សហព័ន្ធទោចក្រយាន នឹងរៀបចំកម្មវិធីជិះកង់ភ្នំពេញ-សៀមរាបជាថ្មី ដើម្បីកៀគរមូលនិធិជួយកុមារកម្ពុជា

15-05-2026 13:58

(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានជូនដំណឹងនឹងរៀបចំកម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប ដើម្បីកៀគរមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា នេះជាលើកទី៣ ហើយដែលសហព័ន្ធបានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើងលើចម្ងាយផ្លូវ ៣១២គីឡូម៉ែត្រ ដោយគ្រោងនឹងចេញដំណើរពីរាជធានីភ្នំពេញ រហូតដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដោយប្រើរយៈពេលប្រមាណ ១០ម៉ោង។

តាមគម្រោងមានអ្នកជិះកង់កម្រិតជំនាញប្រមាណ ១២២នាក់ មកពី ៩ប្រទេសចូលរួម ព្រមទាំងក្រុមអ្នកជិះកង់តាមបណ្ដារាជធានី-ខេត្ត ដែលត្រៀមចូលរួមជិះអមទៀត។ សហព័ន្ធសង្ឃឹមនឹងមានអ្នកចូលរួមយ៉ាងហោចជាង ៤០០នាក់។ តាមរយៈសហព័ន្ធបានអំពាវនាវដល់បណ្ដាក្រុមហ៊ុន និងសប្បុរសជនចូលរួមគាំទ្រឲ្យបានច្រើនកុះករ ទាំងសម្ភារៈ និងថវិកា ដើម្បីជួយដល់ក្រុមអ្នកជិះកង់ក្នុងយុទ្ធនាការជិះពីរាជធានីភ្នំពេញទៅខេត្តសៀមរាប ដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ថែមថា ព្រឹត្តិការណ៍នេះមិនត្រឹមតែរួមចំណែកជួយដល់ការងារសង្គម តាមរយៈមន្ទីរពេទ្យកុមារអង្គរប៉ុណ្ណោះទេ តែក៏ជាការចូលរួមចំណែកក្នុងការផ្សព្វផ្សាយចលនាទេសចរណ៍តំបន់អង្គរទៅកាន់អន្តរជាតិ ព្រោះក៏មានអ្នកជិះកង់ជាជនបរទេសចូលរួមផងដែរ៕