ត្រៀមខ្លួនហើយឬនៅ? Apple ជិតបញ្ចេញកម្មវិធី Siri ថ្មីសន្លាង ជាមួយមុខងារការពារឯកជនភាពលំដាប់ខ្ពស់!
18-05-2026 11:11
(បរទេស)៖ នៅក្នុងព្រឹត្តិការណ៍ WWDC 2026 នាខែក្រោយនេះ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងដាក់ឱ្យប្រើប្រាស់កម្មវិធី Siri ថ្មីដាច់ដោយឡែកមួយ (Standalone App) ក្នុងទម្រង់សាកល្បង (Beta) សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 27។ កម្មវិធី Siri ថ្មីនេះ នឹងបំប្លែងខ្លួនទៅជា Chatbot វៃឆ្លាតដែលអាចឱ្យអ្នកប្រើប្រាស់ជជែកសន្ទនា បញ្ជាដោយសំឡេង និងបង្ហោះឯកសារផ្សេងៗបានយ៉ាងងាយស្រួល ស្រដៀងទៅនឹង ChatGPT ដែរ។ អ្វីដែលកាន់តែពិសេសនោះ គឺវាមានសមត្ថភាពខ្លាំងជាងមុន ដោយសារតែ Apple បានចាប់ដៃគូជាមួយ Google ក្នុងការនាំយកម៉ូដែល AI «Gemini» មកជំនួយដល់ដំណើរការរបស់ Siri។ នេះបើយោងតាមការចេញផ្សាយដោយ 9to5Mac នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
ចំណុចលេចធ្លោបំផុតនៃកម្មវិធី Siri ថ្មីនេះ គឺការផ្តោតខ្លាំងលើសុវត្ថិភាពទិន្នន័យឯកជន។ យោងតាមរបាយការណ៍ពីលោក Mark Gurman របស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា Siri នឹងមកជាមួយមុខងារ «លុបប្រវត្តិជជែកដោយស្វ័យប្រវត្តិ» (Auto-deleting chats) ដូចទៅនឹងកម្មវិធី iMessage ដែរ ដែលអ្នកប្រើប្រាស់អាចកំណត់ឱ្យលុបបន្ទាប់ពី ៣០ ថ្ងៃ ឬ ១ ឆ្នាំ។ លើសពីនេះ រាល់ការសន្ទនានឹងត្រូវដំណើរការលើ Cloud ឯកជនរបស់ Apple ផ្ទាល់ (Private Cloud Compute) ដូចនេះ Google មិនអាចយកទិន្នន័យរបស់អ្នកទៅហ្វឹកហាត់ម៉ូដែល AI របស់ពួកគេបានឡើយ។
ទោះជាយ៉ាងណា Apple នឹងនៅតែរក្សាស្លាកសញ្ញា «Beta» (ជំនាន់សាកល្បង) ដដែល សូម្បីតែពេលដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅចុងឆ្នាំនេះក៏ដោយ។ នៅក្នុងរបាយការណ៍ផ្ទៃក្នុងរបស់ Apple បានបញ្ជាក់ថា៖ «កំណែសាកល្បងនៃ iOS 27 នៅក្នុងផ្ទៃក្នុងរបស់ Apple បានប្រើប្រាស់ស្លាកសញ្ញានេះសម្រាប់ Siri ថ្មី និងមានប៊ូតុងបិទ/បើក (Toggle) ដើម្បីចាកចេញពី Siri Beta [...] ទាំងអស់នេះមានន័យថា ទោះបីជាមានការយឺតយ៉ាវអស់រយៈពេលពីរឆ្នាំក៏ដោយ ក្រុមហ៊ុននៅតែអាចដាក់ប្រេនឱ្យមុខងារថ្មីៗទាំងនេះថាជាមុខងារដែលមិនទាន់រួចរាល់ទាំងស្រុង (Unfinished) ដដែល»។
គួរជម្រាបថា អ្នកសរសេរអត្ថបទដើមក៏បានបង្ហាញទស្សនៈផ្ទាល់ខ្លួន និងការរំពឹងទុកចំពោះមុខងារថ្មីនេះផងដែរថា៖ «ក្នុងនាមជាអ្នកសរសេរអត្ថបទម្នាក់ ខ្ញុំពិតជាប្រាថ្នាចង់ឱ្យ Apple មានមុខងារបិទ/បើកលម្អិតសម្រាប់មុខងារនីមួយៗរបស់ Apple Intelligence ជាជាងការប្រើប្រាស់ប៊ូតុងបិទ/បើកតែមួយរួមគ្នាបែបនេះណាស់។» ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរចំពោះកម្មវិធី Siri ថ្មីនេះ?










