កំពូលសប្បុរសធម៌! មហាសេដ្ឋី Nvidia បោះទុនជាង ១០០លានដុល្លារ ជួយអ្នកវិទ្យាសាស្ត្រពង្រឹងការស្រាវជ្រាវ AI

14-05-2026 14:40

(បរទេស)៖ លោក Jensen Huang នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nvidia និងភរិយា បានសម្រេចចិត្តទិញសេវាកម្មកុំព្យូទ័រពីក្រុមហ៊ុន CoreWeave ក្នុងតម្លៃ ១០៨,៣ លានដុល្លារ ដើម្បីបរិច្ចាគជូនទៅកាន់សាកលវិទ្យាល័យ និងវិទ្យាស្ថានមិនរកប្រាក់ចំណេញនានា។ ជំនួយដ៏មហាសាលនេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងគម្រោងស្រាវជ្រាវសំខាន់ៗ ផ្នែកវិទ្យាសាស្ត្រ និងបញ្ញាសិប្បនិម្មិត (AI) ដែលជាការបើកផ្លូវឱ្យអ្នកវិទ្យាសាស្ត្រមានធនធានបច្ចេកវិទ្យាកម្រិតខ្ពស់ក្នុងការប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ក្រៅពីការផ្តល់នូវកម្លាំងម៉ាស៊ីន Nvidia ក៏បានបញ្ជាក់នៅក្នុងឯកសារផ្លូវការថា ខ្លួននឹងផ្តល់នូវ «សេវាកម្មវិស្វកម្មដោយឥតគិតថ្លៃ» ដល់ស្ថាប័នមួយចំនួនដែលទទួលបានជំនួយនេះផងដែរ។ នេះបង្ហាញឱ្យឃើញថា លោក Jensen Huang មិនត្រឹមតែផ្តល់ជាថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបច្ចេកទេសជំនាញដើម្បីជំរុញឱ្យការស្រាវជ្រាវទាំងនោះទទួលបានជោគជ័យទៀតផង។

ទោះជាយ៉ាងណា សកម្មភាពនេះក៏បានបង្កឱ្យមានការតាមដានពីមជ្ឈដ្ឋានវិនិយោគិនផងដែរ ដោយសារវាជាការជួយយិតយោងគ្នាទៅវិញទៅមករវាង Nvidia និង CoreWeave ដែលជាដៃគូអាជីវកម្មដ៏ជិតស្និទ្ធ។ ខណៈដែលអំណោយនេះបង្ហាញពី «សប្បុរសធម៌របស់លោក Huang» វាក៏ជួយពង្រឹងដល់ក្រុមហ៊ុន CoreWeave ដែល Nvidia ជាម្ចាស់ភាគហ៊ុនធំ និងជាអ្នកផ្គត់ផ្គង់បន្ទះឈីប GPU ឱ្យផងដែរ។

គួរជម្រាបថា ការបរិច្ចាគនេះគឺជាយុទ្ធសាស្ត្រ «ចំណេញពីរផ្លូវ» ដោយមួយផ្នែកជួយដល់ការរីកចម្រើននៃវិស័យអប់រំ និងវិទ្យាសាស្ត្រ ហើយមួយផ្នែកទៀតជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃឧស្សាហកម្ម AI ដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន៕