លាហើយបន្ទប់ប្រជុំនិម្មិត! Microsoft សម្រេចលុបចោលមុខងារ «Together Mode» ពីកម្មវិធី Teams
19-05-2026 07:52
(បរទេស)៖ ក្រុមហ៊ុន Microsoft បានប្រកាសដកចេញមុខងារ «Together Mode» ដែលជាមុខងារកាត់រូបភាពផ្ទៃមុខ និងស្មារបស់អ្នកប្រើប្រាស់ទៅដាក់ក្នុងបន្ទប់ប្រជុំនិម្មិតរួមគ្នា ចេញពីកម្មវិធី Microsoft Teams ហើយ ដើម្បីបើកផ្លូវឱ្យបទពិសោធន៍នៃការប្រជុំអនឡាញមានភាពសាមញ្ញ និងមានរបៀបរៀបរយជាងមុន។
យោងតាមការចេញផ្សាយដោយ The Verge នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានរំលឹកផងដែរថា មុខងារនេះត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងឡើយនៅក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបង្កើតជារូបភាពបំភាន់ភ្នែកមួយ «ដូចមនុស្សមួយក្រុមធំកំពុងអង្គុយនៅក្នុងបន្ទប់ប្រជុំជាមួយគ្នា អ៊ីចឹងដែរ ទោះបីជាការពិតពួកគេកំពុងអង្គុយនៅផ្ទះដោយមិនបានស្លៀកខោវែងត្រឹមត្រូវក៏ដោយ»។
ទោះបីជាកន្លងមក មុខងារនេះជួយកាត់បន្ថយការរំខានជុំវិញខ្លួនបានល្អ និងមើលទៅប្លែកភ្នែក «ជាពិសេសនៅពេលដែលអ្នកលូកដៃទៅតប់ស្មាមិត្តរួមការងារ ឬលើកដៃទះគ្នាក្នុងទម្រង់និម្មិត» ក៏ដោយ ប៉ុន្តែបច្ចុប្បន្នពេលវេលាបានផ្លាស់ប្តូរហើយ។ ការផ្លាស់ប្តូរនេះនឹងត្រូវធ្វើឡើងជាបណ្តើរៗ ដែលធ្វើឱ្យប៊ូតុងបិទ/បើក រួមទាំងមុខងារជ្រើសរើសទម្រង់ឆាក (Scenes) និងការកំណត់កៅអីអង្គុយ (Seat assignments) នឹងត្រូវបាត់ចេញពីផ្ទាំងទស្សនា (View menu) ទាំងស្រុង។
គួរជម្រាបថា ជុំវិញការសម្រេចចិត្តដកមុខងារនេះចេញ ក្រុមហ៊ុន Microsoft បានពន្យល់ពីហេតុផលចម្បងថា គឺដើម្បីកាត់បន្ថយការបែកខ្ញែកគ្នានៅលើប្រព័ន្ធដំណើរការផ្សេងៗ និងចង់បង្កើតផ្ទាំងកម្មវិធី (Interface) ដែលមានភាពស្អាតរៀបរយ មានជម្រើសតិចជាងមុន ចុចតិចជាងមុន និងកាត់បន្ថយការភាន់ច្រឡំ។ លើសពីនេះ ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា ការធ្វើបែបនេះ «នឹងអនុញ្ញាតឱ្យក្រុមហ៊ុនផ្តោតអារម្មណ៍លើការកែលម្អគុណភាពវីដេអូ ភាពរលូននៃការដំណើរការ (Stability) និងសមត្ថភាពរបស់កម្មវិធីឱ្យកាន់តែប្រសើរឡើង» ជំនួសវិញ៕













