ហេតុអ្វីបានជាគ្រាប់ពេជ្រលំដាប់កំពូល និងជាសហស្ថាបនិក OpenAI សម្រេចចិត្តចាកចេញ និងមកចូលរួមជាមួយគូប្រជែងវិញ?
20-05-2026 16:01
(បរទេស)៖ ពិភពបច្ចេកវិទ្យា AI បន្តកក្រើកខ្លាំងម្តងទៀតនៅសប្ដាហ៍នេះ បន្ទាប់ពីលោក Andrej Karpathy ដែលជាសហស្ថាបនិកដ៏ល្បីល្បាញរបស់ OpenAI និងជាអតីតប្រធានផ្នែក AI របស់ក្រុមហ៊ុន Tesla បានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ថា លោកបានសម្រេចចិត្តចូលរួមជាមួយក្រុមហ៊ុន Anthropic ដែលជាគូប្រជែងលំដាប់ផ្កាយប្រាំរបស់ OpenAI។
ការរត់ទៅរកខាងគូប្រជែងពីសំណាក់បុគ្គលិកកម្រិតនិមិត្តរូប និងជាអ្នកបង្កើតពាក្យសព្ទដ៏ល្បីល្បាញ «Vibe Coding» រូបនេះ មិនមែនជារឿងចៃដន្យឡើយ។ ខាងក្រោមនេះគឺជាការវិភាគអំពីមូលហេតុយុទ្ធសាស្ត្រចម្បងទាំង ៣ ដែលនៅពីក្រោយការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ៖
១. មហិច្ឆតានៃការបង្កើត «AI កែប្រែខ្លួនឯង»៖ មូលហេតុបច្ចេកទេសដ៏ធំបំផុតដែលទាក់ទាញ Karpathy គឺភារកិច្ចថ្មីរបស់លោកនៅ Anthropic។ លោកនឹងដឹកនាំក្រុមការងារពិសេសមួយនៅក្នុងផ្នែក Pre-training គឺការបង្ហាត់ AI ដំណាក់កាលដំបូង ដោយផ្ដោតលើការ «ប្រើប្រាស់ AI ឱ្យទៅបង្ហាត់ AI» ជំនាន់ក្រោយឱ្យកាន់តែខ្លាំង។ វិធីសាស្ត្រនៃការឱ្យ AI បង្រៀន AI និងកែប្រែសមត្ថភាពខ្លួនឯងឱ្យកើនឡើងជាលក្ខណៈទ្វេគុណ គឺជាផ្ទាំងស៊ីបដ៏ធំ ដែលអ្នកវិទ្យាសាស្ត្រកំពូលៗចង់សម្រេចឱ្យបាន ហើយ Anthropic ហាក់ដូចជាកំពុងផ្ដល់បរិស្ថានស្រាវជ្រាវដ៏ល្អបំផុតសម្រាប់រូបលោកក្នុងការធ្វើតេស្តទ្រឹស្ដីនេះ។
២. ការរត់រក «វប្បធម៌ស្រាវជ្រាវសុទ្ធសាធ» និងការរត់គេចពី Sam Altman៖ វាលែងជាការសម្ងាត់ទៀតហើយដែលថា វប្បធម៌ការងារនៅ OpenAI ក្រោមការដឹកនាំរបស់លោក Sam Altman បានប្រែប្រួលយ៉ាងខ្លាំង ដោយងាកទៅរក «ការធ្វើពាណិជ្ជកម្មហួសហេតុ» និងការប្រញាប់ប្រញាល់បញ្ចេញផលិតផលដើម្បីយកលុយ។ ផ្ទុយទៅវិញ Anthropic (ដែលបង្កើតឡើងដោយអតីតអ្នកស្រាវជ្រាវ OpenAI ដូចគ្នា) តែងតែរក្សាជំហរជា «មន្ទីរពិសោធន៍សុវត្ថិភាព និងស្រាវជ្រាវសុទ្ធសាធ»។ ការប្រកាសរបស់ Karpathy ដែលបញ្ជាក់ថា លោកចង់ «ត្រឡប់មកធ្វើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ពិតប្រាកដវិញ» ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា លោកពេញចិត្តនឹងវប្បធម៌វិទ្យាសាស្ត្ររបស់ Anthropic ជាងការធ្វើជំនួញនៅ OpenAI។
៣. ឥទ្ធិពលដ៏ខ្លាំងក្លានៃបច្ចេកវិទ្យា «Claude Code»៖ មូលហេតុចុងក្រោយគឺការលង់ស្នេហ៍លើផលិតផលផ្ទាល់ខ្លួន។ កាលពីពេលថ្មីៗនេះ Karpathy បានបង្ហើបថា លោកបានធ្លាក់ចូលទៅក្នុងស្ថានភាព «AI Psychosis ឬ ការជក់ចិត្តនឹង AI ខ្លាំងហួសហេតុ» ដោយសារតែការស្រឡាំងកាំងនឹងសមត្ថភាពរបស់កម្មវិធី Claude Code ក្នុងការសរសេរកូដ និងរៀបចំប្រព័ន្ធស្វ័យប្រវត្តិ។ ការមើលឃើញពីសក្ដានុពលដ៏មហិមានៃប្រព័ន្ធរៀបចំកូដ (Agentic AI for Coding) របស់ Anthropic បានធ្វើឱ្យលោកយល់ឃើញថា ទីនេះគឺជាកន្លែងដែលឈានមុខគេពិតប្រាកដនៅក្នុងយុគសម័យបន្ទាប់នៃទម្រង់ភាសាខ្នាតធំ (LLM Frontier)៕









