អាជីពប្រដាល់របស់ Paul ស្ថិតក្នុងមន្ទិល ក្រោយត្រូវបាន Joshua វាយបាក់ថ្គាម
14-05-2026 14:00
(បរទេស)៖ កីឡាករប្រដាល់សកល Jake Paul បាននិយាយថា អាជីពលើសង្វៀនរបស់លោកបានធ្លាក់ចូលក្នុងភាព មិនច្បាស់លាស់ឡើយ ដោយសារតែបញ្ហារបួសបាក់ថ្គាមជាទម្ងន់ នៅអំឡុងពេលប្រកួតចាញ់កីឡាករអង់គ្លេស Anthony Joshua កាលពីខែធ្នូ ឆ្នាំ២០២៥។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Paul ដែលបានវិវត្តន៍ខ្លួនក្លាយជាកីឡាករប្រដាល់អាជីពនាអំឡុងឆ្នាំ២០២០ មកនោះ បានរងរបួសបាក់ធ្មេញថ្គាម២ និងមានធ្មេញខ្លះទៀតត្រូវបានដកចេញផងដែរ ក្រោយ Joshua វាយត្រូវកាលពីប្រកួតមិត្តភាពប្រភេទទម្ងន់ធ្ងន់នាទីក្រុង Maimi សហរដ្ឋអាមេរិកកាលពីចុងឆ្នាំមុន។
Paul ដែលជាអតីតតារា YouTube ប្រែក្លាយជាអ្នកប្រដាល់អាជីព បានបង្ខំចិត្តចុះចាញ់ក្រោមកណ្តាប់ដៃរបស់អតីត ម្ចាស់ខ្សែក្រវាត់ពិភពលោក ២សម័យ Joshua នៅពេលពិនិត្យពីបញ្ហារបួសពុំអាចបន្តការប្រកួតទៀតបាន។
លោកថា «ពេលថ្មីៗនេះ ខ្ញុំបានពិនិត្យបន្ថែមពីបញ្ហារបួសថ្គាម ដើម្បីឱ្យប្រាកដក្នុងចិត្តអំពីការព្យាបាល និងជាសះស្បើយឡើងវិញ។ ទាំងគ្រូពេទ្យ រួមទាំងខ្ញុំមិនប្រាកដថា ប្រើពេលយូរប៉ុន្មាន ដើម្បីព្យាបាលនោះទេ ពោលគឺមានតែការរង់ចាំប៉ុណ្ណោះ»។
ការបរាជ័យរបស់ Paul នៅពាក់កណ្តាលផ្លូវនៃការប្រកួត ១២ទឹកពេញនេះដែរ បានញាំងឱ្យកីឡាករអាមេរិក វ័យ ២៩ឆ្នាំរូបនេះ បានធ្លាក់ចេញពីក្នុងតារាងចំណាត់ថ្នាក់ពិភពលោករបស់ស្ថាប័ន WBA cruiserweight ថែមទៀតផង៕



