Musk និង Altman ចោទគ្នាទៅវិញទៅមកថា «ភូតកុហក និងភ្លេចភ្លាំង» ក្នុងសវនាការបិទក្តី OpenAI

15-05-2026 13:08

(បរទេស)៖ សវនាការដ៏ក្តៅគគុកដែលពាក់ព័ន្ធនឹងការប្តឹងផ្តល់រវាងមហាសេដ្ឋី Elon Musk និងក្រុមហ៊ុន OpenAI បានឈានដល់ការថ្លែងបិទសវនាការហើយនៅតុលាការសហព័ន្ធក្នុងទីក្រុង Oakland រដ្ឋ California។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយ មេធាវីរបស់លោក Musk បានព្យាយាមវាយប្រហារយ៉ាងខ្លាំងទៅលើភាពជឿជាក់របស់លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI។ លោក Steven Molo មេធាវីរបស់ Musk បានលើកឡើងថា សាក្សីសំខាន់ៗចំនួន ៥ រូប រួមទាំងអតីតអ្នកវិទ្យាសាស្ត្រកំពូលរបស់ OpenAI លោក Ilya Sutskever ផងនោះ បានបញ្ជាក់ថា លោក Altman គឺជាមនុស្សភូតកុហក។ លោក Molo បានសង្កត់ធ្ងន់ចំពោះមុខគណៈវិនិច្ឆ័យថា៖ «ភាពជឿជាក់របស់ Sam Altman គឺជាបញ្ហាដោយផ្ទាល់នៅក្នុងរឿងក្តីនេះ។ ប្រសិនបើអ្នកមិនជឿគាត់ទេ ពួកគេមិនអាចឈ្នះឡើយ»

ជាការឆ្លើយតប មេធាវីការពារក្តីរបស់ OpenAI លោកស្រី Sarah Eddy បានច្រានចោលការចោទប្រកាន់នេះ ដោយហៅវាថាជា «ការចោទប្រកាន់មិនពិតដែលមិនពាក់ព័ន្ធ»។ ខាងមេធាវី OpenAI បានវាយបកទៅលើលោក Musk វិញថា ជាមនុស្សដែលមាន «អាការៈភ្លេចភ្លាំងដោយជ្រើសរើស» (Selective amnesia) ដោយសារលោក Musk ធ្លាប់បានដឹង និងគាំទ្រផែនការស្វែងរកប្រាក់ចំណេញរបស់ក្រុមហ៊ុនតាំងពីឆ្នាំ ២០១៧ ប៉ុន្តែបែរជាមកប្តឹងនៅពេលនេះទៅវិញ។ លោក William Savitt មេធាវីម្នាក់ទៀតរបស់ OpenAI បាននិយាយឌឺដងថា៖ «លោក Musk ប្រហែលជាមាន «ដៃទិព្វ» (Midas touch) ក្នុងវិស័យខ្លះមែន ប៉ុន្តែមិនមែនក្នុងវិស័យ AI ទេ។ ដើម្បីឱ្យជោគជ័យក្នុងវិស័យ AI អ្វីដែលលោក Musk អាចធ្វើបាន គឺមានតែការមកតុលាការប៉ុណ្ណោះ»

ដើមចមនៃជម្លោះនេះ កើតឡើងដោយសារលោក Musk បានចោទប្រកាន់ថា OpenAI និងលោក Altman បានបញ្ឆោតរូបលោកឱ្យផ្តល់ប្រាក់វិភាគទានប្រមាណ ៣៨ លានដុល្លារ ក្រោមរូបភាពជាអង្គការមិនស្វែងរកប្រាក់ចំណេញ ប៉ុន្តែបែរជាលួចលាក់បង្កើតអាជីវកម្មស្វែងរកប្រាក់ចំណេញ និងទទួលយកប្រាក់រាប់ពាន់លានដុល្លារពីក្រុមហ៊ុន Microsoft ដើម្បីពង្រីកខ្លួន។ លោក Musk កំពុងទាមទារសំណងរហូតដល់ ១៥០ ពាន់លានដុល្លារ ដើម្បីបញ្ចូលទៅក្នុងមូលនិធិសប្បុរសធម៌របស់ OpenAI វិញ និងបានទាមទារឱ្យដកលោក Sam Altman រួមទាំងប្រធានក្រុមហ៊ុនលោក Greg Brockman ចេញពីតំណែងផងដែរ។

គួរជម្រាបថា រឿងក្តីនេះមិនត្រឹមតែជាការតស៊ូផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបកអាក្រាតពីជម្លោះបុគ្គល និងមហិច្ឆតានៅពីក្រោយការបង្កើតបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងផ្លាស់ប្តូរពិភពលោក។ ខណៈដែលសវនាការជិតបញ្ចប់ លទ្ធផលនៃក្តីក្តាំនេះនឹងក្លាយជាចំណុចរបត់ដ៏សំខាន់សម្រាប់អនាគតនៃក្រុមហ៊ុន OpenAI និងទំនាក់ទំនងជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft ដែលត្រូវបានលោក Musk ចោទថាជាអ្នកផ្តល់ជំនួយដល់ទង្វើខុសឆ្គងរបស់ OpenAI ផងដែរ៕