ក្រុមហ៊ុន មេគង្គណិត ប្រារព្ធពិធីខួបលើកទី២០ នៃការបង្កើតឡើង ជាមួយនឹងកម្មវិធីរាត្រីសមោសរថ្លែងអំណរគុណអតិថិជន និងដៃគូអាជីវកម្ម
20-05-2026 10:39
(ភ្នំពេញ)៖ ក្រុមហ៊ុន មេគង្គណិត ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា បានប្រារព្ធពិធីខួបលើកទី២០ នៃការបង្កើតឡើងរបស់ខ្លួន ជាមួយនឹងកម្មវិធីថ្លែងអំណរគុណអតិថិជន (Customer Appreciation Gala) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon Riverside Hotel ក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះបានជួបជុំអតិថិជនដ៏មានតម្លៃ ដៃគូអាជីវកម្ម និងថ្នាក់ដឹកនាំក្នុងវិស័យបច្ចេកវិទ្យា ដើម្បីអបអរសាទរចំពោះការរីកចម្រើន នវានុវត្តន៍ និងភាពជាដៃគូដែលគួរឱ្យទុកចិត្តអស់រយៈពេលពីរទសវត្សរ៍ ដែលបានរួមចំណែកក្នុងការរៀបចំអនាគតឌីជីថលរបស់កម្ពុជា។
កម្មវិធីនេះត្រូវបានសហការរៀបចំឡើងដោយ រុមហ៊ុន អាណាណា កុំព្យូទ័រ (AnAnA Computer) និងក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដោយរាត្រីនោះបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងការគាំទ្រពីអតិថិជន ដែលបានរួមចំណែកដល់ភាពជោគជ័យជាបន្តបន្ទាប់ និងភាពជាអ្នកដឹកនាំរបស់ មេគង្គណិត នៅក្នុងវិស័យឌីជីថល និងការតភ្ជាប់អ៊ីនធឺណិត។ នៅក្នុងមតិចាប់ផ្តើមកម្មវិធី លោកជំទាវ សុខ ចាន់ដា អគ្គនាយិកានៃក្រុមហ៊ុន មេគង្គណិត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងដៃគូអាជីវកម្ម សម្រាប់ការជឿទុកចិត្ត និងការគាំទ្រជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
លោកជំទាវ សុខ ចាន់ដា មានប្រសាសន៍ថា «ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះអតិថិជនដ៏មានតម្លៃ និងដៃគូអាជីវកម្មទាំងអស់ ដែលបានផ្តល់ការជឿទុកចិត្ត ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាបន្តបន្ទាប់ដល់ មេគង្គណិត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ»។ លោកជំទាវក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុន ក្នុងការជំរុញការរីកចម្រើនផ្នែកឌីជីថលរបស់កម្ពុជា «ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ មេគង្គណិត នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាអ៊ីនធឺណិតប្រកបដោយគុណភាព និងដំណោះស្រាយឌីជីថលប្រកបដោយនវានុវត្តន៍ ដើម្បីគាំទ្រដល់អាជីវកម្ម សហគមន៍ និងការអភិវឌ្ឍន៍ឌីជីថលរបស់កម្ពុជា។ សមិទ្ធផលដែលយើងប្រារព្ធនៅថ្ងៃនេះ នឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានការគាំទ្រ និងភាពជាដៃគូដ៏រឹងមាំពីអ្នកទាំងអស់គ្នា»។
កម្មវិធីនារាត្រីនោះ ក៏មានការថ្លែង «សុន្ទរកថាស្វាគមន៍» ដោយលោក Peng Cong អនុប្រធានផ្នែកបច្ចេកវិទ្យា (Vice CTO) នៃផ្នែកផលិតផល និងដំណោះស្រាយ ICT របស់ក្រុមហ៊ុន Huawei (សហគ្រាស) សម្រាប់តំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ដែលបានចែករំលែកការយល់ដឹងអំពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងនវានុវត្តន៍ ក្នុងការជម្រុញការតភ្ជាប់ក្នុងតំបន់ និងការផ្លាស់ប្តូរអាជីវកម្មឱ្យកាន់តែលឿន។ លើសពីនេះ ក្រុមហ៊ុន Huawei ក៏បានធ្វើបទបង្ហាញក្រោមប្រធានបទ «បណ្តាញខ្សែកាបអុបទិក ជំរុញបរិវេណសាលាជំនាន់ថ្មី» (Optical Fiber Networks Powering Next-Gen Campus) ដោយកញ្ញា ឆាយ យូលីន អ្នកគ្រប់គ្រងផ្នែកផលិតផល និងដំណោះស្រាយសហគ្រាសរបស់ក្រុមហ៊ុន Huawei ដោយបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃដំណោះស្រាយបណ្តាញខ្សែកាបអុបទិកកម្រិតខ្ពស់ ក្នុងការគាំទ្រដល់បរិវេណសាលាឆ្លាតវៃ (Smart Campuses) និងបរិស្ថានឌីជីថលដែលត្រៀមរួចជាស្រេចសម្រាប់អនាគតនៅក្នុងប្រទេសកម្ពុជា។
ដើម្បីបន្ថែមលើចក្ខុវិស័យសម្រាប់អនាគត លោក Nguyen Hai Nam នាយកផ្នែកផលិតផលរបស់ក្រុមហ៊ុន មេគង្គណិត បានចែករំលែកនូវទស្សនវិស័យអំពីទិសដៅអនាគតរបស់ក្រុមហ៊ុន និងការបន្តប្តេជ្ញាចិត្តចំពោះនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការរីកចម្រើននៃភាពជាដៃគូរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងមតិបិទកម្មវិធី លោកបានផ្លាស់ប្តូរសារដ៏មានអត្ថន័យ និងលើកទឹកចិត្ត ដែលឆ្លុះបញ្ចាំងពីស្មារតីសហការ និងចក្ខុវិស័យរយៈពេលវែងរបស់ មេគង្គណិត ថា៖ «បើអ្នកដើរម្នាក់ឯង អ្នកអាចដើរបានលឿន ប៉ុន្តែបានរយៈពេលខ្លី។ ប៉ុន្តែបើអ្នកចង់ដើរឱ្យបានឆ្ងាយ ចូរធ្វើដំណើរទៅមុខជាមួយ មេគង្គណិត»។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០០៦ មេគង្គណិត បានរីកចម្រើនពីក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតឈានមុខគេមួយនៅកម្ពុជា ទៅជាដៃគូដោះស្រាយឌីជីថលដ៏គួរឱ្យទុកចិត្ត ដែលបម្រើដល់អាជីវកម្ម និងសហគមន៍នានានៅទូទាំង ២៥ ខេត្ត-ក្រុង។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា តាមរយៈការតភ្ជាប់អ៊ីនធឺណិតដែលអាចទុកចិត្តបាន និងដំណោះស្រាយបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍។
កម្មវិធីថ្លែងអំណរគុណអតិថិជននេះ មិនត្រឹមតែប្រារព្ធនូវសមិទ្ធផលរបស់ មេគង្គណិត ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំ និងរួមគ្នាជំរុញអនាគតឌីជីថលរបស់កម្ពុជាទៅមុខបន្ថែមទៀត៕

















