វិទ្យាស្ថានពហុបច្ចេកទេសសិប្បកម្មលីងណាន សម្ពោធដាក់ឱ្យដំណើរការនៅភ្នំពេញ ដើម្បីនាំយកការអប់រំជំនាញវិជ្ជាជីវៈរបស់ខេត្តគ័ងទុង ប្រទេសចិន ​មកកម្ពុជា

15-05-2026 15:33

(ភ្នំពេញ)៖ ​«វិទ្យាស្ថានពហុបច្ចេកទេសសិប្បកម្មលីងណាន» ដែលបង្កើតឡើងដោយវិទ្យាស្ថានពហុ​បច្ចេកទេសគ័ងទុង និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ​(CGTI)​ ​ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅភ្នំពេញ ​ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញពហុបច្ចេកទេស ​ដែលជាម៉ាកយីហោអប់រំវិជ្ជាជីវៈដែលមានគុណភាពខ្ពស់​ បង្កើតឡើងដោយខេត្តគ័ងទុង ប្រទេសចិន ​សម្រាប់បម្រើដល់សហគ្រាសវិនិយោគចិន និងឧស្សាហកម្មនៅកម្ពុជា។ ​

​ពិធីសម្ពោធនេះរៀបចំ​ឡើងក្រោមវត្តមាន ​លោក ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាល វិជ្ជាជីវៈ នៃក្រសួងការងារ, លោក Enjoy Ho ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិត ផលធ្វើដំណើរនៅកម្ពុជា (TAFTAC), លោក Liu Kerong លេខាធិការបក្ស នៃវិទ្យាស្ថានពហុបច្ចេកទេសគ័ងទុង (GDPT), លោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) និងតំណាងមកពីស្ថាប័នអប់រំ និងសហគ្រាសឧស្សាហកម្មនៃប្រទេសទាំងពីរ។

លោក Liu Kerong លេខាធិការបក្ស នៃ​វិទ្យាស្ថានពហុបច្ចេកទេសគ័ងទុង (GDPT) បានថ្លែងថា GDPTគឺជាគ្រឹះស្ថានអប់រំវិជ្ជាជីវៈកម្រិតឧត្តមសិក្សាតែមួយគត់នៅខេត្ត គ័ងទុង ដែលមានឯកទេសលេចធ្លោក្នុងវិស័យវាយនភណ្ឌ និងម៉ូដ ហើយជាអង្គភាពរចនា «Double High Plan» ថ្នាក់ជាតិ។ សាលាក៏ទទួលបានពានកិត្តិយសជាច្រើន រួមមានពានរង្វាន់ Huang Yanpei Vocational Education Award សម្រាប់សាលាឆ្នើម និងពានរង្វាន់សមិទ្ធផលបង្រៀនថ្នាក់ជាតិផងដែរ។

ក្នុងនាមជាដៃគូល្អប្រសើរផ្នែកអប់រំវិជ្ជាជីវៈរវាងចិន–អាស៊ាន ​«វិទ្យាស្ថានពហុបច្ចេកទេសសិប្បកម្មលីងណាន» ​ របស់ខេត្ត គ័ងទុង​បានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយបានបង្កើតវេទិកាអប់រំក្រៅប្រទេស ដូចជា នៅកម្ពុជា វៀតណាម ថៃ និងអាហ្វ្រិកខាងត្បូង។

លោក Liu បានមានប្រសាសន៍ថា «ការបើកសម្ពោធ «វិទ្យាស្ថានពហុបច្ចេកទេសសិប្បកម្មលីងណាន»​ គឺជាចំណុចសំខាន់មួយក្នុងការកសាងម៉ាកអប់រំវិជ្ជាជីវៈអន្តរជាតិរបស់សាលា។ យើងនឹងបន្តអភិវឌ្ឍវេទិកាអប់រំ ពង្រឹងការផ្លាស់ប្តូរគ្រូ និងនិស្សិត ការអភិវឌ្ឍគ្រូបង្រៀនរួម និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ដោយផ្តោតលើការបម្រើសហគ្រាសវិនិយោគចិន និងឧស្សាហកម្មនៅកម្ពុជា ដើម្បីសម្រេចគោលដៅ «បណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជា ជំរុញឧស្សាហកម្មសម្រាប់តំបន់ និងលើកកម្ពស់មិត្តភាពចិន–កម្ពុជា»

លោក Andrew Tey ប្រធាន CGTI បានថ្លែងថាការសម្ពោធ​ «វិទ្យាស្ថានពហុបច្ចេកទេសសិប្បកម្មលីងណាន» បង្ហាញពីការប្តេជ្ញារួមគ្នា​ក្នុងការកសាងធនធានមនុស្សដែលមានគុណភាពសម្រាប់វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជផង និងផលិតផលធ្វើដំណើរនៅកម្ពុជា ដែលជាវិស័យដ៏សំខាន់មួយនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

លោក ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាល វិជ្ជាជីវៈ នៃក្រសួងការងារ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជាបានផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ រដ្ឋាភិបាលកម្ពុជាឱ្យតម្លៃយ៉ាងខ្លាំងចំពោះភាពជាដៃគូដែលលើកកម្ពស់ការបណ្តុះបណ្តាលដែលឆ្លើយតបទៅនឹងឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមនៃការរៀបចំធនធានមនុស្សដែលមានជំនាញដែលមានសមត្ថភាពគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព និងបង្កើនភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជានៅក្នុងឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌសកល។ឮ

លោក Enjoy Ho ប្រធាន​ TAFTAC បានបញ្ជាក់ថា ក្នុងនាមជាស្ថាប័នគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរកម្ពុជា សមាគមនឹងបន្តគាំទ្រការសាងសង់ និងការអភិវឌ្ឍន៍របស់វិទ្យាស្ថាន ​«វិទ្យាស្ថានពហុបច្ចេកទេសសិប្បកម្មលីងណាន»​ លោកបានបង្ហាញក្តីរំពឹងថា វិទ្យាស្ថាននេះនឹងផ្គត់ផ្គង់កម្លាំងជំនាញក្នុងស្រុក ដែលមានទាំងជំនាញវិជ្ជាជីវៈ និងសីលធម៌ការងារល្អ ទៅកាន់សហគ្រាសដែលសមាជិករបស់សមាគម ​រួមទាំងសហគ្រាសវិនិយោគចិនជាច្រើននៅកម្ពុជា​ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ខ្សែសង្វាក់ឧស្សាហកម្មទាំងមូល។

«វិទ្យាស្ថានពហុបច្ចេកទេសសិប្បកម្មលីងណាន» ត្រូវបានកំណត់តួនាទីជាវេទិកាមួយដែលមានមុខងារស្នូល ៤ រួមមាន៖ មជ្ឈមណ្ឌលចែករំលែកស្តង់ដារអប់រំវិជ្ជាជីវៈ,កន្លែងផ្តត់សេវាកម្មសម្រាប់សហគ្រាសក្រៅប្រទេស,វេទិកាបង្ហាញពាណិជ្ជកម្ម និងការផ្លាស់ប្តូរ និងមជ្ឈមណ្ឌលសហប្រតិបត្តិការផ្នែកធនធានមនុស្ស។ បេសកកម្មសំខាន់របស់វិទ្យាស្ថានគឺ ការបន្តដារបណ្តុះបណ្តាលជំនាញ បម្រើឧស្សាហកម្ម និងជំរុញការផ្លាស់ប្តូរវប្បធម៌។

យោងតាមផែនការ ៥ ឆ្នាំ វិទ្យាស្ថានមានគោលដៅដូចជា បណ្តុះបណ្តាល សិស្សកម្រិតសញ្ញាបត្រវិជ្ជាជីវៈ​ យ៉ាងតិច ២០០នាក់ ​អភិវឌ្ឍ​កម្មវិធីសិក្សាយ៉ាងហោចណាស់ ២៣ បង្កើតវេទិកាបណ្តុះបណ្តាលកម្រិតខ្ពស់យ៉ាងហោចណាស់មួយ កសាងក្រុមសាស្ត្រាចារ្យទ្វេភាសាចិន-កម្ពុជា ដែលមានសមាជិកយ៉ាងហោចណាស់ ៣០ នាក់ និងពង្រឹងសមត្ថភាពដើម្បីឈ្នះពានរង្វាន់មួយនៅក្នុងការប្រកួតជំនាញពិភពលោក (WorldSkills Competition)។ តាមរយៈវិធានការទាំងនេះ ការបណ្តុះបណ្តាលបច្ចេកពហុបច្ចេកទេស​ ត្រូវតែមានគុណភាពខ្ពស់​ ឆ្លើយនឹងតម្រូវការឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់របស់ប្រទេសកម្ពុជា និងសហគ្រាសវិនិយោគដោយចិន។​

​ក្នុងពិធីនេះ តំណាងពីភាគីទាំងអស់ក៏បានចុះហត្ថលេខារួមលើ «កិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល សិប្បកម្មលីងណាន» ដោយឈានដល់ការឯកភាពស៊ីជម្រៅលើស្តង់ដារបណ្តុះបណ្តាល ការអភិវឌ្ឍកម្មវិធីសិក្សា ការហាត់ការងារ និងការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

ស្របជាមួយនឹងការសម្ពោធដាក់ឱ្យ «វិទ្យាស្ថានពហុបច្ចេកទេសសិប្បកម្មលីងណាន» ក៏មានរៀបចំសិក្ខាសាលា​ចំនួន ២ផងដែរ ក្រោមប្រធានបទ «ការពិចារណាអំពីការអប់រំនវានុវត្តន៍ និងសហគ្រិនភាព និងការបង្កើតក្រុមនវានុវត្តន៍ស្រាវជ្រាវ»​ និង«ដំណើរនៃនវានុវត្តន៍បច្ចេកវិទ្យាវាយនភណ្ឌ»

ការបើកដំណើរការ«វិទ្យាស្ថានពហុបច្ចេកទេសសិប្បកម្មលីងណាន»គឺជាសមិទ្ធផលសំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានពហុ​បច្ចេកទេសគ័ងទុង និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៩ មក។ ក្នុងរយៈពេលជាង៦ ឆ្នាំនេះ កិច្ចសហប្រតិបត្តិការនេះបានអភិវឌ្ឍពីការបណ្តុះបណ្តាលរយៈពេលខ្លី ទៅកាន់ការអប់រំកម្រិតសញ្ញាបត្រ ដោយបានបណ្តុះបណ្តាលអ្នកជំនាញក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរដល់សិស្សជាង ២៥០ នាក់សម្រាប់កម្ពុជា។

ការបង្កើត«វិទ្យាស្ថានពហុបច្ចេកទេសសិប្បកម្មលីងណាន» ក៏ជាការបង្ហាញពីការអនុវត្តជាផ្លូវការនៅកម្ពុជា នៃយុទ្ធសាស្ត្រ «រួមគ្នាចេញទៅអន្តរជាតិ និងប្រតិបត្តិការមានម៉ាកសញ្ញា» របស់ការអប់រំវិជ្ជាជីវៈខេត្តគ័ងទុងផងដែរ៕