Neymar ផ្ទុះកំហឹង នៅពេលអាជ្ញាកណ្តាលប្តូរខុស
18-05-2026 09:52
(បរទេស)៖ ខ្សែប្រយុទ្ធ Neymar មានការខឹងសម្បារជាខ្លាំងជាមួយនឹងអាជ្ញាកណ្តាលទី៤ ដែលបានលើកផ្លាកប្តូររូបគេខុស នៃជំនួបដែលក្លិប Santos បានរងបរាជ័យ ៣-០ ក្រោមថ្វីជើងរបស់ Coritiba ក្នុងលីគកំពូលប្រេស៊ីល Serie A កាលពីសប្តាហ៍មុន។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ៣៤ឆ្នាំខាងលើនេះបានកំពុងស្វែងរកភាពខ្លាំងឡើងវិញ មុន ១ថ្ងៃ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិប្រេស៊ីល លោក Carlo Ancelotti ប្រកាសពីបញ្ជីឈ្មោះកីឡាករទាំង ២៦នាក់ចុងក្រោយ ដើម្បីទៅលេង World Cup 2026។
តែយ៉ាងណា រូបលោកត្រូវបានប្តូរចេញ ក្រោយលេងបាន ៦៥នាទី ដោយដាក់ជំនួសមកវិញ Robinho Jr នៅពេលអាជ្ញាកណ្តាលទី៤ បានលើកក្តារប្តូរកីឡាករលេខ១០ របស់ Neymar ដែលបានចេញពីទីលានបណ្តោះអាសន្ន ដោយសារមានរបួសនោះ។
មុនពេលផ្លាស់ប្តូរ អាជ្ញាកណ្តាល Gonzalo Escobar មិនបានសួរនាំ ឬបញ្ជាក់ពីកីឡាករច្បាស់ឡើយ នៅពេលដែល Neymar ក៏ទទួលបានកាតលឿងទៀតផង ក៏ព្រោះតែព្យាយាមចូលលេងវិញ មុនពេលចាកចេញពីទីលានដោយយកស្លាកប្រធានក្រុមចង្អុលមុខលោក Escobar ថែមទៀត។
ទាក់ទិននឹងបញ្ហានេះ Santos ក៏បានចេញសេចក្តីថ្លែងការណ៍បង្ហោះនៅលើបណ្តាញសង្គមថា «មន្រ្តីអាជ្ញាកណ្តាលទី៤ បានបង្កកំហុស ចំពោះការប្តូរកីឡាកខុសយ៉ាងប្រាកដ»។
Neymar នៅតែជាកីឡាករដែលរកបាន ៧៩គ្រាប់ច្រើនជាងគេសម្រាប់ក្រុមបាល់ទាត់សាំបាប្រេស៊ីល និងបានខកខានលេងឱ្យជម្រើសជាតិតាំងពីឆ្នាំ២០២៣ ដោយសារញាំញីដោយបញ្ហារបួសជាខ្លាំង។ រូបលោកបានបន្តកិច្ចសន្យាថ្មីលេង នៅ Santos រហូតដល់ចប់ឆ្នាំ២០២៦ និងខិតជិតមានឈ្មោះលេង World Cup រដូវក្តៅនេះនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាថែមទៀត៕



