លើកកម្ពស់​ផលិតផល​ក្នុងស្រុក! សហគ្រិន​ខ្មែរ និង​ផ្សារអ៉ីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក​ ២សប្ដាហ៍

19-05-2026 15:41

(ភ្នំពេញ​)៖​ សហគ្រិនខ្មែរ សហការជាមួយផ្សារទំនើប​ អ៉ីអន បានប្រកាសពីការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ដែលបានចាប់ផ្តើមពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅផ្សារអ៉ីអន សាខាភ្នំពេញ សែនសុខ និងមានជ័យ​ ដោយផ្ដោតលើការបង្ហាញ និងផ្សព្វផ្សាយផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ ដោយមានម៉ាកថ្មីៗជាច្រើនប្រភេទ ចាប់ពីផលិតផលស្រស់ៗ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ទំនិញវេចខ្ចប់ និងមុខម្ហូប ពិសេសក្នុងស្រុក។

ពិព័រណ៍​ឆ្នាំនេះ​ក៏បានស្វាគមន៍​​សហគ្រាស​ធុនតូច និងមធ្យម​ថ្មីមួយ​ក្រុម ​ដែល​បាន​ចូលរួម​តាមរយៈ​កម្មវិធី​ផ្សារ​ភ្ជាប់​ទីផ្សារ​ដោយ​ទទួលបាន​ការគាំទ្រ​ពីសហគ្រិនខ្មែរ ដើម្បី​បំពេញតាម​ស្តង់ដារ​អនុលោមភាព និង​គុណភាព​របស់​ផ្សារអ៉ីអន។ នេះ​ជា​ឆ្នាំ​ទី៦​ ហើយ​ចាប់តាំងពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ២០២១ នូវភាពជាដៃគូ​ជាបន្តបន្ទាប់​រវាង​សហគ្រិន​ខ្មែរ និង​ផ្សារអ៉ីអន ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​​ក្នុង​ការគាំទ្រ​សហគ្រាស​ធុនតូច និងមធ្យម​ និង​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​ពង្រឹង​ទីផ្សារ​ក្នុងស្រុក​តាមរយៈ​ការផ្សព្វផ្សាយ​ទំនិញ​ក្នុងស្រុក។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា​ សហគ្រិនខ្មែរ គាំទ្រសហគ្រាសធុនតូច និងមធ្យម​ មិនត្រឹមតែលើការកសាងសមត្ថភាព និងការផ្តល់ហិរញ្ញប្បទានឥតសំណងនោះទេ។ កម្មវិធីទាំងនោះបានភ្ជាប់អាជីវកម្មទៅបណ្តាញចែកចាយជាមួយផ្សារទំនើប និងប្រតិបត្តិករទីផ្សារធំៗ។ ពិព័រណ៍ផលិតផលក្នុងស្រុកជាមួយផ្សារអ៉ីអននេះ បង្ហាញពីការប្ដេជ្ញាចិត្ដរបស់រដ្ឋាភិបាលក្នុងការគាំទ្រ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម។

លោក ស៊ិន ពិសី អគ្គនាយកក្រុមហ៊ុន អ៉ីអន បានឱ្យដឹងដែរថា​ ពិព័រណ៍ផលិតផលក្នុងស្រុកមានតួនាទីសំខាន់ក្នុងការពង្រឹងផលិតកម្មក្នុងស្រុក តាមរយៈការលើកទឹកចិត្ត អ្នកប្រើប្រាស់ឱ្យបន្តគាំទ្រអាជីវកម្មក្នុងស្រុក។ ជាមួយនឹងការកើនឡើងនៃតម្រូវការទំនិញក្នុងស្រុកប្រកបដោយគុណភាព ជាក់ស្ដែងពីមួយឆ្នាំទៅមួយឆ្នាំសន្ទុះនៃការគាំទ្រផលិតផលខ្មែរកាន់តែកើនឡើងយ៉ាងខ្លាំងក្លា។​

លោកបានបន្តទៀតថា​ យើងមានមោទនភាពក្នុងការចូលរួមជាចំណែកក្នុងការគាំទ្រ ក៏ដូចជាការផ្តល់នូវទីតាំងមួយដែលមានការតាំងលក់ផលិតផលក្នុងស្រុកជាច្រើនដើម្បីឲ្យអតិថិជនគ្រប់រូបបានស្គាល់ និងប្រើប្រាស់កាន់តែទូលំទូលាយ។ ពិព័រណ៍នេះឆ្លុះបញ្ចាំងពីភាពរឹងមាំ ភាពច្នៃប្រឌិត និងភាពរីកចម្រើននៃផលិតផលក្នុងស្រុក ក្នុងទីផ្សារទំនើប។

អ៉ីអន ម៉ល (ខេមបូឌា) ប្តេជ្ញាចិត្តគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដោយបង្កើតឱកាសអាជីវកម្មបន្ថែមតាមរយៈកម្មវិធីដូចជាពិព័រណ៍ផលិតផលក្នុងស្រុកនេះ។ កម្មវិធីនេះជួយផ្សារភ្ជាប់ទីផ្សារកម្ពុជាជាមួយអតិថិជនកាន់តែច្រើន លើកកម្ពស់ផលិតផលក្នុងស្រុក និងគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពរបស់អាជីវកម្មក្នុងស្រុក។ ជាមួយនឹងនេះ វាក៏ជួយបង្កើនបទពិសោធន៍នៃការទិញទំនិញ ដោយផ្តល់ជូនអតិថិជននូវជម្រើសផលិតផលដែលមានគុណភាព និងសម្បូរបែបកាន់តែច្រើន។

សាធារណជន អាចទស្សនាពិព័រណ៍ផលិតផលក្នុងស្រុក និងស្វែងរកផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ ចាប់ពីបន្លែស្រស់ៗ ផលិតផលទឹកដោះគោ និងអង្ករ រហូតដល់វត្ថុអនុស្សាវរីយ៍ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកចូលរួមក៏អាចរីករាយជាមួយការបញ្ចុះតម្លៃផ្តាច់មុខ និងមានឱកាសឈ្នះរង្វាន់គួរឱ្យរំភើប ជាមួយនឹងការទិញទំនិញនីមួយៗចាប់ពី ១៥ដុល្លារ ឬច្រើនជាងនេះ៕