SpaceX គ្រោងបាញ់បង្ហោះរ៉ុក្កែត ១ម៉ឺនដងក្នុងមួយឆ្នាំ ខណៈ FAA ដាក់លក្ខខណ្ឌរឿងសុវត្ថិភាព
21-05-2026 10:41
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាលំហអាកាស SpaceX របស់មហាសេដ្ឋី Elon Musk បានបង្ហាញចក្ខុវិស័យប្រាំឆ្នាំដ៏គួរឱ្យភ្ញាក់ផ្អើល គឺការឈានទៅសម្រេចការបាញ់បង្ហោះរ៉ុក្កែតឱ្យបាន ១០,០០0 ដងក្នុងមួយឆ្នាំ។ ផែនការដ៏មហិច្ឆតានេះ ត្រូវបានទម្លាយឱ្យដឹងដោយលោក Bryan Bedford ប្រធានរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បន្ទាប់ពីជំនួបពិភាក្សាជាមួយលោកស្រី Gwynne Shotwell ប្រធានក្រុមហ៊ុន SpaceX។ ការណ៍នេះបានក្លាយជាប្រធានបទក្តៅ ព្រោះកាលពីឆ្នាំ ២០២៥ កន្លងទៅ ក្រុមហ៊ុននេះទើបតែសម្រេចបានការបាញ់បង្ហោះចំនួន ១៧០ ដងប៉ុណ្ណោះ (ដោយដាក់ពង្រាយផ្កាយរណបបានប្រហែល ២,៥០០ គ្រឿង)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងាររដ្ឋាភិបាល FAA ដែលជាអ្នកគ្រប់គ្រង និងផ្តល់អាជ្ញាប័ណ្ណហោះហើរ បានបង្ហាញជំហរថារឿងនេះមិនអាចអនុម័តភ្លាមៗឡើយ ប្រសិនបើ SpaceX មិនទាន់អាចបង្ហាញពីសុវត្ថិភាព និងភាពជឿជាក់ខ្ពស់ជាងនេះទេ ព្រោះរាល់ការបាញ់បង្ហោះម្តងៗ តែងតែរំខានដល់ផ្លូវហោះហើររបស់យន្តហោះដឹកអ្នកដំណើរ។ លោក Bedford បានបញ្ជាក់ច្បាស់ៗទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖ «យើងចាំបាច់ត្រូវមើលឃើញពីភាពជឿជាក់ខ្លាំងជាងនេះបន្ថែមទៀត។ យើងបានជជែកគ្នាយ៉ាងត្រង់ទៅត្រង់មក ដោយយើងនឹងត្រូវជំរុញខ្លួនយើង ហើយពួកគេក៏នឹងត្រូវជំរុញភាពជឿជាក់របស់ពួកគេផងដែរ។»
ស្របពេលជាមួយគ្នានេះ នាយកប្រតិបត្តិ (CEO) SpaceX លោក Elon Musk ក៏បានបង្ហើបក្នុងបទសម្ភាសន៍ជាមួយ Forbes ដែរថា បច្ចុប្បន្នក្រុមហ៊ុនមានផ្កាយរណប ១០,០០០ គ្រឿងនៅក្នុងគន្លងតារាវិថីរួចហើយ ហើយគោលដៅបន្ទាប់គឺចង់បាញ់បង្ហោះផ្កាយរណបទំនាក់ទំនងឱ្យបាន ១០,០០០ គ្រឿងក្នុងមួយឆ្នាំ ទោះបីជាមិនទាន់កំណត់ពេលវេលាជាក់លាក់ក៏ដោយ។
ទោះបីជាមានការរឹតបន្តឹងផ្នែកច្បាប់ និងការត្រួតពិនិត្យហានិភ័យយ៉ាងតឹងរ៉ឹងក្តី លោក Bedford បានសារភាពថា FAA មិនមែនជាឧបសគ្គរាំងស្ទះដល់ការបង្កើតថ្មីក្នុងវិស័យលំហអាកាសនាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែវាអាចទៅរួចនៅពេលអនាគត ប្រសិនបើរដ្ឋាភិបាលមិនផ្តល់កញ្ចប់ថវិកាគ្រប់គ្រាន់ដល់ក្រុមការងារផ្នែកលំហអាកាសរបស់ FAA។ ការប្រញាប់ប្រញាល់សម្របសម្រួលផ្លូវច្បាប់នេះ ធ្វើឡើងស្របពេលដែលប្រធានាធិបតី Donald Trump ចង់នាំអាមេរិកទៅដល់ព្រះច័ន្ទឱ្យបានមុនឆ្នាំ ២០២៨។
គួរបញ្ជាក់ថា មហិច្ឆតាចុងក្រោយរបស់ SpaceX គឺរឹតតែធំធេង ពោលគឺក្រុមហ៊ុនបានប្រកាសកាលពីខែមករាថា ខ្លួនចង់បង្កើតបណ្តាញផ្កាយរណបរហូតដល់ ១ លានគ្រឿង ដែលនឹងធ្វើដំណើរជុំវិញភពផែនដី ដើម្បីទាញថាមពលពីព្រះអាទិត្យមកផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI Data Centers) របស់ខ្លួននៅពេលអនាគត៕













