Southampton ត្រូវបានទម្លាក់ចេញពីការលេងជម្រុះ ដោយសារតែសកម្មភាពលួចថតគូប្រកួតហ្វឹកហាត់
20-05-2026 11:39
(បរទេស)៖ ក្រុមបាល់ទាត់ Southampton ត្រូវបានទម្លាក់ចេញពីការលេងជម្រុះ ស្វែងរកកៅអីឡើងទៅលេងនៅ Premier League វិញ បន្ទាប់ពីប្រើចារកម្មវាយឆ្មក់លួចថតសកម្មភាពហ្វឹកហាត់របស់គូប្រជែង ដែលកំពុងឈរជើងនៅក្របខណ្ឌទី២ អង់គ្លេស Championship ដូចគ្នា។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្លិប Saints ខាងលើនេះ ត្រូវបានរកឃើញថា បានប្រើចារកម្ម ដើម្បីទៅលួចថតពីសកម្មភាពហ្វឹកហាត់របស់ក្លិប Middlesbrough មុនពេល ២ថ្ងៃដែលពួកគេត្រូវលេងជម្រុះជើងទី១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងពួកគេដែលបានយកឈ្នះ ២-១ ក្នុងម៉ោងថែមសរុបទាំង ២ជើង។
ប៉ុន្តែលទ្ធផលជ័យជមុ្នះនេះ ត្រូវបានចាត់ទុកជាមោឃៈវិញ ក្រោយរកឃើញកំហុស និងផ្តល់ឱកាសសម្រាប់ Middlesbrough ឡើងទៅលេងផ្តាច់ព្រ័ត្រដណ្តើមកៅអី PL ដែលត្រូវប៉ះ Hull City ជំនួសវិញ។
បន្ថែមពីនេះ សមាគម EFL នឹងដាក់ទណ្ឌ Southampton ជាបន្តបន្ទាប់ទៀត ក្រោយពេលរកឃើញមានជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាពលួចថតគូប្រកួតហ្វឹកហាត់ដោយមានទាំងក្លិប Oxford United និង Ipswich Town ទៀតផង។ គណៈកម្មាធិការឯករាជ្យ ក៏បានធ្វើការកាត់ ៤ពិន្ទុរបស់ Southampton នៅក្របខណ្ឌ Championship រដូវកាលក្រោយ និងប្រឈមមុខបាត់បង់ប្រាក់ចំណូលចាប់ពី ១១០លានផោនពីប្រព័ន្ធផ្សព្វផ្សាយនៅ Premier League ទៀតផង៕





