McGregor នឹងវិលមកប្រកួតជាមួយ Holloway វិញនាខែកក្កដាខាងមុខ ក្រោយបាត់មុខអស់ ៥ឆ្នាំ
18-05-2026 10:26
(បរទេស)៖ កីឡាករប្រដាល់ក្នុងទ្រុង Conor McGregor នឹងវិលមកកាន់សង្វៀនវិញជាលើកដំបូង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដែលត្រូវប្រឈមមុខនឹង Max Holloway នៅឯទីលាន UFC 329 ស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
ជើងខ្លាំងសញ្ជាតិអៀរឡង់ វ័យ ៣៧ឆ្នាំរូបនេះ ពុំដែលបានឡើងប្រកួតប្រដាល់ណាមួយឡើយ គិតចាប់តាំងពីរងរបួសបាក់ជើង នៅពេលចាញ់ក្រោមកណ្តាប់ដៃរបស់ Dustin Poirier កាលឆ្នាំ២០២១ មក។
McGregor ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា អតីតម្ចាស់ជើងឯកពិភពលោក ខ្សែក្រវាត់ UFC ទាំងកម្រិត featherweight និង lightweight។
ដំបូងឡើយ រូបលោកត្រូវបានផ្គូផ្គងឱ្យពើបប្រទះកីឡាករអាមេរិក Michael Chandler ក្នុងឆ្នាំ២០២៤ ក៏ប៉ុន្តែត្រូវបានលុបចោលវិញ មុនពេលសល់ ២សប្តាហ៍ដល់ថ្ងៃប្រកួត ក៏ព្រោះតែ McGregor មានរបួសម្រាមជើង នៅមុនពេលចាប់គូឱ្យជួប Holloway ជាលើកទី២ វិញដែល McGregor បានយកឈ្នះកាលឆ្នាំ២០១៣ ដោយពិន្ទុ ពីការដណ្តើមខ្សែក្រវាត់ UFC featherweight៕



