តេជោលីគ រដូវកាលទី៣ បើកការប្រកួតផ្លូវការ ខណៈក្រុមការពារជើងឯកបញ្ជាការដ្ឋានអង្គរក្ស យកឈ្នះវិសាខា ៣-២

16-05-2026 23:09

(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទះ តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ បានបើកការប្រកួតជាផ្លូវការហើយ នៅថ្ងៃទី១៦ ខែឧសភានេះ ខណៈបើកឆាកជុំទី១ ក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះក្រុមខ្លាំងវិសាខា ជាមួយលទ្ធផលដ៏តានតឹង ៣-២សិត នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ពិធីបើកព្រឹត្តិការណ៍បាល់ទះដ៏ធំប្រចាំឆ្នាំនេះ ធ្វើឡើងក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាអនុប្រធានអចិន្រ្តៃយ៍សហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន និងទស្សនិកជនជាច្រើនផងដែរ។

តេជោលីគ ត្រូវបានរៀបចំឡើងដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទះឲ្យកម្ពុជាឲ្យកាន់តែរីកចម្រើន ក៏ដូចជាការជំរុញស្មារតីយុវជន ឲ្យចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងភាពរីកចម្រើនរបស់វិស័យកីឡាជាតិ។ សម្រាប់រដូវកាលទី៣ នេះ មានបេក្ខភាព ៨ក្រុមចូលរួម ដែលនឹងចាប់ផ្ដើមប្រកួតសន្សំពិន្ទុជុំទី១ ពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា មុនបន្ដការប្រកួតជុំទី២ នាថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដាខាងមុខ។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតថ្ងៃដំបូងនេះដែរ គឺមាន ៤គូ ក្នុងនោះក្រុមជើងឯក ២សម័យ បញ្ជាការដ្ឋានអង្គរក្ស នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ដោយបានយកឈ្នះក្រុមវិសាខា ៣-២ ជាមួយពិន្ទុ ២១-២៥, ២៥-២៣, ១៩-២៥, ៣១-២៩ និង ២០-១៨។ រីឯក្រុក្រសួងមហាផ្ទៃ បានយកឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ៣-១សិត ក្នុងពិន្ទុ ២៥-១៩, ២៣-២៥, ២៥-១៧ និង ២៨-២៦។ ក្រុមស្នងការនគរបាលខេត្តស្វាយរៀង យកឈ្នះក្រុមកងពលធំអន្ដរាគមន៍លេខ៣ ៣-០សិត ក្នុងពិន្ទុ ២៥-២០, ២៥-២២ និង ២៥-១៧ និងក្រុមស្នងការនគរបាលខេត្តកោះកុង បានឈ្នះក្រុមស្នងការនគរបាលខេត្តព្រះសីហនុ ៣-១សិត ក្នុងពិន្ទុ ២៥-២១, ២៣-២៥, ២៥-២១ និង ២៥-១៨។

គួរដឹងថា ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុជុំទី១ ក្រុមដែលឈរលេខ១ ដល់លេខ៦ នឹងបន្ដដំណើរទៅជុំទី២។ ប៉ុន្ដែកំឡុងពេលសម្រាក មុនចាប់ផ្ដើមការប្រកួតជុំបន្ទាប់ ក្លិបទាំង ៦ ដែលបានឡើងជុំបន្ដ ក៏អាចផ្លាស់ប្ដូរកីឡាករថ្មី ដើម្បីរៀបចំ និងពង្រឹងក្រុមត្រៀមការប្រកួតឲ្យកាន់តែជក់ចិត្ត ។ បន្ថែមលើលក្ខខណ្ឌមួយចំនួន ដូចជាការផ្ដល់នូវប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមចំណាត់ថ្នាក់លេខ១ នៅជុំទី១ និងជុំទី២ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ សង្ឃឹមថា ការប្រកួត តេជោលីគ​ ឆ្នាំនេះ នឹងទាក់ទាញការគាំទ្រកាន់តែច្រើនបន្ថែមទៀត៕