លោក Jensen Huang ប្រកាសរកឃើញទីផ្សារថ្មីតម្លៃ ២០០ពាន់លានដុល្លារ សម្រាប់ Nvidia តាមរយៈបន្ទះឈីប «Vera CPU»
21-05-2026 10:07
(បរទេស)៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានប្រកាសជាផ្លូវការអំពីការរកឃើញទីផ្សារដ៏មានសក្តានុពលថ្មីស្រឡាងមួយដែលមានតម្លៃរហូតដល់ ២០០ពាន់លានដុល្លារ ដែលជាទីផ្សារមិនធ្លាប់មានពីមុនមកសម្រាប់ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាមួយនេះ។ ឱកាសមាសដ៏ធំសម្បើមនេះ គឺផ្អែកទៅលើការដាក់ពង្រាយបន្ទះឈីបប្រភេទ CPU ជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា «Vera» ដែលទើបតែត្រូវបានដាក់បង្ហាញកាលពីខែមីនាកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tech Crunch នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
យោងតាមការថ្លែងនៅក្នុងកិច្ចប្រជុំរបាយការណ៍ហិរញ្ញវត្ថុ លោក Jensen Huang បានពន្យល់ថា ខណៈពេលដែលការគណនា និង ការគិតរបស់ប្រព័ន្ធ AI ត្រូវពឹងផ្អែកលើបន្ទះឈីប GPU (ដែលជាចំណុចខ្លាំងរបស់ Nvidia) ប៉ុន្តែសម្រាប់ភ្នាក់ងារ AI (AI Agents) ដែលត្រូវបំពេញភារកិច្ច និងធ្វើសកម្មភាពផ្សេងៗ គឺត្រូវដំណើរការនៅលើ CPU។ លោកបានសង្កត់ធ្ងន់ថា៖ «Vera គឺជា CPU ដំបូងគេបង្អស់នៅលើពិភពលោក ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ Agentic AI និង Physical AI ផ្នែករ៉ូបូត» ដោយវាមានសមត្ថភាពដំណើរការទិន្នន័យ (Tokens) បានលឿនបំផុត បើធៀបនឹងស្ថាបត្យកម្ម CPU បែបប្រពៃណី។
ទោះបីជាទីផ្សារនេះទើបតែចាប់ផ្ដើម ហើយមានការប្រកួតប្រជែងខ្លាំងពីដៃគូដូចជា Amazon, Intel និង AMD ក៏ដោយ ក៏បច្ចុប្បន្ន Nvidia សម្រេចបាននូវការលក់ដាច់ដោយឡែកសម្រាប់ឈីប Vera នេះរហូតដល់ ២០ពាន់លានដុល្លាររួចទៅហើយនៅក្នុងឆ្នាំនេះ។
លោក Huang បានព្យាករណ៍ពីចក្ខុវិស័យទៅថ្ងៃអនាគតថា ពិភពលោកនឹងមាន «ភ្នាក់ងារ AI រាប់ពាន់លាន» ដើរតួដូចជាមនុស្សម្នាក់ៗប្រើប្រាស់កុំព្យូទ័រ PC នៅថ្ងៃនេះដែរ ដែលវានឹងធ្វើឱ្យតម្រូវការឈីប CPU កើនឡើងយ៉ាងគំហុក។
ស្របពេលជាមួយគ្នានេះ Nvidia ក៏បានបង្ហាញពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ ដោយបំបែកកំណត់ត្រាចំណូលក្នុងមួយត្រីមាសរហូតដល់ ៨១.៦ ពាន់លានដុល្លារ និងបានព្យាករណ៍ថានឹងកើនឡើងដល់ ៩១ពាន់លានដុល្លារនៅត្រីមាសបន្ទាប់ ដែលសញ្ជាក់ថា ក្រុមហ៊ុននៅតែបន្តឈរលើតំណែងកំពូលនៃបដិវត្តន៍ AI ពិភពលោក៕








