោក Huang បានមានប្រសាសន៍ថា ប្រធានាធិបតីទាំងពីរ «ពិតជាអស្ចារ្យណាស់»។ ចំណែកលោក Musk បានប្រាប់អ្នកយកព័ត៌មានថា កិច្ចប្រជុំនេះគឺ «អស្ចារ្យណាស់» ខណៈដែលលោក Tim Cook របស់ក្រុមហ៊ុន Apple បានបង្ហាញមេដៃ (សញ្ញាពេញចិត្ត) ទៅកាន់អ្នករាយការណ៍ព័ត៌មានផងដែរ។

គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបគ្នានៅឯវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយមានវត្តមានដ៏កម្រនៃកំពូលមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ពិភពលោកជាច្រើនអមដំណើរមកជាមួយ។ នេះជាដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកដំបូងបំផុតរបស់លោក ដូណាល់ ត្រាំ ចាប់តាំងពីឆ្នាំ២០១៧ ហើយវាក៏នឹងក្លាយជាជំនួបទល់មុខលើកដំបូងផងដែរ រវាងមេដឹកនាំនៃមហាអំណាចទាំង២ បន្ទាប់ពីបានជួបគ្នាក្នុងកិច្ចប្រជុំមួយនាឱកាសចូលរួមកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែតុលា ឆ្នាំ២០២៥៕