អ្នកវិទ្យាសាស្ត្រចិនជោគជ័យក្នុងការប្រើប្រាស់កោសិកាដើម ព្យាបាលអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ឱ្យផលិតអាំងស៊ុយលីនឡើងវិញ

19-05-2026 10:21

(ចិន)៖ នៅក្នុងបោះជំហានដ៏ធំមួយដែលកំពុងធ្វើឱ្យពិភពវេជ្ជសាស្ត្រមានការភ័យខ្លាំង ក្រុមអ្នកស្រាវជ្រាវចិនមកពីទីក្រុងស៊ាងហៃ នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន (Chinese Academy of Sciences) បានសម្រេចជោគជ័យក្នុងការអភិវឌ្ឍបច្ចេកវិទ្យាកោសិកាដើមម្យ៉ាងហៅថា «E-islet» ដើម្បីស្ដារមុខងារលំពែងរបស់អ្នកជំងឺទឹកនោមផ្អែមឡើងវិញ ដែលនេះជាក្ដីសង្ឃឹមថ្មីស្រឡាងសម្រាប់មនុស្សរាប់លាននាក់ជុំវិញពិភពលោក។

យោងតាមការសិក្សាមួយដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រលំដាប់ពិភពលោក The Lancet Diabetes & Endocrinology ក្រុមការងារស្រាវជ្រាវបានសាកល្បងដោយជោគជ័យលើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ (Type 1 Diabetes) ចំនួន ៣ នាក់ ដែលជាប្រភេទជំងឺតម្រូវឱ្យអ្នកជំងឺត្រូវចាក់អាំងស៊ុយលីនជារៀងរាល់ថ្ងៃអស់មួយជីវិត។

អ្នកជំងឺទាំង ៣ ករណីនោះរួមមាន៖ ស្ដ្រីអាយុ ៣០ ឆ្នាំម្នាក់ដែលមានប្រវត្តិឈឺទឹកនោមផ្អែមជិត ២ ទសវត្សរ៍ (១៨ឆ្នាំ) បុរសអាយុ ៤៥ ឆ្នាំម្នាក់ដែលមានស្ថានភាពជំងឺក្នុងដំណាក់កាលធ្ងន់ធ្ងរ និងជាពិសេសនោះគឺ ក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់ ដែលជាករណីអ្នកជំងឺវ័យក្មេង (Juvenile) ដំបូងគេបំផុតនៅលើពិភពលោក ទទួលបានជោគជ័យពីការព្យាបាលបែបបដិវត្តន៍នេះ។

លោក Cheng Xin អ្នកដឹកនាំការស្រាវជ្រាវបានពន្យល់ថា៖ «វិធីសាស្ត្ររបស់យើងគឺប្រៀបដូចជាការផ្លាស់ប្តូរ 'គ្រឿងបន្លាស់' ថ្មីជូនអ្នកជំងឺអីចឹង»។ លោកបានបន្តថា គន្លឹះដែលធ្វើឱ្យរបកគំហើញនេះល្អដាច់គេ គឺការប្រើប្រាស់កោសិកាដើមប្រភេទ Endoderm (E-islet) ដែលអាចរំលងដំណាក់កាលបណ្ដុះដ៏ស្មុគស្មាញនៃបច្ចេកវិទ្យាចាស់ៗ។ ចំណុចនេះ បានជួយកាត់បន្ថយពេលវេលាបណ្ដុះកោសិកាក្នុងមន្ទីរពិសោធន៍ពី ៤០ ថ្ងៃ មកសល់ត្រឹមតែ ១៤ ថ្ងៃប៉ុណ្ណោះ ហើយអ្វីដែលសំខាន់បំផុតនោះគឺ វាកាត់បន្ថយហានិភ័យនៃការកកើតដុំសាច់មហារីក (Tumor) នៅក្នុងរាងកាយរបស់អ្នកជំងឺយ៉ាងមានសុវត្ថិភាពបំផុត។

ទោះបីជាលទ្ធផលបឋមនេះបង្ហាញពីប្រសិទ្ធភាពខ្ពស់ ដែលអាចជួយឱ្យអ្នកជំងឺគ្រប់គ្រងជាតិស្ករបានល្អ និងអាចឈានទៅដល់ការបញ្ឈប់ការចាក់អាំងស៊ុយលីនក៏ដោយ ក៏អ្នកជំនាញនៅតែបន្តតាមដានយ៉ាងដិតដល់ និងត្រៀមរៀបចំការសាកល្បងគ្លីនិកក្នុងទ្រង់ទ្រាយធំ (Larger Clinical Trials) បន្ថែមទៀត ដើម្បីធានាថាវាជាការព្យាបាលដែលមានសុវត្ថិភាពជាសកល មុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងមន្ទីរពេទ្យនានា៕