Aston បំបាក់ Liverpool ធានាបានកៅអី Champions រដូវកាលក្រោយ គ្រាដែលហង្សក្រហមចាំអ៊ុត

16-05-2026 10:52

(បរទេស)៖ Aston Villa បានក្លាយជាក្រុមទី៤ របស់អង់គ្លេស ក្នុងការទទួលបានកៅអីស្វ័យប្រវត្តិលេងពានលំដាប់ កំពូលអឺរ៉ុប UEFA Champions League 2026-27 ជាមួយ Arsenal, Manchester City និង Manchester United នៅពេលយកឈ្នះ Liverpool ៤-២ ក្នុងដីរបស់ពួកគេយប់មិញ។

តាមរយៈ ៣ពិន្ទុដ៏សំខាន់ក្នុងសប្តាហ៍ទី៣៧ នាកីឡដ្ឋាន Villa Park នៅចំពោះមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៤ម៉ឺននាក់ផងនោះ ក្រុមរបស់លោក Unai Emery បានឡើងទៅឈរនៅលេខរៀងទី៤ ក្នុងតារាងពិន្ទុ Premier League ដោយមាន ៦២ពិន្ទុនាំមុខ ៣ពិន្ទុពីក្រុមលេខ៥ Liverpool និង ៧ពិន្ទុបើធៀបនឹងក្រុមលេខ៦ AFC Bournemouth។

បច្ចុប្បន្នពួកគេបានកំពុងផ្តោត និងទន្ទឹងរង់ចាំលេងវគ្កផ្តាច់ព្រ័ត្រពានលំដាប់ទី២ អឺរ៉ុប UEFA Europa League 2025-26 ទល់នឹង Freiburg របស់អាល្លឺម៉ង់នៅឯទីក្រុង Istanbul ប្រទេសតួកគីយ៉េនារាត្រីថ្ងៃពុធចុងខែនេះ ជាពានធំលំដាប់ទី១ របស់ Aston Villa ផងដែរ ក្រោយខកខានអស់ ៣០ឆ្នាំមកនេះ។

ចំណែកឯ Liverpool ដែលជាក្រុមការពារតំណែងជើងឯកលីគអង់គ្លេសវិញ បានស្ថិតនៅលេខ៥ ដោយមាន ៥៩ពិន្ទុ ស្ថិតក្នុងតំបន់កៅអី UCL ផងដែរ ដោយសារឥទ្ធិពលរបស់កាំភ្លើ់ងធំ Arsenal ក្នុងការរួមចំណែកជួយលីគអង់គ្លេសទទួលបាន ៥កៅអីពានអឺរ៉ុបរដូវកាលក្រោយ។

Liverpool មិនទាន់ធានាកៅអី UCL រដូវកាលក្រោយនៅឡើយទេ ដ្បិតនៅសល់ ១ប្រកួតទៀតលេងបិទរដូវកាល នៅពេលក្រុមលេខ៦ Bournemouth នៅសល់ ២ប្រកួតក្នុងដៃ និងមាន ៥៥ពិន្ទុ ក្នុងការទាមទារជ័យជម្នះដាច់ខាតដូច គ្នា៕