ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ត្រូវដឹកដៃគ្នាលេងពានអន្ដរជាតិជាថ្មី ក្នុងពាន ACL2
18-05-2026 13:58
(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងត្រូវដឹកដៃគ្នាចូលរួមប្រកួតពានរង្វាន់អន្ដរជាតិជាថ្មី ក្នុងក្របខណ្ឌជើងឯកក្លិបលំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two (ACL2) ឆ្នាំ២០២៦/២៧ បន្ទាប់ពីក្រុមទាំងពីរ បញ្ចប់នៅជើងឯក និងជើងឯករងលីគកំពូលកម្ពុជាពីរដូវកាលនេះ។
សម្រាប់លីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ គឺបានបិទបញ្ចប់ជាផ្លូវការនៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ដោយស្វាយរៀង បានរក្សាតំណែងជើងឯករបស់ខ្លួន ក្រោយឆ្លងកាត់ ៣០ប្រកួត ឈ្នះ ២១ ស្មើ ៣ និងចាញ់ ៦ រកបាន ៦៦ពិន្ទុ គ្រាដែលភ្នំពេញក្រោន បានត្រឹមជើងឯករងជាថ្មី ក្រោយឆ្លងកាត់ ៣០ប្រកួតដូចគ្នា ដោយឈ្នះ ១៧ ស្មើ ៥ និងចាញ់ ៨ រកបាន ៥៦ពិន្ទុ ស្មើអង្គរថាយហ្គឺរ ដែលជាប់ចំណាត់ថ្នាក់លេខ៣។
យោងតាមការកំណត់ចំនួនកូតាក្លិបកម្ពុជា ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) និងគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានកំណត់គោលការណ៍ក្លិបមានសិទ្ធិចូលរួមប្រកួតពានអន្ដរជាតិ សម្រាប់រដូវកាលឆ្នាំ២០២៦/២៧ ផ្អែកលើលទ្ធផលលីគរដូវកាលនេះ គឺក្រុមជើងឯក ព្រះខ័នរាជស្វាយរៀង ទទួលបានកៅអីវគ្គចែកពូល (Group Stage) និងក្រុមជើងឯករង ភ្នំពេញក្រោន ទទួលបានកៅអីវគ្គជម្រុះ (Play-Off) នៃពានរង្វាន់ ACL2។
មិនខុសពីរដូវកាលឆ្នាំ២០២៥/២៦ ឡើយ ក្រុមទាំងពីរបានទទួលសិទ្ធិប្រកួតប្រជែងពានរង្វាន់អន្ដរជាតិ ក្នុងពានរង្វាន់ AFC Challenge League រួចមកហើយ ដោយភ្នំពេញក្រោន ក្នុងនាមជើងឯករងលីគឆ្នាំ២០២៤/២៥ បានធ្លាក់នៅវគ្គ ៨ក្រុមចុងក្រោយ គ្រាដែលក្រុមជើងឯក ព្រះខ័នរាជស្វាយរៀង បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែសោកស្ដាយបានត្រឹមជើងឯកពានលំដាប់ទី៣ ទ្វីបអាស៊ីនេះជាលើកទី២ ក្រោយចាញ់ក្រុមម្ចាស់ផ្ទះ Al-Kuwait SC ៤-៣ កាលពីថ្មីៗ។
ក្រឡេកទៅចាប់អារម្មណ៍ចំណាត់ថ្នាក់របស់ក្លិបផ្សេងៗ ក្នុងលីគរដូវកាលឆ្នាំ២០២៥/២៦ នេះវិញ ក្រៅពីបេក្ខភាពក្រុមលេខ១ លេខ២ និងលេខ៣ ខាងលើ គឺមានក្រុមបឹងកេត ឈរលេខ៤ រកបាន ៥៣ពិន្ទុ, ណាហ្គាឈរលេខ៥ រកបាន ៤៣ពិន្ទុ និង អឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៦ រកបាន ៤០ពិន្ទុ។ រីឯបេក្ខភាពក្រុមខាងក្រោមទាំង ៥ គឺមានក្រុមវិសាខា បានឈរលេខ៧ រកបាន ៥៣ពិន្ទុ, គិរីវង់សុខសែនជ័យ ឈរលេខ៨ រកបាន ២៤ពិន្ទុ, កងយោធពលខេមរភូមិន្ទ ឈរលេខ៩ រកបាន ២១ពិន្ទុ, ឡាយហ្វខេត្តព្រះសីហនុ ឈរលេខ១០ រកបាន ២០ពិន្ទុ និង ISI ដង្កោសែនជ័យ ឈរលេខ១១ រកបាន ១៨ពិន្ទុ៕






