ក្រុមហ៊ុន X របស់ Elon Musk ចាញ់ក្តីអូស្ត្រាលី រឿងលាក់ព័ត៌មានការពារកុមារ និងរងការផាកពិន័យធ្ងន់ករ

21-05-2026 11:10

(បរទេស)៖ ក្រុមហ៊ុនបណ្តាញសង្គម X (អតីត Twitter) របស់មហាសេដ្ឋី Elon Musk បានសម្រេចបញ្ចប់សមរភូមិផ្លូវច្បាប់រយៈពេលជិត ៣ ឆ្នាំ ដោយព្រមសារភាពកំហុសក្នុងតុលាការសហព័ន្ធអូស្ត្រាលី ចំពោះការបំពានច្បាប់សុវត្ថិភាពអនឡាញ។ ជម្លោះនេះបានផ្ទុះឡើងតាំងពីខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីស្ថាប័នគ្រប់គ្រងសុវត្ថិភាពអ៊ីនធឺណិត (eSafety) បានផាកពិន័យក្រុមហ៊ុននេះ ដោយសារការខកខាន និងឆ្លើយតបមិនគ្រប់គ្រាន់ទៅនឹងសំណួរប្រមាណ ២៥ សំណួរ ពាក់ព័ន្ធនឹងវិធានការប្រឆាំងការកេងប្រវ័ញ្ចលើកុមារ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

ដំបូងឡើយ ក្រុមហ៊ុន X Corp បានព្យាយាមដោះសារបដិសេធមិនព្រមបង់ប្រាក់ពិន័យ ដោយយកលេសថាខ្លួនបានប្តូរឈ្មោះក្រុមហ៊ុនថ្មី បន្ទាប់ពីលោក Musk ទិញយកក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ។ ប៉ុន្តែល្បិចនេះមិនអាចទៅរួចឡើយ ដោយនៅក្នុងសវនាការ លោក Christopher Tran មេធាវីតំណាងឱ្យស្ថាប័ន eSafety បានទម្លាយច្បាស់ៗថា៖ «ចុងចោទបានសារភាពថាខ្លួនបានបំពានច្បាប់។ វាមានការមិនអនុលោមតាមច្បាប់ជាបន្តបន្ទាប់ក្នុងរយៈពេលប្រហែល ៣៨ ថ្ងៃ»

ជាលទ្ធផល ចៅក្រម Michael Wheelahan បានសម្រេចដំឡើងប្រាក់ពិន័យដល់ ៦៥០,០០០ ដុល្លារអូស្ត្រាលី និងបង្គាប់ឱ្យក្រុមហ៊ុន X បង់ប្រាក់ ១០០,០០០ ដុល្លារអូស្ត្រាលីបន្ថែមទៀត លើថ្លៃចំណាយផ្លូវច្បាប់របស់រដ្ឋាភិបាល។ លោក Perry Herzfeld មេធាវីរបស់ក្រុមហ៊ុន X បានដោះសារការពារកូនក្តីថា ជម្លោះនេះបណ្តាលមកពី «បញ្ហាជាប្រវត្តិសាស្ត្រទាក់ទងនឹងពេលវេលានៃការផ្តល់ព័ត៌មាន» ក្នុងអំឡុងពេល «នៃដំណាក់កាលផ្លាស់ប្តូរ និងអន្តរកាលរបស់ក្រុមហ៊ុន»

ទោះជាយ៉ាងណា ភាគីខាងរដ្ឋាភិបាលអូស្ត្រាលីបានសង្កត់ធ្ងន់ថា ទង្វើរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ គឺជារឿងដែលមិនអាចទទួលយកបាន។ លោក Christopher Tran បានបញ្ជាក់បន្ថែមទៅកាន់តុលាការថា៖ «ការមិនផ្តល់ព័ត៌មាននៅពេលមានការស្នើសុំពីស្ថាប័នគ្រប់គ្រង គឺជារបាំងរាំងស្ទះដល់ស្ថាប័នគ្រប់គ្រងក្នុងពេលបំពេញការងាររបស់ខ្លួន»

គួរជម្រាបថា ការបិទសំណុំរឿងនេះ បានជួយដោះស្រាយបញ្ហាចាក់ស្រែះសម្រាប់ X មុនពេលដែលក្រុមហ៊ុននេះត្រូវដាក់បញ្ចូលទៅក្នុងក្រុមហ៊ុន SpaceX ដើម្បីត្រៀមខ្លួនបោះផ្សាយលក់មូលបត្រជាសាធារណៈ (IPO) ក្នុងតម្លៃរាប់ពាន់លានដុល្លារ ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ៕