យល់ដឹងផ្នែកច្បាប់៖ អានុភាពនៃបណ្តាំមត៌ក

17-05-2026 14:30

(ភ្នំពេញ)៖ សម្រាប់អត្ថបទនេះ ប្រិយមិត្តនឹងបានស្វែងយល់បន្ថែមទៀត ជុំវិញបញ្ហាពាក់ព័ន្ធនឹងបណ្តាំមត៌ក ដែលផ្តោតសំខាន់លើ «អានុភាពនៃបណ្តាំមត៌ក» ដើម្បីជាការបំពេញបន្ថែមទៅលើប្រធានបទពីមុនៗ ដែលមានដូចជា «សារប្រយោជន៍នៃការធ្វើបណ្តាំមត៌ក» និង «ការចាត់ចែងទ្រព្យសម្បត្តិក្រោយពេលធ្វើបណ្តាំមត៌ក»។

បើនិយាយអំពីបណ្តាំមត៌ក គឺសំដៅដល់លិខិតបណ្តាំដែលបុគ្គលម្នាក់បានធ្វើឡើងតាមទម្រង់ដែលកំណត់ដោយច្បាប់ ដើម្បីសម្តែងឆន្ទៈចុងក្រោយ អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន ជាអាទិ៍ បន្ទាប់ពីមរណភាព។ ហេតុដូច្នេះ ក្រោយពេលធ្វើបណ្តាំមត៌ករួចរាល់ តើបណ្តាំនោះកើតមានអានុភាពភ្លាមៗដែរឬទេ ឬ បើមិនដូច្នេះទេ តើបណ្តាំនោះកើតមានអានុភាពនៅពេលណាដែរ?

ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីផ្លូវច្បាប់នូវករណីខាងលើនេះ សម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ វិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកនូវប្រធានបទស្តីពី «អានុភាពនៃបណ្តាំមត៌ក» មកធ្វើការបកស្រាយចម្ងល់ជូនសាធាណជន និងសិស្ស និសិ្សត ដែលមានខ្លឹមសារដូចតទៅ៖

ការធ្វើបណ្តាំមត៌ក មានគោលបំណងចាត់ចែងទ្រព្យសម្បត្តិរបស់ម្ចាស់បណ្តាំឱ្យទៅបុគ្គលម្នាក់ ឬ ច្រើននាក់ ក្រោយពេលសន្តតិកម្មចាប់ផ្តើមកើតមានឡើង ដោយមរណភាពរបស់ម្ចាស់បណ្តាំ។ បណ្តាំមត៌កនេះ មិនកើតមានអានុភាពភ្លាមៗនោះទេ ក្រោយពេលដែលបណ្តាំនោះត្រូវបានធ្វើឡើងរួចរាល់។ មានន័យថា ទោះបីជាបណ្តាំមត៌កត្រូវបានធ្វើឡើងរួចរាល់ ទោះតាមទម្រង់ណាក៏ដោយ ក៏ទ្រព្យសម្បត្តិដែលមានកំណត់នៅក្នុងបណ្តាំនោះនៅតែស្ថិតក្រោមកម្មសិទ្ធិរបស់ម្ចាស់បណ្តាំដដែល។ តាមរយៈនេះ ម្ចាស់បណ្តាំនៅរក្សាសិទ្ធិពេញលេញក្នុងការចាត់ចែង ឬ ផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួនដូចមានកំណត់នៅក្នុងបណ្តាំនោះ ដែលអាចជាការលក់ ដូរ ឬធ្វើអំណោយ ជាអាទិ៍ ទោះដោយយក ឬមិនយកតម្លៃថ្នូរ ឱ្យទៅបុគ្គលណាមួយ ដោយសេរី និងដោយគ្មានការរឹតត្បិតណាមួយនោះទេ។

យ៉ាងណាមិញ បើជជែកអំពីអានុភាពនៃបណ្តាំមត៌ក ជាគោលការណ៍ គឺត្រូវបង្កើតអានុភាព ចាប់ពីពេលដែលម្ចាស់បណ្តាំបានទទួលមរណភាព។ បានសេចក្តីថា ទ្រព្យសម្បត្តិដែលបានកំណត់នៅក្នុងបណ្តាំមត៌ក នឹងធ្លាក់ជាកម្មសិទ្ធិដល់បុគ្គលដែលម្ចាស់បណ្តាំបានកំណត់ទុកជាមុននោះ ចាប់ពីពេលដែលម្ចាស់បណ្តាំបានទទួលមរណភាព។

ឧទាហរណ៍៖នៅថ្ងៃទី ០១.០១.២០២៥ លោក A បានសរសេរបណ្តាំមត៌កដែលមានខ្លឹមសារថា៖ “ឱ្យដី L ទៅកូន B”។ នៅថ្ងៃទី ០១.០១.២០២៦ លោក A បានទទួលមរណភាព។

ផ្អែកតាមអង្គហេតុខាងលើ នៅថ្ងៃទី ០១.០១.២០២៦ គឺជាកាលបរិច្ឆេទដែលបណ្តាំមត៌កបង្កើតអានុភាព ហើយក៏ជាកាលបរិច្ឆេទដែល B ទទួលបានកម្មសិទ្ធិលើដី L ផងដែរ។

ប៉ុន្តែ នៅក្នុងករណីមួយចំនួន ទោះបីជាមានមរណភាពរបស់ម្ចាស់បណ្តាំយ៉ាងណាក្តី ក៏អានុភាពនៃបណ្តាំមត៌កនោះមិនទាន់កើតមានឡើងនៅឡើយ។ ស្ថានភាពដែលនាំឱ្យមានការបង្អង់នូវការកើតមានឡើងនូវអានុភាពនៃបណ្តាំមត៌កនេះ ត្រូវបានច្បាប់ហៅថា ល័ក្ខខ័ណ្ឌបង្អង់ ដែលមានអត្ថន័យថា បណ្តាំមត៌កនោះមានភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌបង្អង់។

ល័ក្ខខ័ណ្ឌបង្អង់ អាចត្រូវបានដាក់គ្រប់ចំណុចទាំងអស់ ឬ តែមួយផ្នែកនៃបណ្តាំមត៌ក ដោយអាស្រ័យទៅតាមឆន្ទៈ ឬ បំណងរបស់ម្ចាស់បណ្តាំ។ ប្រសិនបើល័ក្ខខ័ណ្ឌបង្អង់នោះ ត្រូវបានកម្រិតត្រឹមតែមួយផ្នែកនៃបណ្តាំមត៌ក នោះផ្នែកផ្សេងទៀតដែលមិនជាប់ពាក់ព័ន្ធនឹងល័ក្ខខ័ណ្ឌ នឹងកើតមានអានុភាពជាធម្មតា នៅពេលដែលម្ចាស់បណ្តាំទទួលមរណភាព ដោយមិនទទួលរងនូវអានុភាពនៃល័ក្ខខ័ណ្ឌបង្អង់នោះឡើយ។

ចំពោះអត្ថន័យនៃល័ក្ខខ័ណ្ឌបង្អង់វិញ តាមន័យច្បាប់ គឺសំដៅដល់ព្រឹត្តិការណ៍ដែលកើតឡើងនាពេលអនាគតហើយដែលមិនទៀងទាត់។ ល័ក្ខខ័ណ្ឌនេះ ត្រូវតែជាព្រឹត្តិការណ៍ ឬ ស្ថានភាពដែលមិនប្រាកដថានឹងកើតមានឡើងនោះទេ។ នៅក្នុងករណីដែលបណ្តាំមត៌កភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌបង្អង់ បើល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញនៅក្រោយពេលដែលម្ចាស់បណ្តាំបានទទួលមរណភាព បណ្តាំមត៌កនោះត្រូវមានអានុភាព ចាប់ពីពេលដែលល័ក្ខខ័ណ្ឌនោះត្រូវបានបំពេញ ហើយទ្រព្យសម្បត្តិដែលត្រូវបានកំណត់នៅក្នុងបណ្តាំមត៌ក ត្រូវបានចាត់ទុកថាបានធ្លាក់ទៅសន្តតិជនដែលនឹងត្រូវទទួលទ្រព្យសម្បត្តិនោះ ដោយប្រតិសកម្ម (ធាក់ថយក្រោយ) គិតចាប់តាំងពីពេលដែលម្ចាស់បណ្តាំបានទទួលមរណភាព។

ឧទាហរណ៍៖ នៅថ្ងៃទី ០១.០១.២០២៥ លោក A បានសរសេរបណ្តាំមត៌កដែលមានខ្លឹមសារថា៖ «ឱ្យដី L ទៅកូន B បើកូន B បានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់»។ នៅថ្ងៃទី ០១.០១.២០២៦ A បានទទួលមរណភាព។ នៅថ្ងៃទី ០១.០១.២០២៧ B បានរៀបអាពាហ៍ពិពាហ៍ជាមួយ C។

ផ្អែកតាមខ្លឹមសារនៃបណ្តាំមត៌កខាងលើ ទោះបីជាសន្តតិកម្មរបស់ A បានចាប់ផ្តើមយ៉ាងណាក៏ដោយ ក៏ប៉ុន្តែអានុភាពនៃបណ្តាំមត៌កនោះមិនទាន់កើតឡើងនៅឡើយ ដោយសារតែមានភ្ជាប់ល័ក្ខខ័ណ្ឌបង្អង់។ ការរៀបអាពាហ៍ពិពាហ៍គឺជាល័ក្ខខ័ណ្ឌដើម្បីទទួលបានដី L។ ជាក់ស្តែង B បានរៀបអាពាហ៍ពិពាហ៍ជាមួយ C នៅថ្ងៃទី ០១.០១.២០២៧ ដែលជាកាលបរិច្ឆេទក្រោយពេលមរណភាពរបស់ A (ថ្ងៃទី ០១.០១.២០២៦) ដូចនេះ B ទទួលបានកម្មសិទ្ធិលើ ដី L ដោយប្រតិសកម្ម គិតចាប់តាំងពីពេលដែល A បានទទួលមរណភាព ពោលគឺនៅថ្ងៃទី ០១.០១.២០២៦។

ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ ប្រសិនបើ B បានរៀបអាពាហ៍ពិពាហ៍មុនពេលដែល A ទទួលមរណភាព ត្រូវចាត់ទុកថាបណ្តាំមត៌កនោះគ្មានភ្ជាប់ជាមួយនឹងល័ក្ខខ័ណ្ឌឡើយ។ មានន័យថា នៅពេលដែល A ទទួលមរណភាព កម្មសិទ្ធិលើ ដី L នឹងធ្លាក់លើ B ភ្លាមៗ។

ដោយឡែក ល័ក្ខខ័ណ្ឌដែលអាចត្រូវបានដាក់ ឬ កំណត់ដោយមតកជន ទៅលើខ្លឹមសារ ឬ ចំណុចនៃបណ្តាំមត៌ក ត្រូវតែជាល័ក្ខខ័ណ្ឌដែលស្របច្បាប់ និងអាចអនុវត្តបាន ដោយមិនត្រូវផ្ទុយនឹងច្បាប់ ឬ សណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អនោះទេ បើមិនដូច្នេះទេ ល័ក្ខខ័ណ្ឌនោះត្រូវចាត់ទុកជាមោឃៈ។ បើល័ក្ខខ័ណ្ឌដែលបានកំណត់នៅក្នុងបណ្តាំមត៌កក្លាយទៅជាមោឃៈ បណ្តាំមត៌កនោះគ្មានភ្ជាប់ល័ក្ខខ័ណ្ឌបង្អង់ទៀតនោះទេ។

ឧទាហរណ៍៖នៅថ្ងៃទី ០១.០១.២០២៥ លោក A បានសរសេរបណ្តាំមត៌កដែលមានខ្លឹមសារថា៖ «ឱ្យដី L ទៅកូន B បើកូន B បានសម្លាប់ លោក C»។ នៅថ្ងៃទី ០១.០១.២០២៦ លោក A បានទទួលមរណភាព។

ផ្អែកតាមអង្គហេតុខាងលើ ការសម្លាប់ C គឺជាល័ក្ខខ័ណ្ឌ ប៉ុន្តែល័ក្ខខ័ណ្ឌនេះ ផ្ទុយនឹងច្បាប់ សណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ហេតុដូច្នេះ ល័ក្ខខ័ណ្ឌនោះត្រូវចាត់ទុកជាមោឃៈ។ ជាលទ្ធផល B ទទួលបានកម្មសិទ្ធិលើ ដី L ចាប់តាំងពីពេលដែល A បានទទួលមរណភាព ពោលគឺនៅថ្ងៃទី ០១.០១.២០២៦។

រៀបរៀងដោយ លោកមេធាវី វ៉ៃ ភីរក្ស
អ្នកបណ្តុះបណ្តាលកម្មវិធីវិភាគទានច្បាប់