YouTube, Snap និង TikTok ព្រមព្រៀងសងការខូចខាតក្រៅផ្លូវការ ជុំវិញបណ្តឹងធ្វើឱ្យសិស្សញៀនលេងបណ្តាញសង្គម

16-05-2026 11:52

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស YouTube, Snap និង TikTok បានឈានដល់កិច្ចព្រមព្រៀងដោះស្រាយក្រៅប្រព័ន្ធតុលាការជាប្រវត្តិសាស្ត្រ ជាមួយមណ្ឌលសិក្សាធិការ Breathitt County នៃរដ្ឋ Kentucky សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។

បណ្តឹងនេះជាករណីគំរូដំបូងបង្អស់ ក្នុងចំណោមបណ្តឹងស្រដៀងគ្នារាប់ពាន់ករណី ដែលសាលារៀនជាច្រើនបានរួមគ្នាបង្ខំឱ្យក្រុមហ៊ុនបណ្តាញសង្គម ចេញថ្លៃចំណាយដើម្បីព្យាបាលវិបត្តិសុខភាពផ្លូវចិត្តរបស់សិស្សានុសិស្ស ដែលបង្កឡើងដោយការជក់ចិត្តនឹងកម្មវិធីទាំងនោះ។ ទោះជាយ៉ាងណា លក្ខខណ្ឌហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានលាតត្រដាងឡើយ ខណៈដែលសាលារៀនខាងលើធ្លាប់បានទាមទារសំណងរហូតដល់ទៅជាង ៦០ លានដុល្លារ ដើម្បីបង្កើតកម្មវិធីស្តារសុខភាពផ្លូវចិត្តរយៈពេល ១៥ ឆ្នាំ។

ជុំវិញការព្រមព្រៀងគ្នានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន YouTube បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បញ្ហានេះត្រូវបានដោះស្រាយដោយសន្តិវិធី ហើយការយកចិត្តទុកដាក់របស់យើងនៅតែបន្តផ្តោតលើការបង្កើតផលិតផល និងការគ្រប់គ្រងរបស់មាតាបិតាឱ្យបានសមស្របតាមអាយុ ដែលអាចសម្រេចបានតាមការសន្យានោះ»។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Snap (ក្រុមហ៊ុនមេរបស់ Snapchat) ក៏បានបញ្ជាក់ពីការដោះស្រាយដោយសន្តិវិធីនេះដែរ ខណៈដែលខាង TikTok មិនទាន់ផ្តល់ការអត្ថាធិប្បាយភ្លាមៗនៅឡើយទេ។

ទោះបីជាមានការសម្របសម្រួលនេះក្តី ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះនៅតែបន្តបដិសេធការចោទប្រកាន់ ដោយអះអាងថាពួកគេបានចាត់វិធានការយ៉ាងតឹងរ៉ឹងដើម្បីការពារសុវត្ថិភាពយុវជន។ យ៉ាងណាមិញ មណ្ឌលសិក្សាធិការខាងលើ នៅតែត្រូវបន្តឡើងតុលាការដើម្បីតតាំងជាមួយក្រុមហ៊ុន Meta (ក្រុមហ៊ុនមេរបស់ Facebook និង Instagram) នៅថ្ងៃទី ១៥ ខែមិថុនា ខាងមុខ។ ករណីនេះត្រូវបានគេចាត់ទុកជា «ករណីគំរូ» ដ៏សំខាន់ ដែលចៅក្រម និងមេធាវីនឹងយកទៅធ្វើជាមូលដ្ឋាន ក្នុងការវាយតម្លៃ និងចរចាដោះស្រាយបណ្តឹងរបស់មណ្ឌលសិក្សាធិការប្រមាណ ១,២០០ ផ្សេងទៀតនៅទូទាំងប្រទេស៕