ធនាគារ «វីង» ទទួលបានការកោតសរសើរពីសម្តេចធិបតី ក្នុងនាមជាស្ថាប័នបង់ពន្ធច្រើនជាងគេ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ
19-05-2026 14:30
(ភ្នំពេញ)៖ ជាមោទនភាពមួយ ដែលធនាគារ វីង ទទួលបាន «វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស» ឆ្នាំ២០២៥ ពីអគ្គនាយកដ្ឋានពន្ធដារ ដែលទទួលស្គាល់នូវការប្រកាន់ខ្ជាប់នូវតម្លាភាព និងគណនេយ្យភាពដ៏ល្អប្រសើរ។ ឆ្លុះបញ្ចាំងពីស្មារតីទំនួលខុសត្រូវ និងឆន្ទៈដ៏មោះមុត, ធនាគារ វីង ត្រូវបានទទួលស្គាល់ជាស្ថាប័ន ដែលបានបង់ពន្ធច្រើនជាងគេមួយនៅកម្ពុជា ដោយទទួលបានលិខិតថ្លែងអំណរគុណពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អមជាមួយវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ «មាស» ឆ្នាំ២០២៥ ពីអគ្គនាយកដ្ឋានពន្ធដារ។
សមិទ្ធផលនេះ មិនគ្រាន់តែជាការទទួលស្គាល់ប៉ុណ្ណោះនោះឡើយ។ ក្នុងនាមជាធនាគារខ្មែរ ១០០% ធនាគារ វីង បានបង្ហាញថាក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ ធនាគារកូនខ្មែរមួយនេះ អាចបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសជាតិ។ ឈរលើស្មារតីនេះហើយ ធនាគារ វីង នៅតែបន្តប្រកាន់ខ្ជាប់នូវតម្លាភាព សុចរិតភាព និងគណនេយ្យភាពជានិច្ច។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា «យើងមានមោទនភាពយ៉ាងខ្លាំង ចំពោះការទទួលស្គាល់នេះដែលឆ្លុះសក្ខីភាព នៃគោលជំហរឥតងាករេរបស់យើងខ្ញុំ ក្នុងការធ្វើអាជីវកម្មប្រកាន់ភ្ជាប់នូវភាពត្រឹមត្រូវ ហើយបង្ហាញកាន់តែច្បាស់ពីតួនាទីយើងខ្ញុំ ក្នុងនាមជាដៃគូដ៏រឹងមាំ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។
ក្នុងនាមជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា ធនាគារ វីង បាននឹងកំពុងបន្តពង្រីកលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុសម្រាប់សហគមន៍នៅទូទាំងប្រទេស ដើម្បីគាំទ្រអាជីវកម្ម និងប្រជាពលរដ្ឋគ្រប់រូប។ លើសពីការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការបំពេញកាតព្វកិច្ចបង់ពន្ធយ៉ាងខ្ជាប់ខ្ជួនរបស់ធនាគារ វីង ក៏បានដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រដល់ វិស័យអាទិភាពរបស់ជាតិរួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល និងការអភិវឌ្ឍសង្គមជាតិទាំងមូល។
គួរបញ្ជាក់ថា វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ «មាស» ត្រូវបានប្រគល់ជូនដល់ស្ថាប័នទាំងឡាយណា ដែលអនុវត្តបានត្រឹមត្រូវតាមស្តង់ដាខ្ពស់បំផុត នៃអភិបាលកិច្ចសារពើពន្ធ និងការអនុលោមតាមបទប្បញ្ញត្តិនានា។ សមិទ្ធផលនេះ បានបង្ហាញឱ្យឃើញពីវប្បធម៌អនុលោមភាពដ៏រឹងមាំរបស់ធនាគារ វីង ព្រមទាំងការប្តេជ្ញាចិត្តក្នុងការចូលរួម ពង្រឹងភាពរឹងមាំផ្នែកសារពើពន្ធរបស់ប្រទេសជាតិ។ ឆ្ពោះទៅមុខ ធនាគារ វីង នៅតែរក្សាការប្តេជ្ញាចិត្តដ៏មោះមុតនេះ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព ការបម្រើសហគមន៍ ការបង្កើតឱកាសថ្មីៗ ព្រមទាំងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងភាពរុងរឿងប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា៕




