តើព្រះខ័នរាជ ឬបឹងកេត ត្រូវជួបវិសាខា ក្នុងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ជាលើកទី២?

20-05-2026 11:21

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត នឹងត្រូវជួបប្រកួតកាត់សេចក្ដី នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី២ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦ នាល្ងាចថ្ងៃពុធ ទី២០ ខែឧសភានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នេះគឺជាការប្រកួតដ៏ទាក់ទាញ ក្រោយជួបគ្នាជើងទី១ ក្រុមទាំងពីរបានត្រឹមបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) កាលពីចុងខែមេសាកន្លងទៅ។ ចាំមើលរវាងស្វាយរៀង និងបឹងកេត តើក្រុមណា នឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមវិសាខា ជាលើកទី២ បន្ទាប់ពីធ្លាប់ជួបគ្នានាពេលកន្លងមក?

ព្រះខ័នរាជស្វាយរៀង គឺជាក្រុមធ្លាប់ឡើងវគ្គផ្ដាច់ព្រ័ត្រពានលំដាប់ទី២ នៅកម្ពុជានេះច្រើនជាងគេចំនួន ១០លើក ក្នុងនោះធ្លាប់ជួបវិសាខាម្ដងនៅឆ្នាំ២០២១ ដោយចាញ់វិសាខា ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៥ ក្រោយប្រកួត ១២០នាទីស្មើគ្នា ២-២។ រីឯបឹងកេត ក៏ធ្លាប់ជួបវិសាខា ម្ដងដែរនៅឆ្នាំ២០២២ តែចាញ់វិសាខា ៣-៤។

សម្រាប់ពានសម្ដេចតេជោនេះដែរ គឺជាពានចុងក្រោយដែលក្រុមទាំង៣ ត្រូវប្រជែងក្នុងរដូវកាលនេះ ពិសេសវិសាខា និងបឹងកេត ស្របពេលព្រះខ័នរាជ ក៏នឹងមិនប្រលែងឱកាសមាសនេះដែរ ទោះបីពួកគេបានគ្រងជើងឯកលីគកំពូលកម្ពុជាក៏ដោយក្ដី។ វិសាខាបានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះក្រុម ISI ដង្កោសែនជ័យ ៧-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលនេះ នឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី២៤ ខែឧសភាចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕