បេក្ខភាពជើងឯករង ក្លាយជាប្រធានបទត្រូវតាមដាន ក្នុងជំនួបបញ្ចប់រដូវកាល CPL 2025/26 ចុងសប្ដាហ៍នេះ
16-05-2026 10:05
(ភ្នំពេញ)៖ ការប្រជែងតំណែងជើងឯករង ឬលេខ២ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា (CPL) ឆ្នាំ២០២៥/២៦ នឹងត្រូវប្រកួតកាត់សេចក្តីជាផ្លូវការនាចុងសប្ដាហ៍នេះ ក្នុងជំនួបសប្ដាហ៍ទី៣២ ដែលជាសប្ដាហ៍ចុងក្រោយបង្អស់នៃរដូវកាលនេះ បន្ទាប់ពីក្លិបព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកតាំងពីនៅសល់ ៤ប្រកួតក្នុងដៃ។
អ្វីដែលជាប្រធានបទសំខាន់ត្រូវតាមដានពីអ្នកគាំទ្រ គឺការប្រកួតជើងឯករង រវាងភ្នំពេញក្រោន និងអង្គរថាយហ្គឺរ។
សម្រាប់ជំនួបបិទរដូវកាលនាថ្ងៃទី១៧ ខែឧសភាស្អែកនេះ ភ្នំពេញក្រោននឹងត្រូវជួបម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិមរតកតេជោ គ្រាដែលអង្គរថាយហ្គឺរ ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវណាហ្គាវើលដ៏ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតូ ហើយដំណាលគ្នា ក៏នឹងមានជំនួប Top-6 មួយប្រកួតទៀតរវាងក្រុមបឹងកេត និងក្រុមអឹមអូអាយ កំពង់ដេវ៉ា នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ផងដែរ។
មុនជំនួបកំណត់ជោគវាសនាក្រុមចំណាត់ថ្នាក់លេខ២ ក្នុងលីគរដូវកាលនេះ ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ គឺមាន ៥៣ពិន្ទុស្មើគ្នា តែដោយសាររូបមន្ដ Head to Head ភ្នំពេញក្រោន កំពុងឈរលេខ២ បណ្ដោះអាសន្ន តែអង្គរថាយហ្គឺរ ក៏មិនទាន់អស់ឱកាសនោះដែរ ដោយត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយនាថ្ងៃអាទិត្យស្អែកនេះ។ ករណីបើភ្នំពេញក្រោនឈ្នះការប្រកួតទល់នឹងព្រះខ័នរាជស្វាយរៀង តំណែងជើងឯករង នឹងបានទៅពួកគេ។
ប៉ុន្ដែករណីបើភ្នំពេញក្រោន ចាញ់វិញ ឱកាសមាសនេះនឹងបានទៅអង្គរថាយហ្គឺរ បើសិនពួកគេប្រកួតស្មើណាហ្គា ហើយប្រសិនបើភ្នំពេញក្រោនស្មើ អង្គរថាយហ្គឺរ ត្រូវការឈ្នះដាច់ខាត។ ដើម្បីប្រជែងតំណែងលេខ២។ មួយវិញទៀត បើសិនភ្នំពេញក្រោន និងអង្គរថាយហ្គឺរចាញ់ដូចគ្នា ហើយបឹងកេត ដែលកំពុងកាន់ ៥០ពិន្ទុក្នុងដៃ អាចយកឈ្នះ អឹមអូអាយ កំពង់ដេវ៉ា មានន័យថា ពិន្ទុនឹងកើន ៥៣ពិន្ទុស្មើគ្នា ៣ក្រុម។ ករណីនេះ ផ្អែកលើរូបមន្ដ Heat to Head រវាងក្រុមទាំង៣ ភ្នំពេញក្រោន នឹងធ្លាក់មកលេខ៣ ហើយរុញអង្គរថាយហ្គឺរ ទៅឈរលេខ២ គ្រាដែលបឹងកេត នឹងឈរលេខ៤ ដដែល។
ទាំងអស់នេះគឺជាប្រធានបទ ដែលអ្នកគាំទ្រកំពុងវែកញែក និងរង់ចាំតាមដានការប្រកួតសប្ដាហ៍ចុងក្រោយ និងរង់ចាំអ៊ុត បន្ទាប់ពីក្រុមជើងឯកព្រះខ័នរាជស្វាយរៀង តើភ្នំពេញក្រោន ឬអង្គរថាយហ្គឺរ នឹងទទួលបានជើងឯករង? ដ្បិតជើងឯងរងលីគកំពូលកម្ពុជា នឹងមានឱកាសលេងពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 ប្រសិនបើក្លិបនោះ ទទួលបានអាជ្ញាបណ្ណក្លិបពី AFC។ តែរវាងភ្នំពេញក្រោន និងអង្គរថាយហ្គឺរ មានតែភ្នំពេញក្រោន ដែលទទួលបានអាជ្ញាបណ្ណក្លិបពី AFC សម្រាប់រដូវកាលថ្មីខាងមុខ។
យ៉ាងណាមិញ ដើម្បីមានឱកាសលេងពានរង្វាន់ជាតិនេះ ភ្នំពេញក្រោនគឺត្រូវការជើងឯករងលីគ ព្រោះបន្ទាប់ពីក្រុមជើងឯក និងជើងឯករង CPL 2025/26 សិទ្ធិពិសេសនេះនឹងបានទៅក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដែលមានបេក្ខភាព ៣ក្រុម សល់ឱកាសប្រជែង គឺវិសាខា ឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រ គ្រាដែលព្រះខ័នរាជស្វាយរៀង និងបឹងកេត ត្រូវរង់ចាំការប្រកួតកាត់សេចក្ដីជើងទី២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕











