ទស្សនៈរបស់ចិនចំពោះ Elon Musk៖ ជាបុគ្គលមានចក្ខុវិស័យផង និងជាតួអង្គចម្រូងចម្រាសផង
15-05-2026 15:59
(បរទេស)៖ នៅក្នុងប្រទេសចិន កំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក Elon Musk គឺជាបុគ្គលដែលទទួលបានទាំងការស្រឡាញ់ និងការរិះគន់ក្នុងពេលតែមួយ។ មហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុន Tesla រូបនេះ ត្រូវបានគេកោតសរសើរថាជាអ្នកមានចក្ខុវិស័យខ្ពស់ ប៉ុន្តែលោកក៏ធ្លាប់រងការរិះគន់ពីសំណាក់អាជ្ញាធរចិន និងសាធារណជន ជុំវិញបញ្ហានៃការដោះស្រាយបណ្ដឹងអតិថិជនផងដែរ។
លើសពីនេះ ឥទ្ធិពលរបស់ក្រុមហ៊ុន SpaceX និងបណ្ដាញផ្កាយរណប Starlink បានធ្វើឱ្យកងទ័ពរំដោះប្រជាជនចិន (PLA) មានការព្រួយបារម្ភ។ ខណៈដែលគម្លាតសមត្ថភាពរវាង Tesla និងដៃគូប្រកួតប្រជែងចិនកាន់តែរួមតូចទៅៗ លោក Musk កំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់ឥទ្ធិពលរបស់ខ្លួននៅក្នុងទីផ្សារមួយនេះ។ បច្ចុប្បន្ន លោក Elon Musk រួមជាមួយនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនធំៗជាច្រើនទៀតដូចជា លោក Tim Cook (Apple) និងលោក Jensen Huang (Nvidia) បានរួមដំណើរជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង។ ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅវិមានប្រជាជនចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Elon Musk បានប្រាប់អ្នកយកព័ត៌មានថា លោកចង់សម្រេចឱ្យបាននូវ «រឿងល្អៗជាច្រើន» នៅក្នុងប្រទេសចិន។
នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Xiaomi សុំថតរូប Selfie ជាមួយ Elon Musk
នៅយប់ដដែលនោះ លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi ដែលជាអ្នកគាំទ្រម្នាក់របស់ Elon Musk បានសុំថតរូប Selfie ជាមួយស្ថាបនិក Tesla មុនពេលចាប់ផ្តើមពិធីលៀងសាយភោជន៍ថ្នាក់រដ្ឋ។ រូបភាពដែលបានចែកចាយយ៉ាងលឿន (Viral) បានបង្ហាញឱ្យឃើញថា លោក Elon Musk ហាក់មានការធុញទ្រាន់បន្តិច ដោយបានលើកចិញ្ចើម និងដកដង្ហើមធំ មុនពេលរូបថតត្រូវបានថត។ អ្នកលេងបណ្តាញសង្គមចិនបាននាំគ្នានិយាយលេងសើចថា លោក Lei Jun ហាក់ត្រូវបាន Idol របស់ខ្លួនធ្វើឱ្យមានការអៀនខ្មាសបន្តិច។
ទោះបីជា Tesla កំពុងរងសម្ពាធខ្លាំងលើតម្លៃ និងបច្ចេកវិទ្យាពីក្រុមហ៊ុនចិនក៏ដោយ ប៉ុន្តែលោក Elon Musk នៅតែមានឥទ្ធិពលខ្លាំង។ លោក Kyle Chan អ្នកជំនាញបច្ចេកវិទ្យាចិននៅ Brookings Institution បានលើកឡើងថា៖ «អាទិភាពបច្ចេកវិទ្យារបស់ចិន គឺស្របគ្នាស្ទើរតែទាំងស្រុងទៅនឹងអ្វីដែល Elon Musk កំពុងធ្វើ» ដែលរួមមាន រថយន្តអគ្គិសនី (EV), បញ្ញាសិប្បនិម្មិត (AI), មនុស្សយន្ត (Humanoid) និងផ្កាយរណប។
បញ្ហាប្រឈមជាមួយ SpaceX និង Starlink
ខណៈដែលអាជីវកម្មរថយន្តមានភាពរលូន អាជីវកម្មផ្កាយរណប SpaceX របស់លោក Elon Musk បែរជាត្រូវបានយោធា និងអ្នកការទូតចិនរិះគន់យ៉ាងខ្លាំង។ ការប្រើប្រាស់ Starlink ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យចិនមានការប្រុងប្រយ័ត្ន និងជម្រុញឱ្យចិនបង្កើតបច្ចេកវិទ្យាផ្ទាល់ខ្លួនដើម្បីប្រកួតប្រជែង។ អ្នកស្រាវជ្រាវយោធាចិនបារម្ភថា សហរដ្ឋអាមេរិក និងលោកខាងលិច អាចនឹងប្រើប្រាស់ Starlink ក្នុងជម្លោះដែលអាចកើតមាននៅតំបន់អាស៊ី។
«Idol សកល» និងទំនាក់ទំនងអាជីវកម្ម
ទោះបីជាបណ្តាញសង្គម X ត្រូវបានហាមឃាត់ក្នុងប្រទេសចិនក៏ដោយ ប៉ុន្តែលោក Elon Musk មានអ្នកតាមដានដល់ទៅ ២.៣ លាននាក់នៅលើ Weibo ហើយលោកត្រូវបានគេប្រសិទ្ធនាមថាជា «បងប្រុស Ma» (Brother Ma) និងជា «Global Idol»។ សូម្បីតែម្តាយរបស់លោក ក៏ក្លាយជាបុគ្គលល្បីឈ្មោះនៅក្នុងប្រទេសចិនផងដែរ។ បច្ចុប្បន្ន លោក Elon Musk កំពុងមានគម្រោងទិញឧបករណ៍សម្រាប់ផលិតបន្ទះសូឡាពីចិនក្នុងតម្លៃ ២.៩ ពាន់លានដុល្លារ ហើយ Tesla ក៏កំពុងសុំការអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធបើកបរដោយខ្លួនឯង (Full Self-Driving) នៅក្នុងប្រទេសចិនផងដែរ។
គួរជម្រាបថា ក្នុងរយៈពេលជាយូរមកនេះ ការកើនឡើងនៃឧស្សាហកម្មរថយន្តក្នុងស្រុករបស់ចិន គឺជាការគំរាមកំហែងធំបំផុតចំពោះប្រជាប្រិយភាពរបស់លោក Elon Musk។ ដូចដែលស្ថាបនិកប្លុក Supercharged បានលើកឡើងថា៖ «នៅពេលដែលក្រុមហ៊ុនចិនដេញទាន់ ឬលើសពីអាណាចក្របច្ចេកវិទ្យារបស់ Elon Musk កិត្យានុភាពរបស់លោកអាចនឹងធ្លាក់ចុះ ប៉ុន្តែលោកនឹងនៅតែជានិមិត្តរូបក្នុងវិស័យបច្ចេកវិទ្យាចិន ចំពោះអ្វីដែលលោកបានសម្រេចកន្លងមក»៕










