កម្មវិធីរត់ប្រណាំង «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» ចុងសប្ដាហ៍នេះ ត្រូវបានលើកពេលទៅចុងខែ

19-05-2026 13:18

(ភ្នំពេញ)៖ កម្មវិធីរត់ប្រណាំង «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» ដែលក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយភាគីពាក់ព័ន្ធ គ្រោងរៀបចំនាថ្ងៃទី២៤ ខែឧសភាចុងសប្ដាហ៍នេះ ត្រូវបានលើកពេលទៅរៀបចំនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ វិញហើយ ដោយរក្សាកម្មវិធី ពេលវេលា និងទីកន្លែងរៀបចំនៅកោះពេជ្រដដែល។

យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបចំ ក្រោមការសម្របសម្រួលចង្អុលបង្ហាញរបស់ក្រសួងអប់រំ និងរដ្ឋបាលរាជធានីភ្នំពេញ NOCC បានជូនដំណឹងដល់សាធារណៈជនថា កម្មវិធី «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» ក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន» ត្រូវបានពន្យារពេលរៀបចំពីថ្ងៃទី២៤ ទៅថ្ងៃទី៣១ ខែឧសភាវិញ ក្រោមមូលហេតុ ដោយយោងទៅតាមភាពចាំបាច់ នៃកិច្ចប្រជុំដែលរៀបចំដោយរាជរដ្ឋាភិបាល នៅបរិវេណកោះពេជ្រ។

ដោយហេតុនេះ គណៈកម្មការរៀបចំបានសុំការអធ្យាស្រ័យពីអត្តពលិក និងសាធារណជន ដែលបានចុះឈ្មោះ និងត្រៀមខ្លួនចូលរួម ហើយសង្ឃឹមថា នឹងចូលរួមឲ្យបានច្រើនកុះករតាមកាលបរិច្ឆេទថ្មី ត្រូវនឹងថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ ជាមួយវិញ្ញាសាចំនួន៣ គឺរត់ចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ២.៥គីឡូម៉ែត្រ។

សូមរំឮកថា កម្មវិធីរត់ប្រណាំង «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» លើកដំបូង ដែលស្ថាប័នរដ្ឋ និងឯកជនសហការគ្នារៀបចំនាចុងខែនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន៣ ទី១-ចូលរួមចំណែកបន្តលើកកម្ពស់ វិស័យអប់រំ ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ទី២-ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការអាន ដើម្បីបណ្ដុះទម្លាប់អានក្នុងជីវិតប្រចាំថ្ងៃ និងជំរុញវប្បធម៌អាននៅកម្ពុជា និងទី៣-ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការស្វែងយល់ពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ នៅសារមន្ទីរ ស.ស.រ ដែលជាសារមន្ទីរទំនើប និងដំបូងគេបង្អស់ ដែលផ្តល់នូវចំណេះដឹងអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ និងសង្គម ក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា៕