រដ្ឋាភិបាលកូរ៉េខាងត្បូងលូកដៃបន្ទាន់ ខណៈកម្មករ Samsung ជាង៤ម៉ឺននាក់ ត្រៀមធ្វើកូដកម្មធំមិនធ្លាប់មាន
18-05-2026 10:45
(បរទេស)៖ ក្រុមហ៊ុន Samsung Electronics និងសហជីពការងារកូរ៉េខាងត្បូង បានចាប់ផ្តើមកិច្ចពិភាក្សាប្រាក់ឈ្នួលជុំថ្មីមួយ ក្រោមការសម្របសម្រួលពីរដ្ឋាភិបាលនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ក្នុងគោលបំណងបញ្ចៀសការធ្វើកូដកម្មនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ដែលក្តោបក្តាប់ជិតមួយភាគបួននៃការនាំចេញសរុបរបស់ប្រទេស។
កិច្ចពិភាក្សានេះបានធ្វើឡើង បន្ទាប់ពីការចរចាជុំទីមួយស្តីពីប្រាក់ឈ្នួល និងគម្រោងប្រាក់រង្វាន់ (Bonus) បានបរាជ័យកាលពីសប្តាហ៍មុន មុនពេលដែលការធ្វើកូដកម្មគ្រោងនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ នៅឯក្រុមហ៊ុនផលិតបន្ទះឈីបចងចាំ (Memory Chip) ធំបំផុតនៅលើពិភពលោកមួយនេះ។ មុនពេលកិច្ចប្រជុំ មេដឹកនាំសហជីពម្នាក់បានប្រាប់អ្នកយកព័ត៌មានថា ខ្លួននឹងចូលរួមក្នុងកិច្ចពិភាក្សាដោយស្មោះត្រង់។ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង រួមទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានសម្តែងការព្រួយបារម្ភថា ការធ្វើកូដកម្មត្រូវតែបញ្ចៀសឱ្យខានតែបាន ដោយបានព្រមានថា វាអាចបង្កហានិភ័យធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ច ការនាំចេញ និងទីផ្សារហិរញ្ញវត្ថុ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីថ្ងៃច័ន្ទថា សិទ្ធិគ្រប់គ្រងរបស់ក្រុមហ៊ុនគួរតែត្រូវបានគោរពដូចគ្នានឹងសិទ្ធិរបស់កម្មករដែរ។ លោក Lee បានសរសេរថា៖ «នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានអនុវត្តរបបប្រជាធិបតេយ្យសេរី និងសេដ្ឋកិច្ចទីផ្សារសេរី (មូលធននិយម) កម្លាំងពលកម្មគួរតែត្រូវបានគោរពដូចជាអាជីវកម្មដែរ ហើយសិទ្ធិគ្រប់គ្រងសាជីវកម្មក៏គួរតែត្រូវបានគោរពដូចជាសិទ្ធិពលកម្មផងដែរ»។ លោកបានបន្តថា កម្មករគួរតែទទួលបានការទូទាត់សំណងប្រកបដោយយុត្តិធម៌សម្រាប់កម្លាំងពលកម្មរបស់ពួកគេ ខណៈដែលម្ចាស់ភាគហ៊ុនដែលជាអ្នកទទួលរងហានិភ័យ និងការខាតបង់តាមរយៈការវិនិយោគ ក៏សមនឹងទទួលបានចំណែកនៃប្រាក់ចំណេញរបស់សាជីវកម្មផងដែរ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics បានងើបឡើងវិញភ្លាមៗបន្ទាប់ពីការបង្ហោះសាររបស់លោក Lee ដោយបានកើនឡើងរហូតដល់ 3.5% នៅក្នុងការជួញដូរពេលព្រឹក បើធៀបនឹងការធ្លាក់ចុះ 1.5% នៃសន្ទស្សន៍ស្តង់ដារ KOSPI។
ទោះជាយ៉ាងណាក៏ដោយ សហជីពបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងមិនចុះចាញ់នឹងសម្ពាធលើការធ្វើអាជ្ញាកណ្តាលនោះទេ ហើយនឹងមិនព្រមព្រៀងលើកិច្ចព្រមព្រៀងប្រាក់ឈ្នួលឡើយ ប្រសិនបើក្រុមហ៊ុនផ្តល់សំណើដែលមិនសូវមានអំណោយផល (មានលក្ខខណ្ឌមិនល្អ)។ កម្មករច្រើនជាង ៤៥,០០០ នាក់ កំពុងគំរាមកំហែងធ្វើកូដកម្មដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ដោយអូសបន្លាយពេល ១៨ ថងៃ ចាប់ពីថ្ងៃទី ២១ ខែឧសភា តទៅ ដែលអាចនឹងរំខានដល់ការផលិតបន្ទះឈីបចងចាំ ដែលជាសមាសធាតុសំខាន់នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ AI (AI Data Centers) ទូរស័ព្ទស្មាតហ្វូន និងកុំព្យូទ័រយួរដៃ ខណៈដែលក្រុមហ៊ុន Samsung និងសហជីពកំពុងតស៊ូស្វែងរកការសម្របសម្រួលលើការបើកប្រាក់រង្វាន់។
របាយការណ៍ដែលស្រង់សម្តីអ្នកចូលរួមក្នុងកិច្ចប្រជុំម្នាក់បានឱ្យដឹងថា ថ្នាក់ដឹកនាំបាននិយាយថា អតិថិជនមួយចំនួនបានបញ្ជាក់ថា ពួកគេអាចនឹងផ្អាកការទទួលយកការដឹកជញ្ជូនទំនិញជាបណ្តោះអាសន្នក្នុងអំឡុងពេលធ្វើកូដកម្ម ដោយសារតែពួកគេមិនអាចធានាបាននូវគុណភាពផលិតផល។ យ៉ាងណាមិញ ខាងក្រុមហ៊ុន Samsung បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ៕










