ព្រះខ័នរាជ ឡើងវគ្គផ្ដាច់ព្រ័ត្រលើកទី១១ ខណៈបឹងកេត ធ្លាក់ត្រឹមវគ្គ ១/២ លើកទី៦ នៃពានសម្ដេចតេជោ ហ៊ុន សែន

21-05-2026 10:25

(ភ្នំពេញ)៖ ទីបំផុតក្លិបព្រះខ័នរាជស្វាយរៀង បានបន្ថែមកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ១លើកទៀតហើយ ក្រោយយកឈ្នះក្រុមបឹងកេត ដោយលទ្ធផល ៣-២ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(ជើងទី២) សម្រាប់យុទ្ធនាការប្រកួតពានថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥/២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីរាត្រីថ្ងៃពុធកន្លងទៅ។

ជំនួបកាត់សេចក្ដីនេះ បានបញ្ចប់ដោយភាពតានតឹង ក្រោយចំណាយពេលរហូតដល់ ១២០នាទី។ វគ្គទី១ កីឡាករ Major Bevan បានរកគ្រាប់នាំមុខឲ្យបឹងកេត ១គ្រាប់មុននៅនាទីទី២០ ខណៈចូលវគ្គទី២ មិនបាន ៥នាទីស្រួលបួលផង ព្រះខ័នរាជក៏បានតាមស្មើវិញ ដោយការតែតបញ្ចប់ទីពីកីឡាករ Takashi Odawara នៅនាទី៥០ ហើយលទ្ធផលនេះក៏បានរក្សាដល់ចប់ ៩០នាទី និងឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដង។

ចូលដល់ម៉ោងបន្ថែម ព្រះខ័នរាជស្វាយរៀង ក៏បានព្យាយាមដាក់សម្ពាធកាន់តែខ្លាំង រហូតរកបាន ២គ្រាប់នាំមុខលើក្រុមភ្ញៀវវិញ ដោយកីឡាករ Patrick Robson នៅនាទី៩៩ និងនាទី១០៩ មុនកីឡាករ Bento វាយបកបានគ្រាប់ទី២ ឲ្យបឹងកេត នៅនាទី១១៦ និងបង្កើនការវាយសម្រុកកាន់តែខ្លាំង តែពួកគេមិនអាចរារាំងដំណើរឡើងវគ្គផ្ដាច់ព្រ័ត្ររបស់អតីតក្រុមជើងឯក ៥សម័យនេះបានឡើយ ក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ព្រះខ័នរាជស្វាយរៀងយកឈ្នះ ៣-២។ សរុបទាំង ២ជើង ព្រះខ័នរាជស្វាយរៀង បានយកឈ្នះបឹងកេត ៤-៣។

នេះជាលើកទី១១ ក្នុងប្រវត្តិសាស្ដ្ររបស់ស្វាយរៀង ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំចំនួន ១៩លើក (ជិត ២ទសវត្សរ៍) កន្លងមក គ្រាដែលបឹងកេតបានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាលើកទី៦ ក្នុងប្រវត្តិចូលរួមប្រកួតពាននេះចំនួន ១៤លើកចុងក្រោយ។ ពួកគេបានឡើងវគ្គ ៤ក្រុមចុងក្រោយសរុបចំនួន ៨លើក និងមាន ២លើក ដែលក្រុមនាគខៀវបានឆ្លងផុតឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយមាន ១លើកប៉ុណ្ណោះ ដែលបឹងកេត បានគ្រងជើងឯកកាលពីឆ្នាំ២០១៩។

សម្រាប់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៤ ខែឧសភាចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះជាលើកទី២ ហើយដែលក្រុមទាំងពីរ បានជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ដ៏ធំលំដាប់ទី២ នៅកម្ពុជានេះ បន្ទាប់ពីធ្លាប់ជួបគ្នាកាលពីឆ្នាំ២០២១ វិសាខាបានយកឈ្នះ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ ក្រោយប្រកួត ១២០នាទីស្មើគ្នា ២-២។ ដូច្នេះចាំមើលតើរដូវកាលនេះ ព្រះខ័នរាជស្វាយរៀង ឬវិសាខា នឹងក្លាយជាជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ជាតិ) ឆ្នាំ២០២៥/២៦?