អ្នកជំនាញអន្តរជាតិ ចែករំលែកចំណេះដឹងមហារីកថ្លើម និងប្រព័ន្ធបន្តពូជបុរស, ចំណាយកញ្ចប់ ១ ៧៤៩ដុល្លារ អាចពិនិត្យសុខភាព នៅមន្ទីរពេទ្យតៃវ៉ាន់ (Video inside)
18-05-2026 18:26
(ភ្នំពេញ)៖ អ្នកជំនាញអន្តរជាតិផ្នែកវេជ្ជសាស្ត្រ មកពីកោះតៃវ៉ាន់ ចំនួន ២រូប នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានចែករំលែកចំណេះដឹងអំពីជំងឺមហារីកថ្លើម និងប្រព័ន្ធបន្តពូជបុរស នៅរាជធានីភ្នំពេញ ក្នុងសិក្ខាសាលាសុខភាព ស្តីពីការយល់ដឹងពីសុខភាព ដោយមានអ្នកចូលរួមជាច្រើនរូប។ អ្នកជំនាញទាំង ២រូប រួមមាន៖ លោកវេជ្ជបណ្ឌិត Jacob See-Tong Pang ឯកទេសតម្រងនោម និងលោកវេជ្ជបណ្ឌិត Hou Mingmo ឯកទេសមហារីក។
សិក្ខាសាលានេះ រៀបចំឡើងដោយមានកិច្ចសហការរវាងក្រុមហ៊ុន ក្លូប៊លលីង អ៉ីនធើណេសិនណល មេឌីខល (Globalink International Medical) និងមន្ទីរពេទ្យ ឆាង គឹង (Chang Gung Memorial Hospital - CGMH) ដែលជាមន្ទីរពេទ្យតៃវ៉ាន់ដ៏ល្បី។
នៅក្នុងឱកាសនោះដែរ ក៏មានការផ្សព្វផ្សាយពីកញ្ចប់ពិនិត្យសុខភាពនៅមន្ទីរពេទ្យតៃវ៉ាន់ សម្រាប់សមាជិក ២នាក់ ដោយតម្លៃចាប់ពី ១ ៧៤៩ដុល្លារ ក្នុង ១នាក់ ដែលជាកញ្ចប់រួមសេវាទាំងអស់។
លោក យ៉ាន ជុងតឹក នាយកគ្រប់គ្រងក្រុមហ៊ុន ក្លូប៊លលីង អ៉ីនធើណេសិនណល មេឌីខល បានឲ្យដឹងថា សិក្ខាសាលានេះ គោលបំណងចែករំលែងព័ត៌មាន និងលើកកម្ពស់ចំណេះដឹងប្រជាពលរដ្ឋខ្មែរ ឲ្យយល់ដឹងកាន់តែច្បាស់អំពីសុខភាពលើសុខភាពបុរស និងជំងឺមហារីកថ្លើម ដែលជំងឺទាំងពីរ គឺបានប៉ះពាល់ទៅលើបុគ្គល និងក្រុមគ្រួសារកម្ពុជាយើង។ សិក្ខាសាលានេះ ក៏បង្ហាញថានៅពេលដែលក្រុមគ្រួសារមានតម្រូវការ គឺពួកគាត់អាចទទួលបានការព្យាបាលកម្រិតខ្ពស់តាមរយៈក្រុមហ៊ុន ក៏ដូចជាដៃគូសហការ មន្ទីពេទ្យ ឆាង គឹង ដូចគ្នា។
លោក យ៉ាន ជុងតឹក បានឲ្យដឹងទៀតថា ក្រុមហ៊ុនរបស់លោក អាចជួយសម្របសម្រួលអ្នកជំងឺជនជាតិខ្មែរ ទៅមន្ទីពេទ្យអន្តរជាតិនៅលើពិភពលោក។ មន្ទីរពេទ្យ ឆាង គឹង គឺជាមន្ទីរពេទ្យតៃវ៉ាន់ដ៏ល្បីឈ្មោះ ដែលត្រូវបានជាប់ចំណាត់ថ្នាក់ ក្នុងចំណោមមជ្ឈមណ្ឌលវេជ្ជសាស្ត្រទូទាំងពិភពលោក ដែលអាចឃើញនៅលើទស្សនាវដ្តី Newsweek។
លោក Jacob See-Tong Pang ដែលមានតួនាទីជាអនុប្រធានមន្ទីរពេទ្យ ឆាង គឹង និងជាប្រធានសមាគមតម្រងនោមប្រចាំអាស៉ី បានឲ្យដឹងថា ឆាង គឹង ជាមន្ទីរពេទ្យដ៏ធំបំផុតនៅកោះតៃវ៉ាន់។ ទោះបីជាមន្ទីរពេទ្យឯកជន ប៉ុន្តែពួកយើងដំណើរការដោយមូលនិធិ ឆាង គឹង ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ។
លោកបានបន្ថែមថា អ្វីក៏ដោយដែលយើងរកបានពីសេវាកម្មមន្ទីរពេទ្យ ដូចជាប្រាក់ចំណូល យើងនឹងផ្តល់ត្រលប់ទៅមន្ទីរពេទ្យវិញ ដើម្បីជួយអ្នកជំងឺ ក្នុងការលើកកម្ពស់សុខភាពកាន់តែប្រសើរ និងលើកកម្ពស់បរិយាកាសសុខភាពសម្រាប់បុគ្គលិករបស់យើង។ ដូច្នេះជាមូលដ្ឋាន យើងមានភាពខុសគ្នាបន្តិច ចំពោះអ្វីដែលគេហៅថាមន្ទីរពេទ្យឯកជនជាច្រើន នៅលើពិភពលោក៕








