ស្ថាប័ន WBA អនុញ្ញាតឱ្យជើងខ្លាំង Usyk ឡើងការពារខ្សែក្រវាត់ទល់នឹង Verhoeven ចុងខែនេះ
15-05-2026 10:28
(បរទេស)៖ ស្ថាប័នខ្សែក្រវាត់ WBA បានអនុញ្ញាតដ៏ធំសម្បើមមួយ ចំពោះជើងខ្លាំងវាយមិនដែលចាញ់ Oleksandr Usyk ដើម្បីឡើងការពារខ្សែក្រវាត់ទម្ងន់ធ្ងន់របស់លោក ទល់នឹងកីឡាករ Rico Verhoeven នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦ ដោយស្ថិតក្រោមការឃ្លាំមើល និងរឹតបន្តឹងទៀតផង។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ជើងខ្លាំងអ៊ុយក្រែន Usyk វ័យ ៣៩ឆ្នាំ នឹងត្រូវប្រឈមមុខនឹងអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Verhoeven នៅឯសង្វៀនស្ថិតនៅ Pyramids of Giza ក្នុងប្រទេសអេហ្ស៊ីប។
បច្ចុប្បន្ន Usyk បានកំពុងកាន់កាប់ខ្សែក្រវាត់ចំនួន ៣ស្ថាប័នផ្សេងគ្នារួមមាន WBC, WBA និង IBF ដោយពុំទាន់ចាញ់ការប្រកួតណាមួយឡើយ ពីការឡើងសង្វៀនលក្ខណៈអាជីព ២៤លើកមកនេះ ក្នុងនោះធ្លាប់ផ្តួលដៃគូសន្លប់បាន ១៥លើកផងដែរ។
ចំណែកឯ Verhoeven វ័យ ៣៧ឆ្នាំវិញ គឺជាអតីតជើងខ្លាំងនៅ kickboxing និងធ្លាប់ប្រកួតប្រដាល់តែ ១លើកគត់ កាលឆ្នាំ២០១៤។ WBA គូសបញ្ជាក់ថា រូបគេនឹងស្ថិតក្នុងចំណាត់ថ្នាក់របស់ស្ថាប័ននេះ ប្រសិនបើក្លាយជាកីឡាករដំបូងដែលអាចផ្តួល Usyk បាន៕



