ក្រុមហ៊ុន Anthropic ត្រៀមរាយការណ៍ទៅស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុពិភពលោក អំពីចន្លោះប្រហោងប្រព័ន្ធសាយប័រ ដែលរកឃើញដោយ «Mythos»

19-05-2026 08:10

(បរទេស)៖ ក្រុមហ៊ុនស្តាតអាប (Startup) ផ្នែកបញ្ញាសិប្បនិម្មិតដ៏ល្បី Anthropic ត្រូវបានគេរំពឹងថា នឹងធ្វើបទបង្ហាញរាយការណ៍ជូនក្រុមប្រឹក្សាស្ថិរភាពហិរញ្ញវត្ថុ (FSB) អំពីភាពងាយរងគ្រោះនៃប្រព័ន្ធសាយប័រ (Cyber Vulnerabilities) នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដែលត្រូវបានរកឃើញដោយម៉ូដែល AI ចុងក្រោយបំផុតរបស់ខ្លួនឈ្មោះថា «Mythos»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times (FT) នៅថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយផ្អែកលើប្រភពដែលដឹងពីផែនការនេះ។

សារព័ត៌មាន FT បានឱ្យដឹងថា ក្រុមហ៊ុនផលិត Chatbot «Claude» មួយនេះ នឹងពិភាក្សាអំពីសមត្ថភាពនៃម៉ូដែល AI ថ្មីរបស់ខ្លួនគឺ Mythos Preview ជាមួយបណ្តាក្រសួងហិរញ្ញវត្ថុឈានមុខ និងធនាគារកណ្តាលនានាមកពីស្ថាប័ន FSB បន្ទាប់ពីមានសំណើពីអភិបាលធនាគារកណ្តាលអង់គ្លេស (Bank of England) លោក Andrew Bailey។

លោក Bailey គឺជាប្រធានស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុពិភពលោកមួយនេះ ដែលទទួលខុសត្រូវលើការសម្របសម្រួលច្បាប់ទម្លាប់ហិរញ្ញវត្ថុសម្រាប់បណ្តាប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំង២០ (G20)។ ទាក់ទិននឹងករណីនេះ ភ្នាក់ងារសារព័ត៌មាន Reuters មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបាននៅឡើយទេ ហើយខាងក្រុមហ៊ុន Anthropic និងស្ថាប័ន FSB ក៏មិនទាន់មានការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះដែរ។

យោងតាមក្រុមហ៊ុន Anthropic បានឱ្យដឹងថា ម៉ូដែល Mythos ដែលត្រូវបានប្រកាសកាលពីខែមុន ប៉ុន្តែមិនទាន់ត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅឡើយនោះ គឺជាម៉ូដែលសន្តិសុខសាយប័រ (Cybersecurity Model) ដែលត្រូវបានបង្កើតឡើង ដើម្បីស្វែងរកចន្លោះប្រហោងដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ នៅក្នុងកម្មវិធីរុករកបណ្តាញ (Web Browsers) ហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីកុំព្យូទ័រ (Software)។ អ្នកជំនាញផ្នែកសន្តិសុខសាយប័របានព្រមានថា ប្រព័ន្ធ AI នេះអាចនឹងជួយបង្កើនល្បឿន និងសមត្ថភាពនៃការវាយប្រហារសាយប័រឱ្យកាន់តែទំនើប និងស្មុគស្មាញជាងមុន ដែលបង្កជាហានិភ័យដល់វិស័យធនាគារទាំងឡាយណាដែលនៅតែពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាចាស់ៗ (Legacy Systems)។ កាលពីខែមេសាកន្លងទៅ អភិបាលធនាគារកណ្តាលអង់គ្លេស លោក Bailey បានព្រមានថា Mythos អាចបង្កជាហានិភ័យសន្តិសុខដ៏ធំធេងដល់ពិភពសាយប័រ។

លោក Bailey បានមានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉កកាលពីខែមុនថា៖ «វាជារឿងសមហេតុផលក្នុងការគិតថា ព្រឹត្តិការណ៍នៅតំបន់ឈូងសមុទ្រ (the Gulf) គឺជាការប្រឈមចុងក្រោយបំផុតរបស់យើងនៅក្នុងពិភពលោកនេះ រហូតទាល់តែខ្ញុំគិតថា កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលអ្នកភ្ញាក់ដឹងខ្លួនឡើង ក៏ស្រាប់តែរកឃើញថា ក្រុមហ៊ុន Anthropic ប្រហែលជាបានរកឃើញវិធីមួយក្នុងការបំបែកពិភពហានិភ័យសាយប័រទាំងមូលឱ្យចំហរតែម្តង»

លោក Bailey បានបន្ថែមទៀតថា៖ «បញ្ហាសំខាន់នោះគឺ តើផលិតផលជំនាន់ថ្មីនេះ នឹងមានសមត្ថភាពកម្រិតណា ក្នុងការស្វែងរកចន្លោះប្រហោងនៅក្នុងប្រព័ន្ធផ្សេងទៀត ដែលអាចត្រូវបានគេយកទៅកេងប្រវ័ញ្ចសម្រាប់គោលបំណងវាយប្រហារតាមប្រព័ន្ធសាយប័រ?»