នាទីចុងក្រោយ! ថ្នាក់ដឹកនាំ និងសហជីពកម្មករ Samsung ចាប់ផ្ដើមការចរចាឡើងវិញជាបន្ទាន់ មុនឱសានវាទកូដកម្មធំមកដល់នៅថ្ងៃស្អែក

20-05-2026 10:53

(បរទេស)៖ វិបត្តិវិវាទការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics បានឈានដល់ដំណាក់កាលប្រកាសអាសន្ន។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ភាគីក្រុមហ៊ុន និងសហជីពកម្មករ បានត្រឡប់មកជួបជុំគ្នានៅលើតុចរចាឡើងវិញជាបន្ទាន់ ដោយមានពេលត្រឹមតែ ១ ថ្ងៃប៉ុណ្ណោះ មុនពេលកូដកម្មទ្រង់ទ្រាយធំដែលគ្រោងទុកនឹងត្រូវចាប់ផ្ដើមឡើង។

ការចរចាដ៏តានតឹងនេះត្រូវបានធ្វើឡើងក្រោមសម្ពាធយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូង និងបណ្ដាស្ថាប័នពាណិជ្ជកម្មនានា ដើម្បីបញ្ចៀសការធ្វើកូដកម្មរយៈពេល ១៨ ថ្ងៃ ពីសំណាក់កម្មករជិត ៤៨,០០០ នាក់។ កូដកម្មដ៏ធំនេះត្រូវបានគេព្រមានថា អាចនឹងវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កការរអាក់រអួលដល់ខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបនៅលើឆាកអន្តរជាតិ។

បើទោះបីជាភាគីទាំងពីរបានចំណាយពេលចរចាគ្នាយ៉ាងស្វិតស្វាញរហូតដល់ទៅជាង ១៥ ម៉ោង កាលពីថ្ងៃអង្គារក៏ដោយ ក៏ពួកគេនៅតែមិនទាន់អាចឈានទៅរកកិច្ចព្រមព្រៀងរួមមួយបាននៅឡើយ ដោយសារតែការមិនចុះសម្រុងគ្នានៅលើ ចំណុចគន្លឹះដ៏សំខាន់បំផុតមួយ។

តាមប្រភពផ្ទៃក្នុង ជម្លោះស្នូលនោះគឺស្ថិតនៅលើរចនាសម្ព័ន្ធប្រាក់រង្វាន់លើកទឹកចិត្ត (Performance Bonuses) ដោយភាគីសហជីព ទាមទារឱ្យក្រុមហ៊ុនលុបចោល «ការកំណត់ប្រាក់រង្វាន់ (ដែលបច្ចុប្បន្នកំណត់ត្រឹម ៥០% នៃប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ)» និងទាមទារឱ្យបែងចែក ១៥% នៃប្រាក់ចំណេញពីប្រតិបត្តិការរបស់ផ្នែកបន្ទះឈីបទៅឱ្យបុគ្គលិកដោយផ្ទាល់។ ចំណែកភាគីក្រុមហ៊ុនចង់រក្សាប្រព័ន្ធកំណត់ដដែល ដោយបារម្ភថា ការលុបចោលប្រាក់រង្វាន់នឹងបង្កើតជាសម្ពាធថ្លៃដើមថេរដ៏ធ្ងន់ធ្ងរនៅពេលដែលទីផ្សារឧស្សាហកម្មបន្ទះឈីបជួបការធ្លាក់ចុះ។

ទោះជាយ៉ាងណា ភាគីទាំងពីរបានយល់ព្រមបឋមលើចំណុចខ្លះៗហើយ រួមមានការដំឡើងប្រាក់បៀវត្សរ៍មូលដ្ឋានចំនួន ៧%។

សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងពឹងផ្អែកយ៉ាងខ្លាំងលើក្រុមហ៊ុន Samsung ព្រោះវាស្មើនឹងជិតមួយភាគបួន (២៥%) នៃការនាំចេញសរុបរបស់ប្រទេស។ លោកនាយករដ្ឋមន្ត្រី Kim Min-seok បានព្រមានថា ប្រសិនបើរោងចក្រផលិតបន្ទះឈីបរបស់ Samsung ត្រូវផ្អាកដំណើរការសូម្បីតែ ១ ថ្ងៃ ក៏អាចបង្កការខាតបង់ផ្ទាល់រហូតដល់ ១ ទ្រីលីនវ៉ុន (ប្រហែល ៦៦៧ លានដុល្លារ) ហើយផលប៉ះពាល់ជាបន្តបន្ទាប់អាចហក់ឡើងដល់ ១០០ ទ្រីលីនវ៉ុន ប្រសិនបើសម្ភារៈផលិតត្រូវខូចខាត។

ដើម្បីការពារការខូចខាតនេះ តុលាការស្រុក Suwon កាលពីថ្ងៃច័ន្ទបានចេញដីកាសម្រេចមួយផ្នែក ដោយបង្ខំឱ្យកម្មករប្រមាណ ៧,០៨៧ នាក់ នៅក្នុងផ្នែកសុវត្ថិភាព និងការថែទាំគុណភាពផលិតកម្ម ត្រូវតែបន្តមកធ្វើការជាធម្មតា ទោះបីជាមានកូដកម្មកើតឡើងក៏ដោយ ដើម្បីការពារកុំឱ្យខ្សែសង្វាក់ផលិតកម្មត្រូវខូចខាតទាំងស្រុង។ លើសពីនេះ រដ្ឋាភិបាលក៏កំពុងពិចារណាលើការប្រើប្រាស់អំណាច «អាជ្ញាកណ្តាលបន្ទាន់» ដែលអាចបញ្ឈប់ការធ្វើកូដកម្មជាបណ្ដោះអាសន្នរយៈពេល ៣០ ថ្ងៃភ្លាមៗផងដែរ។

ការចរចានៅព្រឹកថ្ងៃពុធនេះ ត្រូវបានគេចាត់ទុកថាជា «ឱកាសចុងក្រោយបង្អស់» ក្នុងការដោះស្រាយវិបត្តិ មុនពេលកម្មករចាប់ផ្ដើមដើរចេញពីរោងចក្រនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ស្អែកនេះ៕