អ៉ីរ៉ង់ ប្រកាសបញ្ជីឈ្មោះកីឡាករទៅលេង World Cup 2026 គ្រាដែលតារាឆ្នើម Azmoun អវត្តមាន
19-05-2026 10:39
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ បានប្រកាសបញ្ជីឈ្មោះកីឡាករ ៣០នាក់ មុនពេលជម្រុះមកនៅត្រឹមតែ ២៦នាក់ចុងក្រោយ ដើម្បីទៅលេង World Cup 2026 នាខែក្រោយនេះនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយ Al Jazeera។
ទន្ទឹមគ្នានោះដែរ ខ្សែប្រយុទ្ធចាស់វស្សា Sardar Azmoun ពុំមានវត្តមានក្នុងក្រុមជម្រើសជាតិស្ថិតនៅតំបន់មជ្ឈិមបូព៌ានេះទេ ក្នុងចំណោម ៣០នាក់ មុនពេលជម្រុះសល់ ២៦នាក់ ដើម្បីទៅលេង World Cup លើកទី២៣ ចាប់ផ្តើមផ្លូវការពីថ្ងៃទី១១ ខែមិថុនា។
ខ្សែប្រយុទ្ធដែលពោរពេញដោយបទពិសោធន៍រូបនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែងអ៉ីរ៉ង់លេងវគ្គជម្រុះរហូតដល់ដណ្តើមបានកៅអីជុំចុងក្រោយ វគ្គចែកពូល ៤៨ក្រុម នៅមុនពេលអត់ឈ្មោះទៅវិញ ក្នុងការទៅបោះជំរំហ្វឹកហាត់ទៅប្រទេសតួកគីយ៉េ ដើម្បីកំដៅសាច់ដុំត្រៀម WC26។
Azmoun ត្រូវបានគេរាយការណ៍ដែលត្រូវបានដកឈ្មោះចេញពីជម្រើសជាតិអ៉ីរ៉ង់នេះ ក៏ព្រោះតែបានរិះគន់ ចំពោះសង្រ្គាមអ៉ីស្រាអែល-អាមេរិក និងអ៉ីរ៉ង់ ដែលបានកំពុងអូសបន្លាយរហូតដល់បច្ចុប្បន្ន នាំឱ្យកីឡាករវ័យ ៣១ឆ្នាំនៃក្លិប Shabab Al-Ahli របស់អារ៉ាប់រួម (UAE) រូបនេះមិនត្រូវបានកោះហៅ ចូលទៅក្នុងបញ្ជីដែលត្រូវបានប្រកាសតាំងពីថ្ងៃសៅរ៍សប្តាហ៍មុនឡើយ។
គួរបញ្ជាក់ថា អ៉ីរ៉ង់នឹងចាប់ផ្តើមយុទ្ធនាការនៅ World Cup 2026 ក្នុងនាមក្រុមលេងតំណាងទ្វីបអាស៊ី (AFC) ទល់នឹង ណូវែលហ្សេឡង់ ស្ថិតក្នុងទីក្រុង Los Angeles នាថ្ងៃទី១៥ ខែមិថុនា មុនពេលប្រឈមមុខនឹងប៊ែលហ្សិកនៅទីតាំងនេះដដែល និងចុងក្រោយប៉ះអេហ្ស៊ីប ដែលស្ថិតក្នុងពូល G ជាមួយគ្នា៕




