កីឡាវ៉ូវីណាមឡាវ ប្ដេជ្ញាខំប្រឹងអភិវឌ្ឍ និងត្រៀមចូលរួមប្រកួតជើងឯកអាស៊ី នៅកម្ពុជាចុងឆ្នាំនេះ

18-05-2026 14:27

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាវ៉ូវីណាមឡាវ បានប្ដេជ្ញាពង្រឹងការអភិវឌ្ឍ ដើម្បីត្រៀមចូលរួម និងរៀបចំការប្រកួតនានា ពិសេសត្រៀមលក្ខណៈសម្បតិ្តចូលរួមការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៦ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ នាចុងឆ្នាំ២០២៦។

នេះបើតាមការលើកឡើងរបស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្រោយដឹកនាំប្រតិភូ ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ ហើយបានជួបពិភាក្សាការងារជាមួយលោក Vixay Na Vientiane ប្រធានសហព័ន្ធកីឡាវ៉ូវីណាមឡាវ កាលពីចុងសប្ដាហ៍កន្លងទៅ។

ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធអាស៊ាន លោក អ៊ូ រតនា រីករាយក្នុងការផ្លាស់ប្ដូរបទពិសោធន៍ គាំទ្រ ពង្រឹង និងពង្រីកនូវការអភិវឌ្ឍកីឡាវ៉ូវីណាមជាមួយភាគីឡាវ ស្របពេលថ្នាក់ដឹកនាំសហព័ន្ធប្រទេសភូមិផងរបងជាមួយកម្ពុជានេះ ក៏បានប្ដេជ្ញាខំប្រឹងអភិវឌ្ឍឲ្យបានខ្លាំងឡើងវិញ ហើយថែមទាំងព្រមទទួលធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧ និងត្រៀមដាក់បញ្ចូលក្នុងស៊ីហ្គេម ឆ្នាំ២០៣១ ដែលឡាវនឹងធ្វើម្ចាស់ផ្ទះ។ លើសពីនេះ ឡាវក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមការប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៦ នៅកម្ពុជានាខែវិច្ឆិកាខាងមុខផងដែរ។

ទន្ទឹមជាមួយដំណើរទស្សនកិច្ចខាងលើ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ដដែល ក៏បាននាំយកនូវអំណោយជាសម្ភារៈហ្វឹកហាត់ និងឯកសណ្ឋានមួយចំនួន ផ្ដល់ជូនដល់សហព័ន្ធកីឡាវ៉ូវីណាមប្រទេសឡាវទៀតផង៕