Amazon បញ្ឈប់ការគាំទ្រ Kindle ជំនាន់ចាស់ ខណៈអ្នកប្រើប្រាស់ខ្លះសុខចិត្តកែច្នៃដើម្បីបន្តប្រើប្រាស់
18-05-2026 14:01
(បរទេស)៖ ក្រុមហ៊ុន Amazon បានប្រកាសបញ្ឈប់ការគាំទ្រជាផ្លូវការសម្រាប់ឧបករណ៍ Kindle និងថេប្លេត Kindle Fire ដែលផលិតក្នុងឆ្នាំ ២០១២ ឬមុននេះ ដែលធ្វើឱ្យឧបករណ៍ចាស់ៗទាំងនេះ មិនអាចទិញសៀវភៅអេឡិចត្រូនិច (Ebooks) ផ្ទាល់ពី Amazon បានទៀតឡើយ។ ទោះជាយ៉ាងណា ម្ចាស់ឧបករណ៍ទាំងនេះនៅតែអាចអានសៀវភៅដែលបានទាញយករួច ឬបញ្ជូនសៀវភៅចូលតាមរយៈខ្សែ USB បានដដែល។ ទាក់ទងនឹងការបិទការគាំទ្រនេះ ប្លុកបច្ចេកវិទ្យា OMG Ubuntu បានកត់សម្គាល់ថា ឧបករណ៍ទាំងនេះ «មិនទទួលបានការធ្វើបច្ចុប្បន្នភាព Firmware អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយភាគច្រើនបានបាត់បង់មុខងារចូលទៅកាន់ហាង Kindle Store លើឧបករណ៍រួចជាស្រេចទៅហើយ» ដូច្នេះការផ្លាស់ប្តូរនេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលពេកនោះទេ។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ ម្ចាស់ឧបករណ៍មួយចំនួនធំមិនសុខចិត្តបោះបង់ឧបករណ៍ចាស់របស់ខ្លួនឡើយ ដោយពួកគេបានងាកទៅរកវិធីសាស្ត្រ «Jailbreak» ឬកែច្នៃប្រព័ន្ធខាងក្នុង ដើម្បីឱ្យវាអាចដំណើរការមុខងារថ្មីៗបន្តទៀតបាន។ ជុំវិញការស្វែងរកប្រភពសៀវភៅមកអានបន្ថែម សារព័ត៌មាន PCMag បានបង្ហាញពីជម្រើសជំនួសយ៉ាងដូច្នេះថា៖ «មានហាងលក់សៀវភៅអនឡាញជាច្រើន ដែលអ្នកអាចទិញប្រលោមលោកដែលគ្មានជាប់ DRM (ប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា) ដោយស្របច្បាប់ ដូចជាគេហទំព័រ ebook.com និង Smashwords ជាដើម។ ប្រសិនបើអ្នកចង់សាកល្បងដំណើរការនេះដោយមិនគិតថ្លៃ គេហទំព័រផ្ទុកសៀវភៅសាធារណៈ ដូចជា Standard Ebooks គឺជាកន្លែងដ៏ល្អបំផុតសម្រាប់ចាប់ផ្តើម»។
ទោះជាយ៉ាងណាក៏ដោយ ការធ្វើ Jailbreak នេះមិនមែនគ្មានហានិភ័យនោះឡើយ។ សារព័ត៌មានបច្ចេកវិទ្យា TechCrunch បានចេញផ្សាយការព្រមានទៅកាន់អ្នកប្រើប្រាស់ថា៖ «ការធ្វើ Jailbreak លើ Kindle អាចនឹងល្មើសនឹងលក្ខខណ្ឌសេវាកម្មរបស់ Amazon [...] វាអាចក្លាយជាបទល្មើស ប្រសិនបើវាពាក់ព័ន្ធនឹងការរំលោភសិទ្ធិអ្នកនិពន្ធ ការចែកចាយកម្មវិធីខុសច្បាប់ ឬការលក់ឧបករណ៍ដែលបានកែច្នៃទាំងនោះ។ ម្ចាស់ Kindle ភាគច្រើនដែលជ្រើសរើសធ្វើ Jailbreak ចាត់ទុកវាជាវិធីសាស្ត្រមួយ ដើម្បីគ្រប់គ្រងលើឧបករណ៍ដែលពួកគេបានទិញ និងនៅតែអាចប្រើការបាន ជាជាងការបង្ខំចិត្តទិញឧបករណ៍ថ្មី។ ទោះជាយ៉ាងណាក៏ដោយ វាទាមទារបច្ចេកទេស និងមានហានិភ័យខ្ពស់ រួមទាំងអាចធ្វើឱ្យឧបករណ៍លែងដំណើរការទាំងស្រុង ប្រសិនបើមានកំហុសឆ្គងណាមួយកើតឡើង»៕












