សាលាអាមេរិកាំង ហ្គោលឌិនហ្គេត រៀបចំកម្មវិធីទិវាគ្រួសារ ដើម្បីបណ្តុះស្មារតី និងអប់រំសិស្សានុសិស្ស ឱ្យយល់ដឹងពីតម្លៃ នៃគុណូបការៈរបស់មាតាបិតា (Video inside)

18-05-2026 15:17

(ភ្នំពេញ)៖ សាលាអាមេរិកាំង ហ្គោលឌិនហ្គេត បានរៀបចំកម្មវិធីទិវាគ្រួសារ លើកទី៧ ក្នុងគោលបំណងបណ្តុះស្មារតី និងអប់រំប្អូនៗ សិស្សានុសិស្សឱ្យយល់ដឹង ពីតម្លៃនៃគុណូបការៈ របស់មាតាបិតាចំពោះបុត្រធីតា ក្រោមវត្ដមានលោកស្រីនាយិការង បួយ ប៊ុនថាន។

កម្មវិធីនេះ រៀបចំធ្វើឡើងរយៈពេលមួយថ្ងៃ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលាអាមេរិកាំង ហ្គោលឌិនហ្គេត សាខាភ្នំពេញថ្មី ដោយពេលព្រឹក កម្មវិធីរៀបចំឡើង សម្រាប់សិស្សានុសិស្ស សាខាទួលគោក និងសាខាអូរបែកក្អម និងពេលរសៀល កម្មវិធីរៀបចំឡើង សម្រាប់សិស្សានុសិស្ស សាខាភ្នំពេញថ្មី។

លោកស្រីនាយិការង បួយ ប៊ុនថាន បានថ្លែងថា ការរៀបចំទិវាគ្រួសារលើកទី៧នេះ មានគោលបំណង៖ បណ្តុះស្មារតី និងអប់រំកូនៗ សិស្សានុសិស្សឱ្យយល់ដឹងពីតម្លៃ នៃគុណូបការៈ របស់មាតាបិតាចំពោះបុត្រធីតា និងការតបស្នងសងគុណមើល ថែទាំនៅពេលលោកចាស់ជរា។

បន្ថែមពីនោះទៀត លោកស្រី បួយ ប៊ុនថាន បានបន្ដថា កូនៗសិស្សានុសិស្សជាទីស្រឡាញ់ កូនៗជាទំពាំងស្នងឫស្សី ចូរកូនខិតខំរៀនសូត្រ ដើម្បីអនាគតកូន និងជាការតបស្នងសងគុណមាតាបិតា ដែលលោកបានខិតខំចញ្ចឹមបីបាច់ថែរក្សារូបកូន និងបញ្ជូនកូនមកសាលារៀន។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ទិវាគ្រួសារមិនមែនគ្រាន់តែជាកម្មវិធីសប្បាយរីករាយ ក្នុងសាលាប៉ុណ្ណោះទេ ប៉ុន្តែគឺជាពេលវេលា ដ៏ពិសេសសម្រាប់យើងទាំងអស់គ្នា ក្នុងការរំឭកពីតម្លៃនៃក្តីស្រឡាញ់ សេចក្តីដឹងគុណ ការគោរព សាមគ្គីភាព និងការរួមរស់ជាមួយគ្នាទាំងនៅក្នុងគ្រួសារ និងសហគមន៍សាលារៀន។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន តំណាងមាតាបិតា អ្នកអាណាព្យាបាលសិស្សនុសិស្ស បានបន្ថែមថា នៅពីក្រោយភាពជោគជ័យរបស់កុមារម្នាក់ៗ គឺតែងតែមានការលះបង់ យ៉ាងស្ងៀមស្ងាត់របស់ មាតា-បិតា។

លោកស្រីបន្ដទៀតថា ពួកគាត់ខិតខំធ្វើការ ដោយមិននិយាយពីការនឿយហត់ ដើម្បីផ្តល់អាហារ ការអប់រំ ការថែទាំ និងក្តីស្រឡាញ់ដល់កូនៗ។ បំណងប្រាថ្នាដ៏ធំបំផុតរបស់ពួកគាត់ គឺចង់ឃើញកូនៗមានសេចក្តីសុខ មាន ចំណេះដឹង និងមានអនាគតភ្លឺស្វាង។

ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានជូនសារដល់កូនៗសិស្សានុសិស្ស គឺនៅក្នុងពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ចំណេះដឹង នឹងជួយឱ្យកូនមាន «ការងារ» ធ្វើ ប៉ុន្តែគុណធម៌ សីលធម៌ និងការដឹងគុណ នឹងជួយឱ្យកូនមាន «តម្លៃ» ជាមនុស្សពិតប្រាកដ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា​ ការរៀនសូត្រពិតប្រាកដ មិនមែនសំដៅតែលើពិន្ទុនោះទេ ប៉ុន្តែគឺជាការបណ្តុះនូវភាពទន់ភ្លន់ តែមាំមួនលើចំណេះដឹង ក្តីសប្បុរសការគោរព និងក្តីមេត្តាចំពោះអ្នកដទៃ។

ក្នុងឱកាសនោះ តំណាងសិស្សនុសិស្ស នៃសាលាអាមេរិកាំង ហ្គោលឌិនហ្គេត បានសូមលើកហត្ថទាំងទ្វេរប្រណម បង្គំគងគុណគោរពដឹងគុណ ចំពោះលោកទាំងទ្វេរ ដែលបានបង្កើតរូបកូន ឱ្យបានមើលឃើញនៅភពផែនដីដ៏ស្រស់ស្អាតនេះ គុណលោកទាំងទ្វេរពិតធំធេងខ្លាំងណាស់ មិនអាចវាស់វែង ឬកាត់ថ្លៃបានឡើយ។

លោកបានខិតខំចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មាននូវដំបូន្មានល្អៗ និងបានបញ្ជូនកូនឱ្យមកសាលារៀន ដើម្បីសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា សព្វបែបយ៉ាងដើម្បីឱ្យរូបកូន ក្លាយជាមូលធនមនុស្ស ដ៏មានតម្លៃសម្រាប់ ខ្លួនឯង គ្រួសារ និងសង្គមជាតិ ជាពិសេសសម្រាប់មនុស្សជាតិទាំងមូល។

គូសបញ្ជាក់ថា កម្មវិធីខាងលើនេះ ក្នុងគោលបំណង ក៏ដើម្បីស្វែងរកថវិកាសម្រាប់មូលនិធិរបស់ សាលាអាមេរិកាំងហ្គោលឌិនហ្គេត យកទៅជួយកសាងអគារសិក្សាមួយខ្នង មានប្រាំបន្ទប់ របស់ សាលាបឋមសិក្សា បត់ត្រង់ ដែលស្ថិតនៅក្នុងភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមរយៈក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕