Arsenal ត្រូវតែឈ្នះ Burnley រាត្រីនេះ ដើម្បីនាំមុខ Man City ៥ពិន្ទុ ប្រជែងជើងឯក Premier League
18-05-2026 11:50
(ឡុងដ៍)៖ ក្រុមកំពូលតារាង កាំភ្លើងធំ Arsenal ត្រូវតែយក ៣ពិន្ទុពីក្រុមភ្ញៀវ Burnley នាម៉ោង ២រំលងអាធ្រាត្រនេះ ឱ្យបាន ដើម្បីបង្កើនគម្លាតនាំមុខគូប្រជែង Manchester City ៥ពិន្ទុ ក្នុងដំណើរស្វែងរកជើងឯកលីគអង់គ្លេស Premier League លើកដំបូង គិតចាប់តាំងពីឆ្នាំ២០០៤។
ក្រោយឆ្លងកាត់ ៣៦ប្រកួតនៅ Premier League 2025-2026 កាំភ្លើងធំបានកំពុងឈរទីកំពូលតារាងដ៏រឹងមាំ ជាមួយនឹង ៧៩ពិន្ទុសរុប គ្រាដែលមេឃខៀវរបស់លោក Pep Guardiola តាមពីក្រោយយ៉ាងប្រកៀកជាមួយនឹង ៧៧ពិន្ទុ ដោយនៅសល់ ២ប្រកួតទៀតដូចគ្នា។
ក្នុងប្រកួតទី៣៧ ជើងទី២ នៅកីឡដ្ឋាន Emirates រាត្រីនេះ ក្រុមរបស់លោក Mikel Arteta មិនប្រាថ្នាត្រឹមស្មើ ដែលនឹងទទួលបាន ១ពិន្ទុឡើយ ព្រោះអាចមិនបានលើកពានលីគរដូវកាលនេះ ប្រសិនបើ City ឈ្នះទាំង ២ប្រកួតដែលនៅសល់ ដ្បិតលីគអង់គ្លេសគិតលើគ្រាប់បាល់ចំណេញ ខុសពីលីគ La Liga របស់អេស្ប៉ាញដែលគិតតាមរូបមន្ត head-to-head (ប្រវត្តិជួបគ្នា)។
Arsenal ត្រូវលេងបិទរដូវកាលនេះរបស់ពួកគេនៅក្នុងផ្ទះរបស់ Crystal Palace នាម៉ោង ១០យប់ ថ្ងៃទី២៤ ខែឧសភា មុនពេលប៉ះក្រុមការពារជើងឯក PSG វគ្គផ្តាច់ព្រ័ត្រ UEFA Champions League 2025-26 នៅឯទីក្រុង Budapest ប្រទេសហុងគ្រី នាថ្ងៃទី៣០ នៃខែដដែល នៅពេលដែល AFC Bournemouth និង Aston Villa គឺជាគូប្រជែងចុងក្រោយរបស់ក្រុមជើងឯក FA Cup រដូវកាលនេះ៕



