ខ្លាំងមែន! សមត្ថភាពអាគុយ Solid-State ទោះកាត់ជាពីរហើយនៅតែដើរ មិនឆេះ មិនផ្ទុះ និងត្រៀមចេញលក់ក្នុងពេលឆាប់ៗ

15-05-2026 10:51

(បរទេស)៖ ពិភពលោកកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការរកឃើញបច្ចេកវិទ្យាអាគុយជំនាន់ថ្មី ដែលត្រូវបានគេចាត់ទុកថាជា «អាវុធសម្ងាត់» សម្រាប់ឧស្សាហកម្មយានយន្តអគ្គិសនី (EV)។ ក្រុមហ៊ុន Startup បច្ចេកវិទ្យាថ្មបានប្រកាសពីជោគជ័យក្នុងការធ្វើតេស្តអាគុយ Solid-state ប្រភេទ Pure Lithium ដែលបង្ហាញពីសុវត្ថិភាពខ្ពស់បំផុត និងសមត្ថភាពដ៏អស្ចារ្យមិនធ្លាប់មាន។ នេះបើយោងតាម Carnewschina នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

ការធ្វើតេស្តសុវត្ថិភាពដ៏រន្ធត់ (Cut Test) ដោយជាទូទៅអាគុយប្រភេទ Lithium-ion បច្ចុប្បន្ននឹងផ្ទុះឆេះភ្លាមៗប្រសិនបើមានការធ្លុះធ្លាយ ឬខូចទ្រង់ទ្រាយធ្ងន់ធ្ងរ។ ប៉ុន្តែសម្រាប់អាគុយ Solid-state ជំនាន់ថ្មីនេះ ត្រូវបានឆ្លងកាត់ការសាកល្បងដោយការកាត់ផ្ដាច់ដោយផ្ទាល់។

ជាមួយគ្នាការធ្វើតេស្តរ គឺលទ្ធផលបានបង្ហាញថា គ្មានផ្សែង គ្មានអណ្តាតភ្លើង និងគ្មានការកើនឡើងកម្ដៅហួសកម្រិតឡើយ បើទោះបីជាអាគុយនេះត្រូវបានគេកាត់ជាពីរផ្នែកក៏ដោយ ក៏វាស្ទើរតែមិនបង្ហាញពីសញ្ញានៃការឆេះ ហើយថែមទាំងនៅតែអាចបន្តបញ្ចេញថាមពលបានយ៉ាងមានស្ថេរភាពទៀតផង។

ដោយមិនត្រឹមតែជាការពិសោធន៍ប៉ុណ្ណោះទេ ក្រុមហ៊ុនឥឡូវនេះបានឈានដល់ការបើកដំណើរការផលិតកម្មដែលមានសមត្ថភាពផលិតរហូតដល់ 500MWh ក្នុងមួយឆ្នាំ ហើយនេះគឺជាជំហានដ៏ធំមួយក្នុងការដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវបច្ចេកវិទ្យា Pure Lithium Solid-state នេះ។

អាគុយប្រភេទថ្មីនេះ នឹងមានដង់ស៊ីតេថាមពលខ្ពស់ជាងអាគុយបច្ចុប្បន្នឆ្ងាយណាស់ ដែលអាចអនុញ្ញាតឱ្យរថយន្តអគ្គិសនី បើកបរបានចម្ងាយឆ្ងាយជាងមុន (អាចដល់ជាង ១០០០គីឡូម៉ែត្រក្រោយពេលសាកមួយដង) វាក៏កាត់បន្ថយទម្ងន់រថយន្ត និងបង្កើនល្បឿនបានលឿនជាងមុន ហើយការសាកថ្មបានរហ័ស និងមានអាយុកាលប្រើប្រាស់បានយូរអង្វែង។

ជាការកត់សម្គល់ផងថា ការឈានមកដល់នៃបច្ចេកវិទ្យានេះ ត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរមុខមាត់ថ្មីនៃវិស័យដឹកជញ្ជូនបៃតង និងដោះស្រាយរាល់កង្វល់របស់អ្នកប្រើប្រាស់ទាក់ទងនឹងសុវត្ថិភាពអាគុយរថយន្តអគ្គិសនី។

សូមជម្រាបផងថា បច្ចុប្បន្នទីផ្សារអាគុយអគ្គិសនីក្នុងប្រទេសចិនបន្តកើនឡើងខ្លាំង និងការវាយលុកនៃបច្ចេកវិទ្យាថ្មី នេះយោងតាមទិន្នន័យពី China EV DataTracker បានបង្ហាញពីសន្ទុះយ៉ាងខ្លាំងក្លានៃការប្រើប្រាស់អាគុយរថយន្តអគ្គិសនី (EV) ក្នុងខែមេសា ឆ្នាំ២០២៦ ដែលបានបង្ហាញថា កំណើនទីផ្សារសរុបមានការដំឡើងអាគុយ EV សរុបបានឈានដល់ ៦២.៤ GWh មានការកើនឡើង ១៥.៣% បើធៀបនឹងកាលពីឆ្នាំមុន។

ជាមួយគ្នានេះការគ្រប់គ្រងទីផ្សារដោយអាគុយប្រភេទ LFP (Lithium Iron Phosphate) នៅតែជាជម្រើសពេញនិយមបំផុត ដោយមានចំនួនរហូតដល់ 50.8GWh ឬស្មើនឹង ៨១.៤% នៃទីផ្សារសរុប។ ហើយអាគុយប្រភេទ NMC វិញ គឺមានចំនួន 11.5GWh ដែលស្មើនឹង ១៨.៤% នៃចំណែកទីផ្សាររួម។

ហើយទន្ទឹមនឹងនេះក្រុមហ៊ុន Pure Lithium ក៏បានបង្ហាញពីផែនការមហិច្ឆតាខ្ពស់របស់ខ្លួនសម្រាប់ឆ្នាំ២០២៦ ផងដែរ ដោយមានគោលការណ៍ពង្រីកការផលិត ក្រុមហ៊ុនគ្រោងនឹងដាក់ឱ្យដំណើរផលិតកម្មខ្នាតធំ (GWh-scale) ក្នុងឆ្នាំ២០២៦ នេះ ដែលមានសមត្ថភាពផលិតលើសពី ១ GWh ជាមួយគោលដៅចំណូល ដោយក្រុមហ៊ុនបានកំណត់គោលដៅរកចំណូលប្រចាំឆ្នាំឱ្យបានលើសពី ១០០លានយន់ ឬប្រហែល ១៤.៧លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៦ នេះតែម្ដង៕