គ្រូបង្វឹកអ៉ីតាលី Ancelotti បន្លាយកិច្ចសន្យាថ្មី ដឹកនាំក្រុមជម្រើសជាតិសាំបាប្រេស៊ីលដល់ World Cup 2030

15-05-2026 09:51

(រីយ៉ូ)៖ អ្នកចាត់ការទូទៅសញ្ជាតិអ៉ីតាលី លោក Carlo Ancelotti បានព្រមព្រៀងបន្ថែមកិច្ចសន្យាថ្មី ដើម្បីដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិសាំបាប្រេស៊ីល រហូតដល់ចប់ព្រឹត្តិការណ៍ World Cup នៅឆ្នាំ២០៣០។ នេះបើយោងតាមការ ចេញផ្សាយដោយ BBC។

បុរសវ័យ ៦៦ឆ្នាំរូបនេះ បានដឹកនាំអតីតម្ចាស់ជើងឯកពិភពលោក World Cup ៥សម័យកាលច្រើនជាងគេមួយនេះ ដណ្តើមបានជ័យជម្នះ ៥លើក ក្នុងចំណោម ១០ប្រកួតរបស់លោក គិតចាប់តាំងពីលាឈប់ពីក្លិបអាជីព Real Madrid ដើម្បីមកធ្វើការងារនៅតំបន់អាមេរិកឡាទីនវិញម្តង។

លោក Ancelotti បានដឹកនាំក្រុមសាំបាមួយនេះ ឈានទៅវគ្គចែកពូល World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ដែលនឹងចាប់ផ្តើមនាខែក្រោយនេះ ក្នុងតំបន់អាមេរិកខាងជើង។

លោកបានថ្លែងថា «តាំងពីវិនាទីដំបូងដែលខ្ញុំបានធ្វើការនៅទីនេះ ខ្ញុំបានយល់ដឹងច្រើនពីបាល់ទាត់ប្រេស៊ីល។ ពួកយើងនឹងខិតខំធ្វើការ ដើម្បីដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលឱ្យខ្លាំងឡើងវិញ ដូចកាលពីអតីតកាលដោយបានឈានដល់ចំណុចកំពូលពិភពលោក»។

ក្នុងចំណោម ១០ប្រកួតរបស់លោក Ancelotti គឺប្រេស៊ីល លេងឈ្នះ៥ ស្មើ២ និងចាញ់៣។ ពួកគេបានកំពុងព្យាយាម ឈ្នះ World Cup ជាលើកទី៦ នារដូវក្តៅនេះ បន្ទាប់ពីដណ្តើមបានលើកចុងក្រោយកាលឆ្នាំ២០០២ នៅកូរ៉េខាងត្បូង និងជប៉ុនរួចមក៕