ធនាគារ ហត្ថា និងក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព សម្ពោធជាផ្លូវការ មុខងារទិញធានារ៉ាប់រងយាន្តយន្តតាមបែបឌីជីថល នៅលើកម្មវិធីទូរស័ព្ទដៃហត្ថាម៉ូបាល

20-05-2026 14:07

(ភ្នំពេញ)៖ ធនាគារ ហត្ថា និង ក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព បានប្រកាសជាផ្លូវការ ពីការសម្ពោធមុខងារទិញធានារ៉ាប់រងយាន្តយន្ត តាមបែបឌីជីថល ដែលជាដំណោះស្រាយ ធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត បច្ចុប្បន្ននេះ អតិថិជនអាចទិញធានារ៉ាប់រង បានដោយផ្ទាល់តាមរយៈកម្មវិធីហត្ថាម៉ូបាល (Hattha Mobile App)។

ការសហការនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុបែបឌីជីថលរបស់ប្រទេសកម្ពុជា ដែលអនុញ្ញាតឱ្យអតិថិជនអាចទិញធានារ៉ាប់រងយាន្តយន្ត តាមអនឡាញបានយ៉ាងងាយស្រួល ជាមួយនឹងប្រតិបត្តិការយ៉ាងរលូន ដែលអាចប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ជាមួយមុខងារថ្មីនេះ អតិថិជនអាចទទួលបានតម្លៃធានារ៉ាប់រងយានយន្តភ្លាមៗ ជាមួយនឹងឯកសារវិញ្ញាបនប័ត្រធានារ៉ាប់រងតាមប្រព័ន្ធឌីជីថល និងរីករាយជាមួយដំណើរការ ទិញធានារ៉ាប់រង កាន់តែលឿនជាងមុនតាមរយះកម្មវិធីហត្ថាម៉ូបាល (Hattha Mobile App)។

លោក Wee Mun Seng អនុប្រធាននាយកប្រតិបត្តិរបស់ធនាគារ ហត្ថា បានថ្លែងថា ការដាក់ឱ្យដំណើរការ «Hattha Digital Auto Insurance» ជាផ្លូវការនេះ បង្ហាញពីចក្ខុវិស័យរួម របស់ក្រុមហ៊ុនទាំងពីរ គឺដើម្បីគាំទ្រដល់សេដ្ឋកិច្ចបែបឌីជីថលដែលកំពុងរីកចម្រើននៅកម្ពុជា ទន្ទឹមនឹងការកែលម្អឲ្យមានភាពទូលំទូលាយនៃសេវាកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រងសម្រាប់អតិថិជននៅទូទាំងប្រទេស។

លោកក៏បានបន្ថែមថា «សេវាកម្មនេះនឹងផ្តល់បទពិសោធន៍កាន់តែងាយស្រួល រហ័ស និងសុវត្ថិភាព តាមរយៈកម្មវិធី Hattha Mobile ស្របតាមតម្រូវការរបស់អតិថិជន ក្នុងសម័យឌីជីថល»

លោក Jeffrey Chew អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព បានថ្លែងថា «ពួកយើងមានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយធនាគារ ហត្ថា ដើម្បីនាំយកសេវាកម្មធានារ៉ាប់រងយាន្តយន្តបែបឌីជីថល (Auto Insurance Digital) មកកាន់ទីផ្សារកម្ពុជា»

លោកបន្ដថា «ការដាក់ឱ្យដំណើរការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត និងផ្តោតសំខាន់លើភាពងាយស្រួល របស់អតិថិជនយើង តាមរយៈបរិវត្តកម្មឌីជីថល។ តាមរយៈការរួមបញ្ចូលសេវាកម្មធានារ៉ាប់រងទៅក្នុងធនាគារឌីជីថលប្រចាំថ្ងៃ ពួកយើងមានគោលបំណងធ្វើឱ្យធានារ៉ាប់រង កាន់តែមានភាពឆាប់រហ័ស និងមានប្រសិទ្ធភាពសម្រាប់អតិថិជនទូទាំងប្រទេស»

អតិថិជនអាចទិញធានារ៉ាប់រងយាន្តយន្តដោយផ្ទាល់តាមរយៈកម្មវិធី ហត្ថា ម៉ូបាល (Hattha Mobile App) ដោយគ្រាន់តែទាញយកកម្មវិធីនេះមកលើទូរស័ព្ទដៃ។

សម្រាប់អតិថិជនដែលមានគណនីធនាគារស្រាប់នៅធនាគារ ហត្ថា គ្រាន់តែចូលទៅក្នុងកម្មវិធីនេះហើយអាចស្វែងរកធានារ៉ាប់រងទូទៅហ្វីលីពក្រោមមុខងារ ធានារ៉ាប់រង (Insurance) ដើម្បីងាយស្រួលក្នុងការទិញកញ្ចប់ធានារ៉ាប់រងយាន្តយន្តដែលអតិថិជនពេញចិត្តគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕