ភ្ញាក់ផ្អើល! ក្រុមស្រ្តីកូរ៉េខាងជើង ផ្តួលម្ចាស់ផ្ទះកូរ៉េខាងត្បូង ឡើងវគ្គផ្តាច់ព្រ័ត្រ Asian Champions League

21-05-2026 10:57

(សេអ៊ូល)៖ ក្រុមបាល់ទាត់ស្រ្តី Naegohyang របស់កូរ៉េខាងជើង បានទម្លាក់គូប្រជែងស្រ្តី Suwon ដោយលទ្ធផល ២-១ ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់មិញ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្លិបជើងឯកស្រ្តីប្រចាំទ្វីបអាស៊ី Asian Champions League 2025-26 ជាប្រវត្តិសាស្រ្ត។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមមកពីទីក្រុងព្យុងយ៉ាងមួយនេះ ធ្លាប់បានបំបាក់ Suwon មកពីសេអ៊ូល ដោយលទ្ធផល ៣ទល់នឹង០ ម្តងរួចមកហើយកាលពីលេងវគ្គចែកពូល ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា។

នេះជាលើកដំបូងសម្រាប់ប្រទេសមានព្រំប្រទល់ជាប់គ្នាក្នុងឧបទ្វីបកូរ៉េ នៅពេលអត្តពលិកកូរ៉េខាងជើងឆ្លងទៅប្រកួតនៅកូរ៉េខាងត្បូង គិតចាប់ពីឆ្នាំ២០១៨ ដ្បិតប្រទេសទាំងពីរបានបែកបាក់គ្នាដោយសារសង្រ្គាម និងបរាជ័យក្នុងការ ចុះកិច្ចសន្យាសន្តិភាពចាប់តាំងពីឆ្នាំ១៩៥៣ មក។

ក្រុមបាល់ទាត់ស្រ្តីនៃក្លិប Naegohyang ដែលមានកីឡាការិនីសរុប ២៧នាក់ និងមន្រ្តីកីឡា ១២រូបផងនោះ នឹងបន្តស្នាក់នៅទីក្រុង Seoul ទៀត ដើម្បីលេងផ្តាច់ព្រ័ត្រដណ្តើមពាន Women’s Asian Champions League 2026 ទល់នឹង Tokyo Verdy របស់ជប៉ុននាថ្ងៃសៅរ៍ ទី២៣ ខែឧសភាចុងសប្តាហ៍នេះ នៅកីឡដ្ឋានដដែល៕