លោក ឌី វិជ្ជា សុំទោសអ្នកគាំទ្រកម្ពុជា ក្រោយព្រះខ័នរាជស្វាយរៀង បានត្រឹមជើងឯករង ២ឆ្នាំជាប់គ្នា
14-05-2026 14:25
(ភ្នំពេញ)៖ លោក ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហោះសារសូមអភ័សទោសដល់អ្នកគាំទ្រ និងអ្នកស្នេហាវិស័យកីឡាបាល់់ទាត់កម្ពុជា ចំពោះការខកខានឱកាសលើកពានជាថ្មី នៃពានរង្វាន់ AFC Challenge League 2025/26 ក្រោយរងបរាជ័យទាំងប្រផិតប្រផើយ ៣-៤ ទល់នឹងក្រុមម្ចាស់ផ្ទះ Al-Kuwait SC របស់រដ្ឋកូវ៉ែត នៅជំនួបវគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។
ជាមួយការទទួលបានត្រឹមរងជើងឯកជាលើកទី២ នេះ ប្រធានក្លិបខាងលើបានបង្ហោះសារលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះថា «ខ្ញុំសូមអភ័យទោសចំពោះពុកម៉ែ ពូមីង បងប្អូន ដែលស្រលាញ់វិស័យកីឡាបាល់ទាត់ ពិសេសបានចូលរួមទស្សនា គាំទ្រការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League រវាងក្លិប Kuwait SC ជាមួយក្លិបព្រះខ័នរាជស្វាយរៀង ដោយមិនអាចយកជ័យជម្នះ យកពានមកជូន ពុកម៉ែ ពូមីង បងប្អូនបាន»។
គួរដឹងថា ជំនួបដ៏ស្វិតស្វាញកាលពីយប់មិញ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន ត្រឹមរយៈពេល ៩នាទី ដែលរកបានដោយ Tiago Alves និង Ryo Fujii ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់វគ្គទី១ មុនចាប់ផ្ដើមវគ្គទី២ Kuwait SC ដែលកំពុងស្រេកឃ្លានគ្រាប់បាល់ ក៏វាយបកបាន ២គ្រាប់ជាបន្ដបន្ទាប់វិញ ត្រឹមរយៈពេលប្រមាណ ១០នាទី នៅដើមវគ្គទី២ ដោយកីឡាករ El Mehdi Barrahma និងកីឡាករ Ali Abdulla Marhoon។
ការវាយបកពីក្រុមម្ចាស់ផ្ទះ នាំឲ្យការប្រកួតឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដង ហើយកីឡាករ Cristian Dos Santos ក៏បានគ្រាប់ទី៣ បើកការនាំមុខជាថ្មីឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៩៦ តែសោកស្ដាយមិនបាន ៣នាទីស្រួលផង កីឡាករ Amr Abd El-Fattah ក៏រកបានគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះវិញ នៅនាទី៩៩ មុនមិត្ដរួមក្រុមកីឡាករ Al-Sulaiman រកបានគ្រាប់ទី៤ នៅនាទី១១០ ដែលជាគ្រាប់ជ័យជម្នះ ជួយឲ្យក្រុម Kuwait SC ក្លាយជាជើងឯកតែម្ដង។
ជាមួយការរបូតពានកម្រិតទី៣ ទ្វីបអាស៊ីនេះដែរ បានផ្ដល់នូវភាពសោកសៅជាថ្មី សម្រាប់ព្រះខ័នរាជស្វាយរៀង ដ្បិតកាលពីឆ្នាំមុន ក៏ទទួលបានត្រឹមជើងឯកង។ យ៉ាងណាអ្នកគាំទ្រ រួមទាំងថ្នាក់ដឹកនាំ បានមើលឃើញពីការខំប្រឹងប្រែងអស់ពីសមត្ថភាព និងធ្វើបានល្អរបស់ពួកគេ ហើយក៏សង្ឃឹមថា ការបង្ហាញវត្តមាននៅវគ្គផ្ដាច់ព្រ័ត្រ ទល់ក្រុមខ្លាំងមួយនេះ នឹងធ្វើឲ្យពិភពលោកស្គាល់ច្បាស់ពីភាពរីកចម្រើននៃវិស័យកីឡាបាល់ទាត់កម្ពុជាមួយកម្រិតទៀតផងដែរ។
បន្ថែមលើការទទួលបានជើងឯករងខាងលើ ព្រះខ័នរាជស្វាយរៀង ក៏ត្រូវបានជ្រើសរើសជាក្លិបលេងល្អជាងគេ (Fair-Play) ព្រមទាំងខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ខ្លួន កីឡាករ Peprah Kwame ក៏ទទួលបានពានស្បែកជើងមាស ក្នុងនាមកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ (Top-Scorer) ដោយរកបានចំនួន ៨គ្រាប់ផងដែរ៕











