Aston បំបាក់ក្រុមអាល្លឺម៉ង់ Freiburg ៣-០ ដើម្បីគ្រងជើងឯក Europa League 2026 ក្រោយរង់ចាំអស់ ៣០ឆ្នាំ

21-05-2026 09:50

(បរទេស)៖ ក្រុមបាល់ទាត់ Aston Villa របស់អង់គ្លេស បានគ្រងតំណែងជើងឯកពាន UEFA Europa League 2025-26 ក្រោយយកឈ្នះ Freiburg ដោយស្រួលក្នុងលទ្ធផល ៣ទល់នឹង០ នាយប់មិញនេះពីក្នុងវគ្គផ្តាច់ព្រ័ត្រនៅប្រទេសតួកគីយ៉េ។

នេះមានន័យថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Unai Emery បានដឹកនាំឈ្នះជើងឯកពានលំដាប់ទី២ អឹរ៉ុបនេះ គម្រប់ ៥លើកហើយ ក្នុងចំណោមឈានមកដល់ផ្តាច់ព្រ័ត្រ ៦លើក ដោយរួមមានឈ្នះ ៣លើកជាប់ៗគ្នាជាមួយ Sevilla និង ២លើកផ្សេងទៀតជាមួយ Villarreal និងចុងក្រោយ Aston ដោយបរាជ័យ ១លើកតែប៉ុណ្ណោះជាមួយ កាំភ្លើងធំ Arsenal។

នេះជាការសម្រេចក្តីស្រមៃក្នុងការឈ្នះពានធំសម្រាប់ Aston ក្រោយរង់ចាំអស់ ៣០ឆ្នាំ និងក្នុងរយៈពេលដឹកនាំ ៣ឆ្នាំ កន្លះផងដែររបស់លោក Emery ក្នុងកីឡដ្ឋាន Villa Park ដែលឈរជើងក្នុងលីគកំពូលអង់គ្លេសបច្ចុប្បន្ន Premier League។

តាមរយៈលទ្ធផលឈ្នះដោយស្រួលស្ថិតក្នុងទីក្រុង Istanbul នារាត្រីឆ្លងចូលព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា (ម៉ោងនៅកម្ពុជា) វាដូចគ្នាទៅផ្តាច់ព្រ័ត្រ UEL 2024-25 ដែលក្រុមលេងមិនចាញ់ក្នុងលីគ Bundesliga របស់អាល្លឺម៉ង់ Bayer Leverkusen ស្ថិតក្រោមការដឹកនាំរបស់លោក Xabi Alonso បានចាញ់ Atalanta របស់អ៉ីតាលី ៣-០ នេះដែរ។

តាមរយៈជ័យជម្នះនេះ មានន័យថាក្រុមអង់គ្លេសនឹងមានកៅអីលេងវគ្គ Group Phase កើនឡើងថែមទៀតលើសពី៥ក្រុមនៅពានលំដាប់ទី១ UEFA Champions League រដូវកាលក្រោយ ដ្បិត Aston បានធានាកៅអីរួចរាល់ហើយ ក្រោយឈ្នះ Liverpool ៤-២ នៅ Premier League កាលសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ BBC៕