ខ្សែប្រយុទ្ធអាល្លឺម៉ង់ Havertz តែត ១គ្រាប់រួមចំណែកជួយ Arsenal ខិតជិតយកបានពាន PL ក្រោយឈ្នះ Burnley

19-05-2026 09:40

(បរទេស)៖ Bukayo Saka បានបោះបាល់ឱ្យមិត្តរួមក្រុម Kai Havertz បញ្ចប់ទីបានសម្រេចនៅនាទី៣៧ រួមចំណែកជួយ Arsenal យកឈ្នះក្រុមធ្លាក់ចេញពីលីគ Burnley ១-០ យប់មិញ កាន់តែខិតជិតឈ្នះជើងឯកលីគអង់គ្លេស Premier League 2025-26 ដែលនៅសល់ ១ប្រកួតទៀត។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តាមរយៈជ័យជម្នះ ៣ពិន្ទុក្នុងកីឡដ្ឋាន Emirates របស់ខ្លួនក្នុងសប្តាហ៍ទី៣៧ ជើងទី២ នេះដែរ បានញាំងឱ្យក្រុមរបស់លោក Mikel Arteta មានគម្លាតដាច់ ៥ពិន្ទុពីក្រុមលេខ២ Manchester City ដែលត្រូវប៉ះ AFC Bournemouth រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា)។

Arsenal នឹងក្លាយជាលើកជើងឯក PL រដូវកាលនេះតែម្តង និងជាលើកដំបូងផងដែរ គិតចាប់តាំងពីឆ្នាំ២០០៤ ប្រសិនបើក្រុមមេឃខៀវបរាជ័យក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Bournemouth នៃការប្រកួតក្នុងសប្តាហ៍ទី៣៧ របស់ពួកគេ។

តែផ្ទុយមកវិញ ប្រសិនបើ City យកឈ្នះ Bournemouth នៅរាត្រីថ្ងៃអង្គារនេះ ក៏ក្រុមរបស់លោក Arteta ត្រូវតែយកឈ្នះម្ចាស់ផ្ទះឥន្រ្ទីត្រដាងស្លាប Crystal Palace នៅថ្ងៃបិទបញ្ចប់រដូវកាលនារាត្រីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីគ្រងជើងឯកលីគកំពូលអង់គ្លេសលើកដំបូង ក្រោយខកខានអស់ ២២ឆ្នាំមកនេះ៕