ការបង្កើតពាន Daiichi Junior Cup ទទួលបានការសាទរ និងរំពឹងរួមចំណែកជំរុញក្ដីស្រម៉ៃកុមារកម្ពុជា
17-05-2026 11:59
(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់កុមារ Daiichi Junior Cup រដូវកាលទី១ ឆ្នាំ២០២៦ គ្រោងនឹងចាប់ផ្ដើមការប្រកួតជម្រុះមណ្ឌលដំបូង នាចុងខែឧសភានេះ ជាមួយការសាទរពីភាគីពាក់ព័ន្ធ ដោយរំពឹងព្រឹត្តិការណ៍នេះ នឹងក្លាយជាវេទិកាបំផុសស្មារតីកីឡា និងជំរុញក្ដីស្រម៉ៃរបស់កុមារកម្ពុជា ឈានក្លាយទៅជាកីឡាករអាជីព ឬជម្រើសជាតិនាថ្ងៃអនាគត។
នេះបើតាមការលើកឡើងរបស់គ្រូបង្វឹក ដែលជាសិក្ខាកាមបានចូលរួមសិក្ខាសាលា រៀបចំដោយក្រុមការងាររៀបចំពានរង្វាន់បាល់ទាត់កុមារខាងលើ កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅ នៅសាលប្រជុំជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប ដើម្បីផ្សព្វផ្សាយអំពីបទប្បញ្ញត្តិ និងច្បាប់នៃការប្រកួតពានរង្វាន់ Daiichi Junior Cup មុនចាប់ផ្ដើមការប្រកួតជាផ្លូវការ។ សិក្ខាសាលានេះ មានគ្រូបង្រៀន សិស្សានុសិស្ស តំណាងក្រុម និងកីឡាករប្រមាណ ១៥០នាក់ចូលរួម។
លោក ចាន់ លៀងស៊ីម គ្រូបង្វឹកសាលាបាល់ទាត់ Golden Lion បានបង្ហាញការគាំទ្រ ចំពោះការបង្កើតពានកុមារកម្រិតអាយុក្រោម ១២ឆ្នាំ និង ១៤ឆ្នាំនេះឡើង និងមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថែមទៀត។ ជាពិសេសការរៀបចំសិក្ខាសាលាមុនការប្រកួត ពិតជាល្អដើម្បីបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងបាល់ទាត់ ដូចជាគោលការណ៍ Fair-Play ដែលជាលក្ខខណ្ឌចាំបាច់ពួកគេត្រូវការ។
លោកថា «បច្ចុប្បន្នបាល់ទាត់កម្ពុជា កំពុងរីកចម្រើនខ្លាំង។ នេះជាឱកាសសម្រាប់ពួកគាត់ ឈានទៅចាប់ក្ដីស្រម៉ៃក្លាយជាកីឡាករអាជីព ឬកីឡាករជម្រើសជាតិនាថ្ងៃអនាត។ ពេលមានការប្រកួតកាន់តែច្រើន ពួកគាត់មានឱកាសអភិវឌ្ឍខ្លួនកាន់តែរីកចម្រើន។ ដូច្នេះខ្ញុំជឿជាក់ថា ពាននេះនឹងទទួលបានការគាំទ្រច្រើន ពិសេសតាមបណ្ដារាជធានី-ខេត្តត្រូវរៀបចំ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់ជាតិ ហើយក៏សង្ឃឹមថា នឹងមានរៀបចំជាបន្ដបន្ទាប់ទៀតដែរ»។
លោក សេង សុភ័ក្ត្រ នាយកប្រតិបត្តិក្រុមហ៊ុនភីកឌីជីថល ដែលរៀបចំពាននេះ លើកឡើងថា ព្រឹត្តិការណ៍នេះ ផ្ដោតលើការពង្រឹង និងផ្ដល់ឱកាសដល់កុមារ ក៏ដូចជាយុវជនជំនាន់ក្រោយ។ តាមរយៈការផ្សព្វផ្សាយនូវលក្ខខណ្ឌពិសេសៗមុនការប្រកួត នឹងបញ្ជ្រាបនូវគោលបំណងកាន់តែស៊ីជម្រៅដល់អ្នកដែលត្រៀមចូលរួម ហើយលោកសង្ឃឹមថា កម្មវិធីនេះនឹងក្លាយជាគំរូដ៏ល្អមួយ នៃការសហការគ្នាដើម្បីសង្គម និងធនធានបន្ដវេនក្នុងវិស័យបាល់ទាត់កម្ពុជា។
ជាមួយគ្នាដែរ លោក ឆុំ សុភក្ដិ នាយកវិទ្យាល័យព្រែកលៀប បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះការផ្ដួចផ្ដើមរៀបចំពានបាល់ទាត់កុមារនេះ ព្រមទាំងបានត្រៀមខ្លួន និងលើកទឹកចិត្តដល់សិស្សានុសិស្ស ឲ្យចូលរួមប្រកួត ដ្បិតលោកយល់ថា នេះគឺជាកម្មវិធី និងឱកាសដ៏ល្អសម្រាប់កុមារ និងយុវជនកម្ពុជា បង្ហាញសមត្ថភាព ទេពកោលសល្យ ពិសេសទទួលបាននូវសុខភាពល្អ ក្រោយទំនេរពីការសិក្សា ស្របតាមគោលការណ៍របស់សាលា ក៏ដូចជាក្រសួងអប់រំផងដែរ។
សូមបញ្ជាក់ថា ពានរង្វាន់ Daiichi Junior Cup នឹងធ្វើការប្រកួតចំនួន ៤មណ្ឌល ដើម្បីស្វែងរកក្រុមកុមារឆ្នើម ក្នុងមណ្ឌលភ្នំពេញ នឹងធ្វើការប្រកួតជម្រុះមុនគេ នាថ្ងៃទី៣១ ខែឧសភានខាងមុខ មុនបន្ដការប្រកួត ទៅមណ្ឌលបាត់ដំបង នាថ្ងៃទី២៦ ខែមិថុនា, មណ្ឌលសៀមរាប នាថ្ងៃទី២១ ខែកក្កដា និងចុងក្រោយ ការប្រកួតជម្រុះ និងប្រកួតថ្នាក់ជាតិ នៅមណ្ឌលភ្នំពេញវិញ នាថ្ងៃទី០១-០២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ៕












