CEO ក្រុមហ៊ុន Nvidia មានជំនឿចិត្តថា ទីផ្សារប្រទេសចិននឹងបើកចំហរនៅពេលខាងមុខ

20-05-2026 11:26

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា លោកជឿជាក់ថាទីផ្សាររបស់ប្រទេសចិននឹងបើកចំហរចំពោះក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកបានរួមដំណើរជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន។

ក្រុមហ៊ុន Nvidia ទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការលក់បន្ទះឈីបប្រភេទ H200 របស់ខ្លួនរួចហើយ ប៉ុន្តែមិនទាន់ទទួលបានការអនុម័តពីមន្ត្រីចិននៅឡើយទេ ដោយសារបច្ចុប្បន្នភាគីចិនកំពុងជម្រុញ និងគាំទ្រដល់ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបក្នុងស្រុករបស់ខ្លួន។ ការចរចារវាងលោក Trump ជាមួយប្រធានាធិបតីចិន លោក Xi Jinping មិនទាន់បង្កើតឱ្យមានច្រកចេញភ្លាមៗណាមួយ ដើម្បីឱ្យក្រុមហ៊ុន Nvidia អាចលក់បន្ទះឈីប H200 នោះទេ។

លោក Huang បានបន្ថែមនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ Bloomberg Television ក្នុងកម្មវិធីមួយដែលរៀបចំឡើងដោយក្រុមហ៊ុន Dell ថា៖ «ការយល់ឃើញរបស់ខ្ញុំគឺថា ទីផ្សារនឹងបើកចំហរនៅពេលខាងមុខ»