នុយដូរទិន្នន័យ! Google ផ្ដើមកាត់ទំហំផ្ទុក Gmail ឥតគិតថ្លៃ បើចង់បាន 15GB ដូចមុនត្រូវដោះដូរនឹងលេខទូរស័ព្ទ

19-05-2026 10:54

(បរទេស)៖ ក្រុមហ៊ុន Google កំពុងតែសាកល្បងកាត់បន្ថយទំហំផ្ទុកទិន្នន័យ (Cloud storage) ឥតគិតថ្លៃសម្រាប់អ្នកចុះឈ្មោះគណនី Gmail ថ្មីនៅក្នុងតំបន់មួយចំនួន ដោយផ្តល់ជូនត្រឹមតែ 5GB ប៉ុណ្ណោះ ខុសពីធម្មតាដែលធ្លាប់ទទួលបានរហូតដល់ 15GB។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់ថ្មីអាចដំឡើងទំហំផ្ទុកបន្ថែម ៣០០% នេះឡើងវិញបាន «ដោយមិនគិតថ្លៃ» លុះត្រាតែពួកគេយល់ព្រមផ្តល់លេខទូរស័ព្ទផ្ទាល់ខ្លួនទៅឱ្យ Google ដែលចំណាត់ការនេះកំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Forbes។

ជុំវិញការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនេះ សារព័ត៌មានបច្ចេកវិទ្យា Android Authority បានចេញផ្សាយការព្រមានថា៖ «ទំហំផ្ទុក Cloud ឥតគិតថ្លៃ 15GB របស់ Google អាចនឹងត្រូវបាត់បង់ក្នុងពេលឆាប់ៗនេះ។ ប្រសិនបើការសាកល្បងរបស់ Google ទទួលបានជោគជ័យ នេះអាចនឹងក្លាយជាស្តង់ដារទូទៅសម្រាប់ការចុះឈ្មោះគណនីថ្មីនៅក្នុងតំបន់កាន់តែច្រើន»។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកប្រើប្រាស់ចាស់ៗដែលមានគណនីស្រាប់ គឺមិនទាន់រងផលប៉ះពាល់ពីគោលការណ៍ថ្មីនេះឡើយ។

ជាការឆ្លើយតប Google បានបកស្រាយថា ការទាមទារលេខទូរស័ព្ទគឺធ្វើឡើងក្នុងគោលបំណងពង្រឹងសុវត្ថិភាព និងដើម្បីធានាថាទំហំផ្ទុកបន្ថែមត្រូវបានផ្តល់ជូនតែម្តងគត់សម្រាប់មនុស្សម្នាក់។ ប៉ុន្តែនៅលើបណ្តាញសង្គម Reddit ឯណោះវិញ អ្នកប្រើប្រាស់ជាច្រើនមិនបានគាំទ្រការបកស្រាយនេះទេ ដោយមានអ្នកបង្ហោះម្នាក់បានច្រានចោល និងបានរិះគន់ចំៗថា ចំណាត់ការនេះគឺគ្រាន់តែជា «ដំណាក់កាល "សូកប៉ាន់ដើម្បីដោះដូរយកទិន្នន័យរបស់អ្នក"» តែប៉ុណ្ណោះ ដែលមានន័យថា Google កំពុងយកទំហំផ្ទុក 10GB មកធ្វើជានុយលួងលោម ដើម្បីបង្ខំឱ្យអ្នកប្រើប្រាស់ប្រគល់លេខទូរស័ព្ទដែលជាទិន្នន័យឯកជនទៅឱ្យខ្លួន។

ទាក់ទងនឹងផលប៉ះពាល់នៃអត្ថប្រយោជន៍គណនី សារព័ត៌មាន PCMag ក៏បានពន្យល់បន្ថែមពីសារៈសំខាន់នៃទំហំផ្ទុកនេះដែរថា៖ «អត្ថប្រយោជន៍ដ៏ធំបំផុតមួយនៃការចុះឈ្មោះប្រើប្រាស់ Gmail ឬគណនី Google កន្លងមក គឺការទទួលបានទំហំផ្ទុក Cloud ឥតគិតថ្លៃចំនួន 15GB។ វាអាចផ្ទុកទិន្នន័យពីសេវាកម្មផ្សេងៗរបស់ Google រួមមាន Sheets, Docs, Photos និង Gmail ក៏ដូចជាឯកសារនានាដែលបានបង្ហោះពីឧបករណ៍ផ្ទាល់ខ្លួនរបស់អ្នក»។ អ្នកជំនាញក៏បានកត់សម្គាល់ដែរថា ការបង្ខំឱ្យដាក់លេខទូរស័ព្ទដែលជាអត្តសញ្ញាណផ្ទាល់ខ្លួនបែបនេះ អាចនឹងជិតដល់ទីបញ្ចប់នៃយុគសម័យនៃការប្រើប្រាស់អ៊ីមែលដោយមិនបញ្ចេញអត្តសញ្ញាណ ឬអនាមិក (Anonymous emailing) ផងដែរ៕